ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិត ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ មានចុះហត្ថលេខា និងបោះត្រា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលគេហទំព័រ CEN.COM.KH ទើបទទួលបាន នៅថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០១៨ បានជម្រាបដល់ លោក- លោកស្រី ដែលជាម្ចាស់របង ឬសដំណង់នានា នៅតំបន់អភិវឌ្ឍន៍ពយកំពេញ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លិខិត របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការរុះរើរបង ឬសំណង់នានា ដែលប៉ះពាល់លើការបើកផ្លូវតាមលក្ខណៈប្លង់ប្រព័ន្ធ ស្ថិតនៅតំបន់អភិវឌ្ឍន៍ពយកំពេញ ស្ថិក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះ គឺមានកម្មវត្ថុ និងយោងតាម៖
– អនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្មរាជធានី ក្រុង និងទីប្រជុំជន។
– អនុក្រិត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់។
– ប្រកាសរួមលេខ១២២៩ ប្រក.មផ.ដនស ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ រវាងក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការទប់ស្កាត់ការសាងសង់ គ្មានលិខិត អនុញ្ញាត សាងសង់ ឬសាងសង់ខុសពីលិខិតអនុញ្ញាត។
– សារាចរណែនាំ របស់រាជរដ្ឋាភិបាលខេ០១ ស.រ.ណ.ន ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា។
តបតាមកម្មវិត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនលោក- លោកស្រី ដែលជាម្ចាស់ ដែលជាម្ចាស់របង ឬសំណង់នានា នៅតំបន់អភិវឌ្ឍន៍ពយកំពេញ ស្ថិក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុទាំងអស់ ឲ្យបានជ្រាបថា៖ ដើម្បីអភិវឌ្ឍន៍តំបន់ពយកំពេញ ឲ្យមានសោភ័ណភាពស្អាត និងក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តនៅខេត្តព្រះសីហនុ រដ្ឋបាលខេត្ត នឹងបើកផ្លូវតាមលក្ខណៈប្លង់ប្រព័ន្ធ សុវិរយោដី ដែលមានទទឹងប្រវែង ១២ម៉ែត្រ ស្ថិក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
លិខិតរដ្ឋបាលខេត្តព្រះសីហនុ មានបោះត្រា និងចុះហត្ថលេខា លោក យន្ត មីន បានបង្ហាញថា ដើម្បីឲ្យដំណើរការ នៃការបើកផ្លូវមានភាពរលូន រដ្ឋបាលខេត្តព្រះសីហនុ បានស្នើលោក- លោកស្រី ធ្វើការរុះរើរបង ឬសំណង់នានា ដែលចូលមកចំណុចនិយាមកា ទៅតាមស្នាមគំនូសពណ៌ក្រហម ដែលមន្ត្រីជំនាញបានបាញ់ថ្នាំជាសម្គាល់ ដោយទុករយៈ ១៥ថ្ងៃ ឲ្យធ្វើការរុះរើរបង ឬសំណង់នានា ដោយខ្លួនឯង។
ប៉ុន្តែបើក្នុងករណីម្ចាស់របង ឬសំណង់នានា មិនរុះរើដោយខ្លួនឯតាមរយៈពេលកំណត់ទេ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់កម្លាំងរុះរើរបង ឬសំណង់នានាទាំងនោះចោល ដោយមិនទទួលខុសត្រូវ ចំពោះរាល់ការខូចខាតនោះទេ។
ទាក់ទិនព័ត៌មាននេះ ទាំងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុ បានគាំទ្រ ចំពោះសេចក្តីជូនដំណឹង ឬសារព្រមាន របស់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ស្តីពីការរុះរើរបង ឬសំណង់នានា ដែលប៉ះពាល់លើការបើកផ្លូវតាមលក្ខណៈប្លង់ប្រព័ន្ធ ស្ថិតនៅតំបន់អភិវឌ្ឍន៍ពយកំពេញ ស្ថិក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុពេលនេះ។
ឆ្លៀតឱកាសនេះ អ្នកឃ្លាំមើលសង្គម មន្ត្រីរាជការថ្នាក់ទាប និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ក៏បានសំណូមពរដល់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ ពួកគេបានសំណូមពរដល់រដ្ឋាភិបាល ឬក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ជួយរៀបចំអភិវឌ្ឍស្ថាបនាឆ្នេរសមុទ្រ នៅតំបន់ទើបអភិវឌ្ឍពយកំពេញ ឲ្យក្លាយទៅជាឆ្នេរខ្សាច់ថ្មីមួយទៀត សម្រាប់បំរើដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទៅកម្សាន្តនាថ្ងៃអនាគត។
លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក(Adhoc) ប្រចាំខេត្តព្រះសីហនុ គាំទ្រចំពោះ ចំណាត់អភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ពិសេសផែនការអភិវឌ្ឍបើកពង្រីកផ្លូវ របស់រដ្ឋបាលខេត្តព្រះសីហនុ ជាបន្តបន្ទាប់មកនេះ។ ជាពិសេសការបើកពង្រីកផ្លូវឲ្យបានធំទូលាយ ចូលទៅតំបន់អភិវឌ្ឍពយកំពេញ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ សម្រាប់បំរើដល់វិស័យទេសចរណ៍ ដែលខេត្តជាប់ឆ្នេរសមុទ្រមួយនេះ មានចំនួនភ្ញៀវទេសចរកើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។
ផ្តើមពីបញ្ហានេះ លោកស្រី សុធារី ក៏បានសំណូមពរទៅដល់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយជម្រុញអភិវឌ្ឍប្រែក្លាយឆ្នេរសមុទ្រ នៅតំបន់ពយម៉ាចូវ ដោយត្រូវបូមខ្សាច់ដាក់ឆ្នេរនេះ អភិវឌ្ឍប្រែក្លាយឲ្យទៅជាឆ្នេរខ្សាច់ស្រស់ស្អាតថ្មីមួយទៀត នាខេត្តព្រះសីហនុ ទុកសម្រាប់បំរើដល់វិស័យទេសចរណ៍ ឲ្យបានច្រើនកន្លែងទៀត។
ត្រង់ចំណុចនេះ ទាំងមន្ត្រីឃ្លាំមើលសង្គម និងប្រជាពលរដ្ឋភាគច្រើន រស់នៅខេត្តព្រះសីហនុ ក៏បានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ក៏ត្រូវរុះរើតូបលក់ដូរ ដែលសង់អនាធិបតេយ្យនៅលើទឹកសមុទ្រ ឬលើឆ្នេរសមុទ្រនាតំបន់ពយម៉ាចូវរាល់ថ្ងៃនេះ ដើម្បីយកទីតាំងនោះ មកអភិវឌ្ឍឲ្យប្រែក្លាយជាឆ្នេរខ្សាច់ថ្មីមួយទៀត សម្រាប់បំរើដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ទោះជាបែបណាក្តី លោក យន្ត មីន អភិបាលខេត្តព្រះសីះនុ រំពឹងថា តាមរយៈលិខិតរដ្ឋបាលខេត្ត ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ លោក- លោកស្រី ដែលជាម្ចាស់របង ឬសំណង់នានា នឹងធ្វើការរុះរើរបង ឬសំណង់នានា ដែលប៉ះពាល់លើការបើកផ្លូវតាមលក្ខណៈប្លង់ប្រព័ន្ធ ស្ថិតនៅតំបន់អភិវឌ្ឍន៍ពយកំពេញ ស្ថិក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុនេះ ឲ្យស្របតាមសេចក្តីណែនាំ របស់រដ្ឋបាលខេត្ត ក្នុងស្មារតី ទទួលខុសត្រូវខ្ពស់។
បន្ថែមលើនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានផ្តល់សម្ភាសដល់អ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តព្រះសីហនុថា នៅតាមតំបន់ឆ្នេរសមុទ្រនានា នៅខេត្តព្រះសីហនុ នឹងមិនអនុញ្ញាត ឲ្យមានសំណង់សង់អនាធិបតេយ្យ នាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពឆ្នេរសមុទ្រ ជាពិសេសនាំឲ្យប៉ះពាល់ដល់គម្រោងផែនការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានោះទេ៕ ដែន សីមា