ក្រុមហ៊ុនផ្គត់ផ្គងអគ្គិសនី PG & E អាមេរិចបានប្រកាសថា ខ្លួនប្រហែលជានឹងធ្វើការកាត់ផ្តាច់ការផ្គត់ផ្គងអគ្គិសនី នៅសប្តាហ៍នេះក្នុងតំបន់ជិត ៣០ក្នុងរដ្ឋកាលីហ្វញ៉ា ដើម្បីឆ្លើយតបទៅនឹងអាកាសធាតុស្ងួតខ្លាំង និងមានខ្យល់ខ្លាំង ដែលអាចបណ្តាលឲ្យមានអគ្គិភ័យកើតឡើង។
លោក Sam Liccardo អភិបាលក្រុង San Jose បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា “ពួកយើងសូមធ្វើការប្រាប់ឲ្យប្រជាជន និងក្រុមហ៊ុនទាំងអស់ត្រៀមខ្លួនសម្រាប់ការគ្មានអគ្គិសនីរយៈពេលរហូតដល់ ៧ថ្ងៃ”។
មនុស្សចំនួនប្រហែល ២លាននាក់អាចនឹងរងផលប៉ះពាល់ ប្រសិនជាមានការផ្តាច់អគ្គិសនីនៅថ្ងៃពុធស្អែកនេះ។ សាលារៀនចំនួន ៦៧ក៏នឹងប៉ះណាល់ផងដែរ។
ក្រុមហ៊ុនធ្លាប់បាននិយាយថា កាលពីឆ្នាំ ២០១៨ ឧបករណ៍របស់ខ្លួនប្រហែលជាអ្នកធ្វើឲ្យមានអគ្គិភ័យ នៅពេលដែលខ្សែថាមពលប៉ះនឹងដើមឈើ។
ស្ថាប័នបង្ការអគ្គិភ័យ និងព្រៃឈើក្នុងរដ្ឋាកាលីហ្វញ៉ា បានធ្វើការស៊ើបអង្កេត និងបានរកឃើញថា ក្រុមហ៊ុនខាងលើជាអ្នកធ្វើឲ្យមានអគ្គិភ័យកាលពីឆ្នាំ ២០១៨ ដែលបណ្តាលឲ្យមនុស្ស ៨៥នាក់ស្លាប់។
ស្ថាប័នព្យាករណ៍អាកាសធាតុបានចេញសេចក្តីប្រកាសថា ដោយធ្វើការព្រមានពីអគ្គិភ័យនៅក្នុងរដ្ឋាកាលីហ្វញ៉ា ចាប់ពីថ្ងៃពុធ ដល់ព្រហស្បតិ៍ និងព្យាករណ៍ថានឹងមានខ្យល់ខ្លាំង និងស្ងួត ដែលធ្វើឲ្យមានសំណើមទាប៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN