Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា រំពឹងថា កំណើន​នឹង​បន្ត​កើន​ក្នុង​រង្វង់ ៧,១% ដែលជា​កម្រិត​ខ្ពស់​នៅក្នុង​តំបន់​

​ភ្នំពេញ ​៖ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា បាន​ជម្រាបជូន​ក្រុម​បេសកកម្ម​មាត្រា IV របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) អំពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​នាពេល​កន្លងមក ជាពិសេស​នៅ​ឆ្នាំ​២០១៨ ដែល​កម្ពុជា​សម្រេចបាន​ក្នុង​អត្រា ៧,៥% ហើយ​នៅ​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​រំពឹងថា កំណើន​នឹង​បន្ត​កើន​ក្នុង​រង្វង់ ៧,១% ដែលជា​កម្រិត​ខ្ពស់​នៅក្នុង​តំបន់​។​

​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា មាន​សុខភាព​ល្អប្រសើរ និង​បានរួម​ចំណែក​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

​លោក​បញ្ជាក់ទៀតថា ធនាគារជាតិ​នៃ​កម្ពុជា បាន​ពង្រឹង​ការត្រួតពិនិត្យ និង​បទ​ប្បញ្ញត្តិ​ជាមួយនឹង​ការដាក់ចេញ​បន្តបន្ទាប់ នូវ​គោលនយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន ការបោះ​ផ្សាយ​របាយការណ៍ ស្ថិរភាព​ហិរញ្ញវត្ថុ និងពង្រឹងបណ្តាញ​ការពារ​ស្ថិរភាព​ធនាគារ ឱ្យបាន​រឹងមាំ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ក្រុម​បេសកកម្ម​មាត្រា IV របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​ដឹកនាំ​ដោយ លោក Jarkko Turunen ប្រធាន​ក្រុម​បេសកកម្ម​សម្រាប់​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។ បេសកកម្ម​មាត្រា IV ត្រូវបាន IMF ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​សម្រាប់​ប្រទេស​ជា​សមាជិក ដើម្បី​ពិនិត្យ​និង​តាមដាន​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា និង​ផ្តល់​អនុសាសន៍​សម្រាប់​ការអនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​។​

​លោក ទេសាភិបាល បាន​ជម្រាបជូន គណៈប្រតិភូ​អំពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​នាពេល​កន្លងមក ជាពិសេស​នៅ​ឆ្នាំ​២០១៨ ដែល​កម្ពុជា​សម្រេចបាន​ក្នុង​អត្រា ៧,៥%​។ នៅ​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​រំពឹងថា កំណើន​នឹង​បន្ត​កើន​ក្នុង​រង្វង់ ៧,១% ដែលជា​កម្រិត​ខ្ពស់​នៅក្នុង​តំបន់​។ ទន្ទឹមនេះ ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថិរភាព​ល្អប្រសើរ ដោយ​អតិផរណា​នៅ​ឆមាស​ទី​១ មាន​អត្រា ១,៩% ហើយ​រំពឹងថា​មាន​កម្រិត ២,២% សម្រាប់​ឆ្នាំ​២០១៩​។ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ក្នុងស្ថានភាព​មិន​ច្បាស់លាស់​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក ជាពិសេស​ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​នៃ​កំណើន ការពង្រឹង​ការសម្រួល​ដល់​ការនាំចេញ​និង​នាំចូល និង​ការបង្កើន​បរិយាកាស​អំ​ណោ​យ​ផល​ដល់​ការវិនិយោគ ។​ល​។ នៅក្នុង​វិស័យ​ធនាគារ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មាន​សុខភាព​ល្អប្រសើរ និង​បានរួម​ចំណែក​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពង្រឹង​ការត្រួតពិនិត្យ និង​បទ​ប្បញ្ញត្តិ ជាមួយនឹង​ការដាក់ចេញ​ជា​បន្តបន្ទាប់​នូវ​គោលនយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន ការបោះ​ផ្សាយ​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ពង្រឹង​បណ្តាញ​ការពារ​ស្ថិរភាព​ធនាគារ​ឱ្យបាន​រឹងមាំ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។​

​លោក ទេសាភិបាល ក៏បាន​ថ្លែងអំណរគុណ IMF ដែល​បាន​គាំទ្រ​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ការជួយ​កសាង​សមត្ថភាព​និង​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា​ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​