ភ្នំពេញ៖ អតីតអ្នកសារព័ត៌មាន វិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ផ្ដល់បទសម្ភាសន៍ ជាមួយ អ្នកសារព័ត៌មាន នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។
អង្គការ លីកាដូ បានផ្សាយព័ត៌មានថា នាព្រឹកថ្ងៃទី៣តុលានេះ សាលាដំបូងរាជធានីភ្នំពេញ ជាថ្មីម្ដងទៀត មិនទាន់បាន សម្រេចពី ការផ្ដន្ទាទោស ករណីអតីត អ្នកសារព័ត៌មាន វិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ដែលប្រឈមមុខ នឹងការចោទប្រកាន់ ពាក់ព័ន្ធ នឹងការផ្ដល់ព័ត៌មាន ឱ្យរដ្ឋបរទេស ដែលអាច ធ្វើឱ្យអន្តរាយការការពារជាតិ នៅឡើយទេ។ ចៅក្រមជំនុំជម្រះ បានចាត់តាំងចៅក្រមថ្មី ដើម្បីស៊ើបអង្កេតបន្ថែមទៀត លើករណីនេះ ដែលធ្វើឡើង បន្ទាប់ពីសវនាការ មួយដោយមិនបាន បង្ហាញពីភស្ដុតាង គួរឱ្យទុកចិត្តណាមួយ ក្នុងការដាក់បន្ទុក លើបទចោទទាំងនេះ។
អង្គការ លីកាដូ សំណូមពរ ដោយទទូចឱ្យអាជ្ញាធរមេត្តាទម្លាក់ចោល បទចោទទាំងអស់ ប្រឆាំងនឹងអតីតអ្នកសារព័ត៌មាន ទាំងពីរនាក់។
ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ បានប្រកាសសាលក្រម ចាត់របៀប នាព្រឹកនេះ ថា តុលាការមិនទាន់ បានសម្រេចពី ការផ្ដន្ទាទោស ករណីអតីតអ្នកសារព័ត៌មានទាំងពីរនាក់ទេ ប៉ុន្តែត្រូវធ្វើការស៊ើបអង្កេតបន្ថែមទៀត ទៅលើអង្គហេតុ មួយចំនួន ដូចជា ការធ្វើកោសល្យវិច័យ ចំពោះការវិភាគលើឧបករណ៍ ផ្ទុកឯកសារ (hard drives) ដែលតុលាការបានរក្សាទុក អស់រយៈពេល ជាង១៨ខែ មកហើយនោះ។ ពេលវេលា ជាក់លាក់នៃការស៊ើបអង្កេត បន្ថែមនេះ មិនទាន់ត្រូវបានកំណត់ទេ។ ការបន្តដំណើរការ ផ្លូវច្បាប់នេះ បង្ហាញថា អតីតអ្នកសារព័ត៌មានទាំងពីររូប ត្រូវបន្តប្រឈមនឹងបទចោទ ដែលមិនបាន លើកយកភស្ដុតាងជាក់លាក់ គួរឱ្យជឿទុកចិត្តណាមួយមកបង្ហាញ ។
លោក អ៊ួន ឈិន និងលោក យាង សុធារិន ត្រូវបាន ចោទប្រកាន់ តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ចំពោះសកម្មភាព ដែលអាច “ធ្វើឱ្យអន្តរាយការការពារជាតិ ” និងមាត្រា៣៨ និងមាត្រា៣៩ នៃច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើ ធ្វើអាជីវកម្មផ្លូវភេទ។ អ្នកទាំងពីរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំ សវនាការជាង៩ខែ មុនពេលដោះលែងឱ្យ នៅក្រៅឃុំវិញ។ អ្នកទាំងពីរបានបម្រើការ នៅវិទ្យុអាស៊ីសេរី មុនពេលដែលវិទ្យុនេះ សម្រេចបិទការិយាល័យ នៅរាជធានីភ្នំពេញ បន្ទាប់ពីបានអះអាងថា រងការគាបសង្កត់ពីសំណាក់អាជ្ញាធររដ្ឋ ដែលបានបិទ ការផ្សាយព័ត៌មាននៅតាមស្ថានីយវិទ្យុនានា ក្នុងនោះ មានការផ្សាយបន្តផ្ទាល់ របស់វិទ្យុអាស៊ីសេរី នៅតាមវិទ្យុមួយចំនួន ផងដែរ។
អ្នកទាំងពីរ បានបដិសេធ ការចោទប្រកាន់ទាំងនេះ ពីសំណាក់អាជ្ញាធរ ខណៈដែលស្ថាប័នធ្វើការលើបញ្ហាសិទ្ធិមនុស្ស ទាំងក្នុងស្រុក និងក្រៅស្រុក និងស្ថាប័នធ្វើការលើសេរីភាពសារព័ត៌មាន បានអំពាវនាវម្ដងហើយម្ដងទៀត សូមឱ្យទម្លាក់ ចោលបទចោទទាំងអស់ប្រឆាំង នឹងអ្នកសារព័ត៌មានទាំងពីរនាក់នេះ៕ ដោយ៖ កូឡាប