ភ្នំពេញ៖ អភិបាលរងរាជធានី បានក្រើនរំលឹកដល់អ្នកបើកឡានក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងពេលបើកបរ និងការបើកបរទៀតសោតត្រូវមានសុជីវធម៌ និងគោរពច្បាប់ចរាចរណ៍ ខណៈដែលអាយុជីវិតអ្នកជិះក្នុងឡានទាំងអស់ គឺផ្ញើលើអ្នកបើកបរតែម្នាក់គត់។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានក្រើនរំលឹកយ៉ាងដូចនេះ ដល់បងប្អូនដែលជាអ្នកបើកបររថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងអស់ ក្នុងពេលជួបសំណេះសំណាលផ្ទាល់ជាមួយលោក នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី 25 ខែកញ្ញានេះ មុននឹងបងប្អូន ដែលជាអ្នកបើកបររថយន្តក្រុង នៅព្រឹកស្អែកនេះ ត្រូវបំពេញការងារ ក្នុងការបើករថយន្តក្រុង ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងត្រឡប់ពីបណ្តាខេត្តមករាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយមិនគិតប្រាក់ រយៈពេល 5ថ្ងៃ ដែលជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានបញ្ជាក់បន្ថែមទៀតថា សូមបងប្អូនដែលជាអ្នកបញ្ជារថយន្តត្រូវចាត់ទុក បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានធ្វើដំណើរតាមរថយន្តរបស់យើង ឲ្យដូចជាសមាជិកក្រុមគ្រួសារយើង ដោយត្រូវផ្តល់ឲ្យពួកគាត់សុខទាំងផ្លូវកាយផង សុខទាំងផ្លូវចិត្តផង គឺបានន័យថា ផ្តល់សុខសុវត្ថិភាព ក្នុងការធ្វើដំណើរជូនពួកគាត់ហើយ និងផ្តល់ទាំងការសប្បាយចិត្ត ក្តីរីករាយជូនពួកគាត់ផង ដោយជៀសវៀងការប្រើនូវកាយវិកា និងសម្តីសម្តៅដែលមិនសមរម្យចំពោះគាត់ ពេលដែលគាត់មកទទួលសេវារបស់យើង។
សូមបញ្ជាក់ថា ឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន ផ្តល់តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ នូវការជួយសម្រួលដល់បងប្អូន ប្រជាពលរដ្ឋក្នុងការទៅលេងស្រុកកំណើត ដោយបានបញ្ចេញឡានក្រុងរដ្ឋចំនួន 120គ្រឿង សម្រាប់បងប្អូនធ្វើដំណើរដោយមិនយកប្រាក់រយៈពេល 5ថ្ងៃ គឺពីថ្ងៃទី 26ស្អែកនេះ ដល់ថ្ងៃទី 30 ខែកញ្ញា បន្ទាប់ពីបុណ្យភ្ជុំបិណ្យបានបញ្ចប់ ៕ដោយ៖កូឡាប