Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជាប់​ពាក់ព័ន្ធ​ការផ្តល់​កម្មសិទ្ធិ​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ខេត្ត​ព្រះសីហនុ បាន​ប្រមាថ សម្តេច ហ៊ុន សែន ដែល​ឲ្យ​រក្សា​បឹង​ទឹកសាប​នេះ​ឲ្យ​គង់វង្ស​

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រីរាជការ​មាន​យក​ស័ក្តិតូច​ទាប ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការសោកស្តាយ​ជាថ្មីទៀត នៅ​គ្រា​សង្កេតឃើញថា បរិវេណ​ដី​ចំណី​មាត់បឹង ឬ​ផ្ទៃ​រងទឹក​ភ្លៀង និង​ផ្ទៃ​បឹង​ព្រែក​ទប់​ទាំងមូល ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ដែល​ពីមុន​មាន​ទំហំ​រាប់រយ​ហិច​តារ ប៉ុន្តែ​ពេលនេះ បានរួម​តូច​នៅត្រឹម​ជាង ១៦​ហិច​តារ​នោះ​។​

​អ្នកឃ្លាំមើល​សង្គម មន្ត្រីរាជការ និង​ល​រដ្ឋ ខេត្ត​ព្រះសីហនុ បាន​អះអាងថា នៅមុន​មាន​សកម្មភាព​ដឹក​ដី​ចាក់​លុប​ជុំវិញ​មាត់បឹង​ព្រែក​ទប់ គឺ​ផ្ទៃ​រងទឹក​ភ្លៀង ឬ​ដី​ចំណី​មាត់បឹង​ព្រែក​ទប់ និង​ផ្ទៃ​បឹង​ព្រែក​ទប់​ទាំងមូល គឺមាន​ទំហំ​ធំ​ទូលាយ ប៉ុន្តែ​ក្រោយ​មាន​មន្ត្រី​មានអំណាច​ជា​អតីត​អភិបាលខេត្ត មន្ត្រី​មាន​ខ្លះ​មានបុណ្យ​ស័ក្តិ​ពាក់​ផ្កាយ​២ និង​ពាក់​ផ្កាយ​៣ អតីត​ស្នងការ​នគរបាល​ខេត្ត និង​ង​មាន​មន្ត្រី​ខ្លះ​កំពុង​បំរើ​ការងារ​នៅតាម​មន្ទីរ​ស្ថាប័នរដ្ឋ​ក្រោម​ឱវាទ ខេត្ត​ព្រះសីហនុ​រាល់ថ្ងៃនេះ ក៏មាន​ចំណែក​ក្បាលដី នៅ​ជុំវិញ​បរិវេណ​មាត់បឹង​ព្រែក​ទប់​នេះដែរ​។​

​ពួកគេ​រិះគន់ ថ្នាក់ដឹកនាំ​នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ​មួយចំនួន ដែល​ផ្គើន​ទៅនឹង​បទបញ្ជារបស់សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​បន្ត​បន្ទាប់មក​នេះ តែង​បាន​រំលឹក​ដល់​មន្ត្រី​ពាក់ព័ន្ធ ឲ្យ​ថែរក្សា​បឹង​អូរ​ធម្មជាតិ ពិសេស​បឹង​ព្រែក​ទប់ ឲ្យ​បាន​គង់វង្ស ប៉ុន្តែ​ពេលនេះ មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ មិន​ស្តាប់​តាម​ការណែនាំ របស់​សម្តេច ហ៊ុន សែន នោះទេ ហើយ​បាន​ប្រមាថ​ទៅនឹង​សេចក្តីណែនាំ របស់​សម្តេច​ថែមទៀត​។​

​មន្ត្រីរាជការ​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ បាន​អះអាងថា ផ្ទៃ​រងទឹក​ភ្លៀង និង​ផ្ទៃ​បឹង​ព្រែក​ទប់​ទាំងមូល នៅមុន​ពេល​មាន​សកម្មភាព​ដឹក​ដី​ចាក់​រំលោភ​យក​ដី​ចំណី​មាត់បឹង​ព្រែក​ទប់ ធ្វើ​កម្មសិទ្ធិឯកជន ពី​សំណាក់​មន្ត្រី​មានអំណាច និង​ឈ្មួញ​មានទ្រព្យ​មួយចំនួន បឹង​ព្រែក​ទប់​នេះ​មាន​ទំហំ​រាប់រយ​ហិច​តារ ប៉ុន្តែ​បច្ចុប្បន្ននេះ បឹង​ធម្មជាតិ​ទឹកសាប​មួយ​នេះ បានរួម​តូច​នៅសល់​ត្រឹម​ផ្ទៃ​បឹង​ជាង ១៦​ហិច​តារ​តែប៉ុណ្ណោះ​។​

​មន្ត្រីរាជការ និង​ពលរដ្ឋ​ភាគច្រើន នៅ​ខេត្ត​ព្រះសីហនុ សំណូមពរ​ដល់​សម្តេច ហ៊ុន សែន ឲ្យ​បញ្ជូន​មន្ត្រី​ចុះ​ស្រាវជ្រាវ រក​ឈ្មោះ​បុគ្គល​រូប​ណាខ្លះ ឬ​មន្ត្រី​រូប​ណាខ្លះ ដែល​ជាប់​ពាក់ព័ន្ធ​ការឃុបឃិត​ប៉ុនប៉ង​រំលោភ​យក​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ រហូត​ឈានដល់​រៀបចំ​គម្រោង​ផែនការ ឲ្យ​ស្របតាម​ផ្លូវច្បាប់ ឈានទៅ​អាច​ចូលទៅ​កាន់កាប់​ដី​ចំណី​មាត់បឹង​ព្រែក​ទប់ និង​សង់​សំ​ណឹ​ង​រឹងមាំ​ផ្សេងៗ​នៅលើ​ដី​នោះ​ជាក់ស្តែង​ថែមទៀត​ផង​។​

​ត្រង់ចំណុច​នេះ ទាំង​មន្ត្រី​សង្គម​ស៊ីវិល មន្ត្រីរាជការ​ថ្នាក់ទាប និង​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ព្រះសីហនុ បាន​អះអាងថា ម​ហិ​ច្ឆិ​តា​ដឹក​ដី​ចាក់​លុប​រំលោភ​យក​មាត់បឹង ឬ​ផ្ទៃ​រងទឹក​ភ្លៀង​បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ របស់​ឈ្មួញ និង​មន្ត្រី​មានអំណាច​មួយចំនួន​ក​ន្ល​ង​មក ពេលនេះ ជន​មាន​ម​ហិ​ច្ឆិ​តា​ទាំងនោះ បានសម្រេច​គោលបំណង របស់​ពួកគេ​ហើយ ព្រោះ​ត្រូវ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រ​ក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់ ព្រមទាំង រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ទទួលស្គាល់ថា​ស្របច្បាប់ និង​បានប្រកាស​ចេញ​ប្លង់ ឬ​បណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​ព្រែក​ទប់​នេះ ជូន​បុគ្គល​ឯកជន​ប្រើប្រាស់​ស្របច្បាប់​ថែមទៀត​។​

​ទាក់ទិន​បញ្ហា​នេះ លោក ស្រេង វ៉ាន់​លី មន្ត្រី​ផ្នែក​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំខេត្ត​ព្រះសីហនុ ក៏បាន​បង្ហាញ​អារម្មណ៍​ហួសចិត្ត កាលបើ​បទបញ្ជារបស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បានដាក់​បទបញ្ជា ឲ្យ​ថ្នាក់ដឹកនាំ នៅតាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ ត្រូវ​សហការគ្នា​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ របស់​រដ្ឋ មាន​បឹង​អូរ ព្រៃកោងកាង ឆ្នេរសមុទ្រ និង​ធនធាន​ជីវៈចម្រុះ​បាតសមុទ្រ​ផ្សេងៗ ក្នុងនោះ​មាន​បឹង​ព្រែក​ទប់​ផងដែរ ឲ្យ​បាន​គង់វង្ស ប៉ុន្តែ​បែរជា​មន្ត្រីក្រោមឱវាទ មិន​អនុវត្តតាម​បទបញ្ជា របស់​សម្តេច​ប្រមុខ​ដឹកនាំ​ទៅវិញ​។ ផ្ទុយទៅវិញ មន្ត្រី​ទាំងនោះ បាន​បន្តធ្វើ​សកម្មភាព​ផ្គើន ឬ​ប្រមាថ ទៅ​បទបញ្ជា របស់​សម្តេច​ប្រមុខ​ដឹក​រាជរដ្ឋាភិបាល​ថែមទៀត​។​


​លោក វ៉ាន់​លី បាន​លើកយក​ឧទាហរណ៍​ករណី «​បឹង​ព្រែក​ទប់​» ដែលជា​បឹង​ទឹកសាប ទុក​សម្រាប់​ប្រើប្រាស់ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ត្រូវ​ជន​មាន​ម​ហិ​ច្ឆិ​តា​មួយចំនួន បាន​ចាក់ដី​រំលោភ​យក​ដី​ចំណី​មាត់បឹង​ធ្វើ​កម្មសិទ្ធិ​ស្ទើ​ទាំងស្រុង​អស់​ទៅហើយៗ កំពុង​ត្រៀម​ចេញ​ប្លង់​កាន់កាប់​ដី​ស្របច្បាប់ និង​មាន​សង់​សំណង់​រឹងមាំ​មួយចំនួន​នៅលើ​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​មួយចំនួន​រួចហើយ​ដែរ​។​


​អ្នកឃ្លាំមើល​សង្គម​រូបនេះ បាន​កត់សម្គាល់ថា រាល់ថ្ងៃនេះ នៅ​ជុំវិញ​បរិវេណ​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ទាំងមូល ត្រូវបាន​ដឹក​ដី​ចាក់​លុប​ហ៊ុំព័ទ្ធ ដោយ​ម្ចាស់​ដី និង​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ធ្វើ​កម្មសិទ្ធិ និង​អភិវឌ្ឍ​ផ្ទៃ​បឹង​នេះ​។ ទោះបី​កន្លងមក​បឹង​នេះ ត្រូវ​អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក សាយ ហាក់ ធ្លាប់បាន​បញ្ជា​ឲ្យ​វាយ​កំ​ទេ​ចោល​សំណង់ផ្ទះ​វីឡា របស់ លោក ខាត់ ប៊ុណ្ណា មន្ត្រី​មន្ត្រី​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ទៅតាម​បទបញ្ជានាយក​រដ្ឋមន្ត្រី ហ៊ុន សែន បែបណា​ក្តី ក៏ប៉ុន្តែ​ដី​ចំណែក​ផ្ទះ​វីឡា របស់ លោក ខាត់ ប៊ុណ្ណា ដែល​ត្រូវ​អាជ្ញាធរ​វាយ​កំទេចចោល កាលពី​ពេលមុន ត្រូវបាន​កាន់កាប់​ដោយ​បុគ្គល​ផ្សេងៗ​ទៅវិញ ហើយ​ពេលនេះ ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ទាំងមូល ត្រូវ​ចូលកាន់​កាប់​ដោយ​បុគ្គល​ឯកជន​ទាំងស្រុង​អស់​ទៅហើយ​។​

​ត្រង់ចំណុច​នេះ ទាំង​មន្ត្រី​សង្គម​ស៊ីវិល មន្ត្រីរាជការ និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​និរាករណ៍​រាល់​បណ្ណ​កម្មសិទ្ធិ​ទាំងឡាយណា ដែល​បុគ្គល​ឯកជន ប៉ង​រំលោភ​យក​ដី​ចំណី​មាត់បឹង ឬ​ផ្ទៃ​រងទឹក​ភ្លៀង​បឹង​ព្រែក​ទប់ ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ បានកំណត់​នាពេល​កន្លងទៅ យកមក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ​។​


