កណ្តាល៖ អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ករណីអំពើហិង្សាក្នុងគ្រួសារ ដោយជនសង្ស័យជាកូន បានផឹកស្រាស្រវឹង ហើយជេរប្រមាថលើម្តាយ និងប្រពន្ធ ព្រមទាំងយកដំបងឫស្សី ដេញវាយប្រពន្ធនិងម្តាយ ហើយប្រពន្ធនិងម្តាយបានរត់គេចចេញពីផ្ទះ។
កើតហេតុថ្ងៃចន្ទ ទី៧ តុលា ២០១៩ វេលាម៉ោង ១៤ ចំណុចភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ ២ នាក់ ១.ឈ្មោះ ស៊ិន ចរិយា ភេទ ស្រី អាយុ ៦២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីពេទ្យចូលនិវត្តន៍ មានទីលំនៅភូមិ.ឃុំ.កើតហេតុ (ជាម្តាយបង្កើត)។ ២.ឈ្មោះ កែ ស្រីពៅ ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ.ឃុំ.កើតហេតុ (ជាប្រពន្ធ)។ ចំណែកជនសង្ស័យ ឈ្មោះ ទេយ្យ សុវណ្ណដារ៉ា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ.ឃុំ.កើតហេតុ (ជាប្តី) (ឃាត់ខ្លួន)។
នគរបាលមូលដ្ឋាន បានបញ្ជាក់ពីសភាពរឿងហេតុនេះថា កន្លងមក ជនសង្ស័យតែងតែផឹកស្រាស្រវឹង រករឿងជេរប្រមាថ គំរាម លើម្តាយបង្កើតឈ្មោះ ស៊ិន ចរិយា និងប្រពន្ធខ្លួនឈ្មោះ កែ ស្រីពៅ ជាច្រើនលើកមកហើយ។ នៅថ្ងៃទី៦ តុលា ២០១៩ ម៉ោង ១៦ ជនសង្ស័យ បានផឹកស្រាស្រវឹង ជេរប្រមាថលើប្រពន្ធ និងយកដំបងឫស្សី ដេញវាយប្រពន្ធ តែវាយមិនបាន ដោយប្រពន្ធគេចទៅក្រុងតាខ្មៅ។ លុះដល់ថ្ងៃទី៧ តុលា ២០១៩ ម៉ោង ១០:៣០ នាទី ឈ្មោះ កែ ស្រីពៅ និងម្តាយក្មេកឈ្មោះ ស៊ិន ចរិយា បានត្រឡប់ពីក្រុងតាខ្មៅមកផ្ទះវិញ។ លុះដល់ម៉ោង ១៤:០០ នាទី ជនសង្ស័យបានផឹកស្រាស្រវឹង ជេរប្រមាថលើម្តាយ និងប្រពន្ធ ព្រមទាំងយកដំបងឫស្សី ដេញវាយប្រពន្ធនិងម្តាយ ហើយប្រពន្ធនិងម្តាយ បានរត់គេចចេញ បន្ទាប់មកជនសង្ស័យយកដំបងឫស្សី វាយលើសម្ភារនៅមុខផ្ទះមាន បង្គោលរបង និងវត្ថុផ្សេងៗទៀត ហើយម្តាយនិងប្រពន្ធបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលព្រែកអំពិល កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