ភាពស្មោះត្រង់របស់សត្វឆ្កែ ចំពោះក្រុមគ្រួសារមនុស្ស ពិតជារកអ្វីស្មើបាននោះទេ ។ ពិតណាស់ មនុស្សជាច្រើនបានចិញ្ចឹមឆ្កែធ្វើជាសត្វចិញ្ចឹម និងបានដឹងអំពីលក្ខណៈស្មោះត្រង់ និងសេចក្តីស្រលាញ់ដែលពួកវាបានធ្វើ ។ សត្វឆ្កែ និងមនុស្សបង្កើតជាចំណងពុំអាចកាត់ផ្តាច់បាន សូម្បីតែក្រោយពេលស្លាប់ ។
យ៉ាងណាមិញ នៅក្នុងប្រទេសម៉ាឡេស៊ី ឯណេះវិញ បណ្តាមិត្តភក្តិ និងក្រុមគ្រួសារនៃសពស្ត្រីចំណាស់ម្នាក់ បាននាំគ្នារំជួលចិត្តជំនួសជាខ្លាំង ខណៈឃើញសត្វឆ្កែ១ក្បាល បង្ហាញអារម្មណ៍ស្រងះស្រងោចយ៉ាងខ្លាំង នៅឯកន្លែងផ្នូរបញ្ចុះសពម្ចាស់បែបនេះ ។
ជាក់ស្តែង នៅស្ត្រីនោះនៅមានជីវិត គាត់តែងផ្តល់ក្តីស្រលាញ់របស់គាត់ចំពោះសត្វឆ្កែ១ក្បាលនេះ ដែលមានឈ្មោះថា Bobby ដែលតែងស្ថិតនៅក្បែរគាត់ស្ទើរគ្រប់ពេលវេលា ។
ចៅប្រុសរបស់ស្ត្រីដែលបានស្លាប់នោះឈ្មោះ Leong Khai Wai និយាយថា Bobby បានរត់តាមក្បូនដង្ហែសព ទៅកាន់ទីបញ្ចុះសព ដែលមានចម្ងាយផ្លូវធ្វើដំណើរ ៣ គីឡូម៉ែត្រ ។
Leong និយាយថា៖ «ខ្ញុំមិនបានគិតថា នរណាម្នាក់ដឹងថា វាកំពុងរត់ដេញតាមក្បូនដង្ហែសពលោកយាយរបស់ខ្ញុំបែបនេះទេ» ។
ភ្លាមៗ ខណៈពេលពួកគេបានទៅដល់កន្លែងបញ្ចុះសព Bobby ក៏បានបង្ហាញខ្លួន និងអង្គុយក្រាបនៅផ្នែកម្ខាងនៃផ្នូររបស់ម្ចាស់វា ។ វាបដិសេធពុំចាកចេញទេ ដែលហាក់ដូចជាវាយល់ដឹងថា រណ្តៅជីកនោះនឹងសម្រាប់ដាក់អ្វី ។
នៅពេលមឈូសត្រូវបានដាក់ចុះក្នុងរណ្តៅ, Bobby ក៏បានបង្ហាញទឹកមុខក្រៀមក្រំ ។ វាបានដឹងថា នេះជាពេលវេលាចុងក្រោយ ដែលវានឹងអាចឃើញមិត្តដ៏ល្អបំផុតរបស់វា ដែលធ្វើឲ្យអ្នកកាន់ទុក្ខរំជួលចិត្តតាមហូរទឹកភ្នែកឥតល្ហែ ។
ពួកគេនិយាយថា នេះជាលើកដំបូងហើយ ដែលបានឃើញភាពស្មោះត្រង់ដ៏ធំធេងរបស់សត្វឆ្កែបែបនេះ ៕ ចន្ទី