​ជាងនេះទៀត ក៏ត្រូវ​ពិនិត្យ​ទៅលើ​បុគ្គល​ទាំងឡាយណា ដែលមាន​ម​ហិ​ច្ឆិ​តា ប៉ុនប៉ង​រំលោភ​យក​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិឯកជន ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានកំណត់ ត្រូវ​កសាង​សំណុំរឿង​ទៅ​ផ្តន្ទាទោស​តាមច្បាប់ ឬ​ដក​តួនាទី ចំពោះ​មន្ត្រីរាជការ កំពុង​បំរើកា​រងារ​ក្នុង​ស្ថាប័នរដ្ឋ នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ព្វ​ថ្ងៃនេះ ដើម្បី​ជាការ​ព្រមាន​។​

​អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម​មួយចំនួន ប្រចាំខេត្ត​ព្រះសីហនុ មាន​អង្គការ​លីកាដូ និង​សមាគម​អាដហុក​ជាដើម បង្ហាញ​ការសោកស្តាយ និង​ហួសចិត្ត ដែល​មកដល់ពេលនេះ​ទៅហើយ មិនគួរ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទុក​បណ្តោយ​ឲ្យ​បុគ្គល​មានអំណាច និង​ឈ្មួញ​មានទ្រព្យ​មួយចំនួន​តូច ដែល​កន្លងមក មាន​ម​ហិ​ច្ឆិ​តា​ឃុបឃិត​រំលោភ​យក​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ ប៉ុន្តែ​មកដល់​បច្ចុប្បន្ននេះ​អាច​សម្រេច​ម​ហិ​ច្ឆិ​តា​ពួកគេ​នោះទេ​។ ជាពិសេស ទង្វើ របស់​មន្ត្រី​មានអំណាច និង​ឈ្មួញ​រំលោភ​យក​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ​ទាំងនោះ អាច​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ភាគច្រើន​ក្នុង​មូលដ្ឋាន​នេះ អស់ជំនឿ​ចិត្ត​ទៅលើ​ការដឹកនាំ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់ទី​តាំង​បឹង​ព្រែក​ទប់ បង្ហាញ​ការសោកស្តាយ ដែល​ពេលនេះ​ផ្ទៃ​រងទឹក​ភ្លៀង និង​ផ្ទៃ​បឹង​ព្រែក​ទប់​ទាំងមូល ដែល​កន្លងមក​ធ្លាប់មាន​ទំហំ​រាប់រយ​ហិច​តារ ប៉ុន្តែ​ពេលនេះ​រួម​នៅសល់​ផ្ទៃ​បឹង​ត្រឹម​ជាង ១៦​ហិច​តារ (១៦.៣)​តែប៉ុណ្ណោះ​។​


​មន្ត្រី​ឃ្លាំមើល​ការអភិវឌ្ឍ​សង្គម ស្ទើរ​មិន​ជឿថា រាជរដ្ឋាភិបាល ឬ​ថ្នាក់ដឹកនាំ​ក្រ​សួ​ដែនដី​ជាដើម អាចជួយ​លកលៃ​លក ឲ្យ​បុគ្គល​មានអំណាច និង​ឈ្មួញ​មានទ្រព្យ​មួយចំនួន បានសម្រេច​ម​ហិ​ច្ឆិ​តា​ប៉ុនប៉ង​រំលោភ​កាន់​កាន់​ដី​ចំណី​មាត់បឹង​ព្រែក​ទប់ នាពេល​កន្លងមក ឈានទៅ​អាច​សម្រេច​បំណង​ពួកគេ​ទេ​។ លោក វ៉ាន់​លី ថ្លែងថា នៅក្នុងពេល​ដ៏​ឆាប់​ខាងមុខ​មន្ត្រី​ជំនាញ​មន្ទី​រៀបចំ​ដែនដី ខេត្ត​ព្រះសីហនុ នឹង​ឈានទៅ​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដី​នៅ​ជុំវិញ​បរិវេណ​មាត់បឹង​ព្រែក​ទប់ ទទួលស្គាល់​ដោយ​ក្រសួង​រៀបចំ​ដែនដី និង​រដ្ឋបាល ខេត្ត​ព្រះសីហនុ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​។ កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កន្លងមកនេះ បានចេញ​លិខិត​ជម្រាបជូន លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដោយ​បើកផ្លូវ​ឲ្យ​រដ្ឋបាលខេត្ត​នេះ អាច​ដំណើរការ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​ដី​នៅ​ជុំវិញ​មាត់បឹង​ព្រែក​ទប់ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​ខេត្ត​ព្រះសីហនុ ប្រើប្រាស់​ស្របច្បាប់​។​

​បន្ថែម​លើ​នេះ លោក ជា សុផារ៉ា ក៏​តម្រូវ​ឲ្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ រក្សា​ទីតាំង​តំបន់​អភិរក្ស​ទឹកសាប​បឹង​ព្រែក​ទប់ មាន​ទំហំ​ជាង ១៦​ហិកតារ (១៦,៣) ឲ្យ​ស្របតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​ត្រូវ​រក្សា​ដី​ចំណីផ្លូវ​ជុំវិញ​បឹង​សងខាង​អ័ក្ស​ផ្លូវ​សរុប​មាន​ទទឹង ២០​ម៉ែត្រ សម្រាប់​រៀបចំ​ជា​ផ្លូវ​ទំនប់ ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់​នៅតាម​បណ្ដោយ​ដី​ចំណីផ្លូវ​ព័ទ្ធជុំវិញ​បឹង និង​ត្រូវការពារ​ប្រឡាយ​ធម្មជាតិ ដែល​ត​ភ្ជាប់​ទៅនឹង​បឹង​ធម្មជាតិ​មួយ​នេះ ដោយ​ត្រូវ​រៀបចំ​ប្រព័ន្ធ​អាង​ចម្រោះ​ទឹក​កខ្វក់ នៅខាងមុខ​ប្រឡាយ​នោះ មុននឹង​បង្ហូរទឹក​ចេញពី​ប្រឡាយ​ចូលទៅក្នុង​ផ្ទៃ​បឹង​ព្រែក​ទប់​។​

​បញ្ហា​នេះដែរ លោកស្រី ជៀប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (ADHOC) ប្រចាំខេត្ត​ព្រះសីហនុ បាន​ថ្លែង​ហួសចិត្ត​កាលបើដឹងថា សកម្មភាព​ចាក់ដី​រំលោភ​យក​បឹង​ធម្មជាតិ​ទឹកសាប នៃ​បឹង​ព្រែក​ទប់ ដែល​បុគ្គ​មានអំណាច និង​ឈ្មួញ​មានទ្រព្យ​មួយចំនួន​បាន​ប៉ុនប៉ង​កន្លងមក ប៉ុន្តែ​ពេលនេះ​ពួកគេ​បានសម្រេច​បំណង​ដោយ​រលូន និង​ឈានទៅ​មាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដី​នេះ​ស្របច្បាប់​ថែមទៀត​។​

​បញ្ហា​នេះ លោកស្រី សុធា​រី ស្នើ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ជួយ​ថែរក្សា​បរិវេណ​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​ព្រែក​ទប់ ទាំង​ផ្ទៃ​រងទឹក​ភ្លៀង និង​ផ្ទៃ​បឹង​ព្រែក​ទប់​ទាំងមូល ឲ្យ​មាន​ទំហំ​ធំ​ដូចដើម​វិញ ដោយ​មិនគួរ​អនុញ្ញាតិ​ឲ្យ​ជន​ឆក់​ឱកាស ដែលមាន​ម​ហិ​ច្ឆិ​តា​ចាក់ដី​រំលោភ​យក​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិឯកជន​កន្ល​ង​មក អាច​សម្រេច​ម​ហិ​ច្ឆិ​តា​របស់​ពួកគេ​នោះទេ​។​
​អ្នកឃ្លាំមើល​សង្គម​រូបនេះ ក៏​ស្នើ​ដល់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី និង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ត្រូវមាន​សម្មភាព​ការងារ ដោយ​ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ និង​សាធារណៈ​ជាធំ ហើយ​ត្រូវ​ជៀស​ឲ្យ​ផុតពី​ការឃុបឃិត​ណាមួយ ដែល​នាំ​ឲ្យ​មានការ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​នា​ថ្ងៃ​អនាគត​។​

