ខេត្តកណ្តាល៖ នគរបាលស្រុកស្អាង បានឲ្យដឹងថា រន្ធត់ណាស់… ស្លាប់2នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរ រវាងម៉ូតូ និងរថយន្ត ករណីនេះ កើតហេតុនៅថ្ងៃចន្ទទី ៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២២និង៥០នាទី នៅចំណុចលើផ្លូវលេ២១ ស្ថិតក្នុងភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល។
នគរបាលមូលដ្ឋាន បានបញ្ជាក់ពីសភាពនៃរឿងហេតុនេះថា នៅថ្ងៃខែឆ្នាំកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D0143 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចភូមិឃុំកើតហេតុ ក៏មានម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1HP8862 បើកបរដោយឈ្មោះ វៀង តាំ ភេទប្រុសអាយុ ៣៣ឆ្នាំ មានទីលំនៅភូមិ ព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកម្មករ រួមដំណើរដោយឈ្មោះសុខ ប៉េង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរជាងម៉ាស៊ីន បានធ្វើដំណើរពីត្បូងទៅជើងហើយក៏បានបុកគូទឡានដឹកត្រី ដែលកំពុងបើកនៅខាងមុខ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។
ចំណែកវត្ថុតាងទាំង២ ប៉ូលីសបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសុំណុំរឿងតាមនីតិវិធី ។
នគរបាលបានសន្និដ្ឋានថា ផ្អែកតាមការចុះពិនិត្យនៅកន្លែងកើតហេតុ ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូC១២៥ បើកបរធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបើកបុករថយន្តពីក្រោយបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើង ៕ដោយ៖កូឡាប