ខេត្តស្វាយរៀង:លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តនៅព្រឹកថ្ងៃអាទិត្យ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៩នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខា ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដែលរងគ្រោះកាលពីល្ងាចថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៩ នៅភូមិក្តីស្លា ឃុំស្វាយយា ខូចខាតទាំងស្រុង ៣ ខ្នង មធ្យម ៣ ខ្នង ស្រាល ១០ ខ្នង នៅភូមិចំបក់គុយ ឃុំកំពង់ចំឡង ខូចខាតមធ្យម ១ ខ្នង សរុបចំនួន ១៧ ខ្នង និង បណ្តាលឲ្យរបួសមនុស្ស ៧ នាក់ ស្លាប់១ នាក់ បច្ចុប្បន្នអ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ។
ក្នុងឱកាសនោះលោកស្រី ដួង វណ្ណា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ហើយចូលរួមសោកស្តាយចំពោះ ការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង ដែលបង្កដោយគ្រោះធម្មជាតិ ដែលយើងនឹកស្មានមិនដល់ ។ ជាមួយគ្នានេះដែរ លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀង ខ្យល់បក់បោកខ្លាំង ត្រូវរកកន្លែងដែលមានសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ។
អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះរបួសធ្ងន់៖ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០.០០០ រៀល ។
គ្រួសាររងគ្រោះមធ្យម ៖ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០.០០០ រៀល ។ គ្រួសាររងគ្រោះស្រាល ថវិកា ៥០.០០០ រៀល អ្នករបួសធ្ងន់ ៦ នាក់ ក្នុងម្នាក់ថវិកា ៦០០.០០០ រៀល របួសស្រាល ១ នាក់ថវិកា ១០០.០០០ រៀល ចូលបុណ្យដល់គ្រួសារសព អង្ករ ៥០ គីឡូក្រាម ទេយ្យទាន ១ ឈុត ទឹកសុទ្ធ ១ កេស ទឹកក្រូច ១ កេស និងថវិកា ១.២០០.០០០ រៀល ។
ក្នុងពេលចែកអំណោយនេះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួម តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តថវិកា ១.៧០០.០០០ រៀល លោក ហង្ស វិចិត្រ ថវិកា ១.៤០០.០០០ រៀលលោក ចាន់ ស៊ីណូ ថវិកា ២៥០.០០០ រៀល ដោយ៖ វ៉ៃកូ