​លោកស្រី សុធា​រី ឲ្យ​ដឹងថា តាម​ការកត់សម្គាល់ បុគ្គល​មានឈ្មោះ​កាន់កាប់​ចំណែក​ក្បាលដី​នៅ​ជុំវិញ​បរិវេណ​មាត់បឹង​ព្រែក​ទប់​ភាគច្រើន គឺជា​មន្ត្រី​មាន​ឋានៈ​បុណ្យស័ក្តិ​ខ្ពស់​កំពុង​បម្រើ​ការងា​នៅតាម​មន្ទីរ ស្ថាប័នរដ្ឋ​មួយចំនួន​នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​ខ្លះទៀត កំពុង​បំរើកា​រងារ​នៅតាម​ក្រសួង ស្ថា​ប័​យ​រដ្ឋ​ថ្នាក់ជាតិ។​


​មន្ត្រី​សមាគម​អាដហុក ប្រចាំខេត្ត​ព្រះសីហនុ ថ្លែង​សោកស្តាយ កាលបើ​សង្កេតឃើញថា បទបញ្ជា របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅក្នុង​វេទិកា​ការពារ​បរិស្ថាន ឬ​ធនធានធម្មជាតិ លើក​ទី​២ កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ប៉ុន្តែ​បែរជា​មិនមាន​មន្ត្រីក្រោមឱវាទ​របស់លោក​អនុវត្តតាម​ទេ ហើយ​ថែមទាំង​ផ្គើន​ទៅនឹង​បទបញ្ជា​នេះ​ថែមទៀត​។​

​បញ្ហា​នេះដែរ លោក នួន ប៉ុក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កន្លងមក​មន្ត្រី​ជំនាញ​បាន​ចុះ​បោះបង្គោល​កំណត់​ផ្ទៃ​រងទឹក​ភ្លៀង​បឹង​ទឹកសាប​ព្រែក​ទប់ ដោយ​អនុវត្ត​ត្រឹមត្រូវ​តាម​អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល ស្ដីពី​ការងារ​ថែរក្សា​ការពារ​ផ្ទៃ​បឹង​ព្រែក​ទប់ មាន​ទំហំ​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ​) សម្រាប់​រក្សា​ប្រភព​ទឹកស្អាត​នា​ខេត្ត​ព្រះសីហនុ​។ លោក​បន្តថា សកម្ម​ភាពចុះ​កំណត់​ព្រំដី​ផ្ទៃ​រងទឹក​ភ្លៀង​នេះ បាន​ឈានដល់​រាល់ថ្ងៃនេះ ក្រុម​កា​ងារ ធ្វើ​សកម្មភាព​ដឹក​ដី​ចាក់ រៀបចំ​ស្ថាបនា​ផ្លូវ សង់​ទំនប់​ការពារ​ផ្ទៃ​បឹង និង​ដាំ​ដើមឈើ​ជុំវិញ​មាត់បឹង ដើម្បី​កែលំអ​បឹង​ទឹកសាប​មួយ​នេះ​ឲ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​តាមបែប​ធម្មជាតិ សម្រាប់​បំរើ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូលមក​ទស្សនា​កម្សាន្ត នៅ​តំបន់​បឹង​ព្រែក​ទប់​នេះ​ក្នុងពេល​ដ៏​ឆាប់​ខាងមុខ​។​

