បុគ្គលិកម្នាក់បានចាក់សម្លាប់ប៉ូលីស ៣នាក់ និងបុគ្គលិរដ្ឋបាល ១ នៅទីស្នាក់ការកណ្តាលប៉ូលីស នៅកណ្តាលទីក្រុងប៉ារីស ប្រទេសបារាំង។ នេះបើតាមការចុះផ្សាយរបស់ BBC។
ជនល្មើសដែលមិនត្រូវបានគេបញ្ចេញឈ្មោះឲ្យដឹង ត្រូវបានបាញ់សម្លាប់ដោយប៉ូលីស។
សាក្សីបានពណ៌នាហេតុការណ៍នោះថា ជាហេតុការណ៍គួរឲ្យខ្លាច ដោយមនុស្សម្នាជាច្រើនបានរត់ចេញពីអគារទាំងយំស្រែក។
ការវាយប្រហារកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលប៉ូលីសបានបន្តធ្វើកូដកម្មទូទាំងប្រទេស ជុំវិញបញ្ហាកើនឡើងអំពើហឹង្សាលើមន្រ្តី។
ព្រះរាជអាជ្ញាក្រុងប៉ារីស បាននិយាយថា ការស៊ើបអង្កេតបានចាប់ផ្តើមធ្វើឡើង។
មូលហេតុដែលបណ្តាលឲ្យមានការវាយប្រហារបែបនោះ មិនទាន់ត្រូវាបានគេដឹងច្បាស់នៅឡើយទេ។ ប៉ុន្តែមន្រ្តីប៉ូលីសបានឲ្យដឹងថា ការវាយប្រហារនោះប្រហែលជាកើតឡើងដោយសារតែមានទំនាស់គ្នានៅកន្លែងធ្វើការ។
នៅម៉ោង ១ថ្ងៃត្រង់ ជនល្មើសត្រូវបានគេនិយាយថា បានចូលទៅក្នុងអគារ និងដើរតម្រង់ទៅកាន់ការិយាល័យរបស់គាត់ និងបានចាប់ផ្តើមធ្វើការវាយប្រហារទៅលើមនុស្សនៅកន្លែងនោះ។
ជនល្មើសបានចាក់មនុស្សចំនួន ៣នាក់នៅក្នុងការិយាល័យ ២ និងស្រ្តី ២នាក់ទៀតនៅលើជណ្តើរ មុនពេលជននោះត្រូវបានបាញ់សម្លាប់ដោយប៉ូលីស។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយបារាំង។
បុរស ៣នាក់ និងស្រ្តី ១នាក់បានស្លាប់ ខណៈដែលជនទី ៤រងរបួសធ្ងន់ក្នុងការវាយប្រហារ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អគារកើតហេតុស្តិតនៅក្បែរតំបន់ទេសចរណ៍សំខាន់ៗ រួមមានព្រះវិហារ Notre-Dame៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC