Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ ២០១៩

​សៀមរាប​៖ កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ ២០១៩ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ ២០១៩ នេះ​ក្រោម​អធិបតីភាព​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​បរិស្ថាន គណៈប្រតិភូ​តំណាង​ក្រសួងបរិស្ថាន​អាស៊ាន និង​មន្ត្រី​ស្ថាប័ន ពាក់ព័ន្ធ​នានា​សរុប​ប្រមាណ ៤០០​នាក់​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ក្រោយពី​ពិធី​បើក​ជា​ផ្លូវការ និង​មាន​ពិធី​ដាំ​ដើម​ផ្កាក្រវ៉ាន់ នៅ​សួន​ផ្កាក្រវ៉ាន់​សៀមរាប នៅមុខ​ប្រាង្គ​ប្រាសាទអង្គរវត្ត នៅពេល​ព្រឹក រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន នឹង​ចាប់ផ្តើម​កិច្ចប្រជុំ​លើក​ទី​១៥ របស់ខ្លួន​នៅពេល​រសៀល​ដើម្បី​ពិនិត្យ​លើ​កិច្ច សហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ​ក្នុង​បណ្តា​សមាជិក​អាស៊ាន​។ លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ដែល​កម្ពុជា ជា​ប្រធាន និង​ឥណ្ឌូណេស៊ី​ជា​អនុប្រធាន នឹង​ជជែក​ពិភាក្សា​លើ​បញ្ហា​ទាក់ទង នឹង​ការប្រែប្រួល​អាកាសធាតុ និរន្តរភាព​បរិស្ថាន​ទីក្រុង ការអភិរក្ស​ជីវៈចម្រុះ បរិស្ថាន​តំបន់ឆ្នេរ​សមុទ្រ ការងារ​អប់រំ​បរិស្ថាន ការគ្រប់គ្រង​ធនធានទឹក ការគ្រប់គ្រង​សារធាតុ​គីមី និង​សំណល់​គ្រោះថ្នាក់ ការគ្រប់គ្រង​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​ជាដើម​។​

​លោក នេត្រ ភក្ត្រា បានឱ្យដឹង​ផងដែរ​ថា នៅ​ថ្ងៃទី​២ នៃ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ឯកសារ​សំខាន់​ចំនួន ៣ នឹងត្រូវ​យកមក​ពិនិត្យ និង​អនុម័ត រួមមាន (១) សេចក្តីព្រាង​សេចក្តីថ្លែងការណ៍​រួម​អាស៊ាន ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៅ​កិច្ចប្រជុំ​កំពូល​លើក​ទី ២៥ នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP25-UNFCCC) (២) សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​អាស៊ាន ស្តីពី​បរិស្ថាន និង (៣) សំណើសុំ​ដាក់បញ្ចូល​ឧទ្យាន​ជាតិ របស់​ប្រទេស​ថៃ វៀតណាម មី​យ៉ាន់​ម៉ា សរុប​ចំនួន ៥ ទៅជា​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​។ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​នេះដែរ កម្ពុជា​នឹង​ទទួល​រៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​សាលា​មេត្រីភាព​បរិស្ថាន​អាស៊ាន លើក​ទី​៣ និង​យុវជន​ឆ្នើម​មេត្រីភាព បរិស្ថាន​អាស៊ាន​លើក​ទី​១ សម្រាប់​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់ តាមរយៈ​មូលនិធិ​សមាហរណកម្ម​អាស៊ាន​-​ជប៉ុន ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា ជា​ប្រធាន​កិច្ចប្រជុំ​និង​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​។​

​ចំណែក​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ ២០១៩ ដែលជា​ថ្ងៃទី​៣ នៃ​កិច្ចប្រជុំ​លើក​ទី​១៥ នឹងមាន​កិច្ចប្រជុំ​លើក​ទី ១៥ នៃ​សន្និសីទ​ភាគី​កិច្ចព្រមព្រៀង​អាស៊ាន ស្ដីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​។ ។ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ក៏បាន​ឱ្យដឹង​ផងដែរ​ថា នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ក៏មាន​កិច្ចប្រជុំ​លើក​ទី​១៦ នៃ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​បូក ៣ (​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​) ដែល​ផ្ដោត​សំខាន់​លើ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន រវាង​អាស៊ាន និង​ប្រទេស​ដៃគូ​សន្ទនា​។ ទន្ទឹមនឹងនេះ ក៏មាន​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​-​ជប៉ុន ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ សហប្រតិបត្តិការ​បច្ចុប្បន្ន និង​គំនិត​ផ្តួចផ្តើម​សំណើ​ថ្មីៗ រួមមាន​ដូចជា ប្រព័ន្ធ​ផ្ទៀងផ្ទាត់​បច្ចេកទេស​បរិ​ស្ថាន ការផ្ទេរ​បច្ចេកវិទ្យា និង​សំណល់​ប្លា​ស្ទិ​ក​សមុទ្រ​។​

​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន តែងតែ​ធ្វើ​រៀងរាល់ ២ ឆ្នាំ​ម្តង ក្នុង​គោលបំណង ជជែក​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ប​រិ​ស្ថាន​នៅក្នុង​តំបន់​។ កិច្ចប្រជុំ​លើក​ទី​១៤ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រួមទាំង​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​សន្ទនា ត្រូវបាន​ប្រារព្ធ​ធ្វើឡើង កាលពី​ខែកញ្ញា ឆ្នាំ ២០១៧ នៅ​ប្រទេស​ប្រ៊ុយណេ​ដែលជា​ប្រទេស​ម្ចាស់ផ្ទះ​៕​ ដោយ ​៖​ កូ​ឡាប​