​លោក នួន ប៉ុក ថ្លែង​ទាំង​មាន​ជំនឿ​ចិត្ត​ថា នៅ​ថ្ងៃ​អនាគត ទីតាំងនៅ​ជុំវិញ​តំបន់​បរិវេណ​មាត់បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅជាប់​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ ៧​ជាន់ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ នឹងត្រូវ​ធានា​ថែរក្សា​ការពារ​សោភ័ណភាព​ធម្មជាតិ វប្បធម៌ ព្រមទាំង​អភិរក្ស​ប្រែក្លាយ​បឹង​ទឹកសាប​មួយ​នេះ សម្រាប់​បម្រើ​ដល់​ផលប្រយោជន៍​រួម របស់​សាធារណៈជន​ទូទៅ និង​រួមគ្នា​ថែរក្សា​បឹង​ព្រែក​ទប់​ឲ្យ​បាន​គង់វង្ស​។ ប៉ុន្តែ​ការអះអាង​នេះ ត្រូវបាន​សាធារណៈជន ពិសេស​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ព្រះសីហនុ រិះគន់ និង​ចាត់ទុក​សកម្មភាព​ចាក់ដី​អភិវឌ្ឍ​ផ្លូវ​ជុំវិញ​មាត់បឹង​ព្រែក​ទប់ ថា​នាំ​ឲ្យ​បាត់បង់​ផ្ទៃ​បឹង​ធម្មជាតិ​មួយ​នេះ​ថែមទៀត​។​

​ទោះជា​បែបនេះ​ក្តី ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ថែរក្សា​ការពារ​ផ្ទៃ​រងទឹក​ភ្លៀង ឬ​មាត់បឹង​ព្រែក​ទប់ ឲ្យ​បាន​គង់វង្ស ជាពិសេស​បញ្ឈប់​ការផ្តល់​បណ្ណ​កម្មសិទ្ធិ និង​ជួយ​និរាករណ៍​រាល់​បណ្ណ​កម្មសិទ្ធិ​ទាំងឡាយណា ដែល​មន្ត្រី​ជំនាញ​ចេញ​ឲ្យ​បុគ្គល​ឯកជន ប៉ះពាល់​ដល់​ដី​ចំណី​មាត់បឹង ឬ​ផ្ទៃ​រងទឹក​ភ្លៀង​បឹង​ព្រែក​ទប់​នាពេល​កន្លងមក​។​

​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្ត​ព្រះសីហនុ កន្លងមកនេះ ធ្លាប់​បង្ហាញ​របាយការណ៍​ថា បរិវេណ​នៅ​ជំវិញ​មាត់បឹង​ព្រែក​ទប់ ឬ​ផ្ទៃ​រងទឹក​ភ្លៀង ផ្ទៃ​បឹង​ព្រែក​ទប់ ព្រមទាំង​បរិវេណ​ដី​ហ៊ុមព័ទ្ធ នៅ​ជុំវិញ​មាត់បឹង​ព្រែក​ទប់​ទាំងមូល សរុប​មាន​ជាង ២​រយ​ហិច​តារ​។ ប៉ុន្តែ​ក្រោយមក បន្ទាប់ពី​មាន​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ផ្ទៃ​រងទឹក​ភ្លៀង​ខុសច្បាប់​ពី​ឈ្មួញ និង​មន្ត្រី​មានអំណាច​មួយចំនួន​ជា​បន្តបន្ទាប់ ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ស្ថាប័ន​ជំនាញ​ខ្លះ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ក្នុង​អាណត្តិ​មុនៗ នាំ​ឲ្យ​ផ្ទៃ​បឹង​ព្រែក​ទប់ បានរួម​នៅសល់​ជាង ៩០​ហិច​តារ ដែល​កាលណោះ​នៅក្នុង​អាណត្តិ​ដឹកនាំ របស់ លោក សាយ ហាក់ ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ​។ ទាក់ទិន​បឹង​ព្រែក​ទប់​នេះ កន្លងមក លោក សាយ ហាក់ ធ្លាប់បាន​បញ្ជា ឲ្យ​សមត្ថកិច្ច​វាយកំទេច​ផ្ទះ​វីឡា​ធំ​ស្កឹមស្កៃ របស់ លោក ខាត់ ប៊ុណ្ណា មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​ចោល​រាប​ដល់​ដី ដែល​កាលណោះ​រដ្ឋបាលខេត្ត​នេះ​ចោទថា បាន​សង់​នៅលើ​ដី​ចំណី​មាត់បឹង​ព្រែក​ទប់ ប៉ុន្តែ​ពេលបច្ចុប្បន្ន​ដី​ផ្ទៃ​មាត់បឹង​ព្រែក​ទប់ និង​ទីតាំង​ផ្ទះ​វីឡា ដែល​ត្រូវ​វាយកំទេច​នោះ ត្រូវ​មន្ត្រី​មានអំណាច និង​ឈ្មួញ បាន​រំលោភ​ស្ទើ​ទាំងស្រុង​អស់​ទៅហើយ​។ បន្តបន្ទាប់​មកទៀត នៅក្នុង​អាណត្តិ​ទី​៤ ក្រោម​ការដឹកនាំ របស់លោក ស្បោង សារ៉ាត់ ជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ គឺ​ដី​ផ្ទៃ​រងទឹក​ភ្លៀង​បឹង​ព្រែក​ទប់ ដែល​នៅសល់​ជាង ៩០​ហិច​តារ ត្រូវបាន​មន្ត្រី​មានអំណាច និង​ឈ្មួញ​មានទ្រព្យ នៅក្នុង​អាណត្តិ​ដឹកនាំ របស់លោក ស្បោង សារ៉ាត់ ឃុបឃិត​គ្នា រំលោភ​ធ្វើជា​កម្មសិទ្ធិ​ស្ទើ​គ្មាន​សល់​។​

​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​នៅ​ជុំវិញ​បឹង​ព្រែក​ទប់​នេះ លោក ស្បោង សារ៉ាត់ អតីត​អភិបាលខេត្ត​ព្រះសីហនុ និង​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ អាច​ដឹង​រឿងនេះ​ច្បាស់​ជាង មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះទៀត នៅក្រោម​រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅក្នុង​រជ្ជកាល​នោះ​។ ក្រោយមក លោក ស្ប៉ោ​ង សារ៉ាត់ បានសម្រេច​រក្សា​ផ្ទៃ​បឹង​ព្រែក​ទប់ នៅ​ចន្លោះ​ពី ១៥ ទៅ ១៦​ហិកតារ​តែប៉ុណ្ណោះ​។​

​យ៉ាងណា​ក៏ដោយចុះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​ទើប​មក​ដឹកនាំ​ក្នុង​អាណត្តិ​នេះ មានប្រសាសន៍ថា បញ្ហា​កើត​មាននៅ​បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅក្នុង​សង្កាត់​លេខ​៣ ដែល​នៅ​សេសសល់​ចុងក្រោយ​នេះ បច្ចុប្បន្ន ក្រុមការងារ​ចម្រុះ របស់​រាជរដ្ឋាភិបាល រួមមាន​៖ ក្រសួង​រៀបចំ​ដែនដី មន្ទីរ​សុរិយោដី​ខេត្ត និង​រដ្ឋបាលខេត្ត​ព្រះសីហនុ​ជាដើម បាន​អនុវត្តតាម​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល ដើម្បី​ឈានទៅ​អភិរក្ស​ថែរក្សា​ការពារ បឹង​ធម្មជាតិ នៃ​ផ្ទៃ​បឹង​ព្រែក​ទប់ មាន​ទំហំ​ជាង ១៦​ហិច​តារ (១៦,៣​ហិច​តារ​) សម្រាប់​រក្សា​ប្រភព​ទឹកស្អាត​នា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​គង់វង្ស និង​ដាក់​ឲ្យ​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ​៕ ដែន សីមា​

×