តាកែវ:រឿងពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ស្នើប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ ជួយទប់ស្កាត់យានដ្ឋានកែច្នៃ និងដំឡើងឡានបែនចង្កូតស្ដាំនៅក្រុងដូនកែវ គឺជារឿងមិនពិតទេ នេះបើតាមសម្ដីរបស់លោកស្រី គង់ សារុំ ប្រធានការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ។
ជំនាញខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ លោកស្រី គង់ សារុំ បានឲ្យដឹងកាលពីរសៀលថ្ងៃទី ២ ខែតុលាឆ្នាំ ២០១៩ នេះថា បន្ទាប់ពីក្រុមជំនាញបានចុះទៅដល់យានដ្ឋានឈ្មោះ ឃាង ហាក់ ដែលស្ថិតនៅភូមិថ្នល់បែកសង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានពិនិត្យឃើញថាមានរថយន្តចំនួន ៩ គ្រឿង នៅក្នុងរោងជាង ក្នុងនោះមានរថយន្ត៤ គ្រឿង (ចង្កូតឆ្វេង) មានផ្លាកលេខចូលមកជួសជុលធម្មតា និង ៥ គ្រឿងទៀតមានពន្ធ (ចង្កូតឆ្វេង) កំពុងធ្វើការកែច្នៃដូរជាប្រភេទ ២ កែមកជាឡានបែន។
លោកស្រី គង់ សារុំ បានបញ្ជាក់ថា នៅក្នុងខេត្តតាកែវ មានយានដ្ឋានជួសជុលកែច្នៃចំនួន ១៣៧ យានដ្ឋាន ដោយបានចុះបញ្ជីទាំងអស់ ហើយកម្លាំងជំនាញបានចុះធ្វើការណែនាំជាប្រចាំ ដើម្បីឲ្យអនុវត្តន៍តាមផ្លូវច្បាប់៕ដោយ៖តាកែវ