Wednesday, May 25, 2022

ចោរ​… លើ​ចោរ ! ប៉ូលិស​ជិះ​កង់​រវល់​ចុះ​បំពេញ​ការងារ​ពិនិត្យ​កង់​សង្ស័យ​ត្រូវ​លួច បែរ​មក​វិញ​កង់​របស់​ខ្លួន​ត្រូវ​លួចបាត់​

ហេតុការណ៍​គួរឲ្យ​អស់សំណើ​ចនេះ កើតឡើង​ពី​ថ្ងៃ​ទី ២/១ នា​ទីក្រុង Leshan ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន​។ ប៉ូលិស​ឈ្មោះ Gao Xiaoping កំពុង​ធ្វើដំណើរ​ទៅកាន់​ក្លិប​ហាត់ប្រាណ ក៏​សម្លឹង​ឃើញ​បុរស​គួរឲ្យ​សង្ស័យ​ម្នាក់​កំពុង​បណ្តើរកង់​អគ្គិសនី នៅតាម​ផ្លូវ​។​

Xiaoping បាន​ទុក​កង់​ខ្លួនឯង​ចោល ហើយ​រត់​ទៅ​ពិនិត្យមើល​បុរស​សង្ស័យ​រូប​នេះ​។ ក្រោយពេល​បុរស​នោះ ពុំ​បង្ហាញ​បាន​សោរ​ចាក់​កង់ ព្រមទាំង​ឃើញ​មាន​ទួនឡឺវីស កាន់​នៅ​ដៃ​របស់​លោក ក៏​បាន​ទូរស័ព្ទ​ហៅ​មិត្ត​រួម​អាជីព ហើយ​ចោរ​រូបនេះ​បាន​ត្រូវ​ចាប់ខ្លួន​។​

ក្នុង​រង្វង់​ស្ត្រី​ម្នាក់​បាន​ឆ្លៀតឱកាស “​ញឹង​” យក​កង់​របស់​ប៉ូលិស​ទៅ​បាត់​។​

​ប៉ុន្តែ​ពេល​ត្រឡប់​មក​បំណង​យក​កង់​របស់​ខ្លួន​វិញ ដែល​ស្ថិតនៅ​ចម្ងាយ​ពី​ទីនោះ​ប្រមាណ ១០​ម៉ែត្រ​ប៉ុណ្ណោះ ស្រាប់តែ​កង់​របស់​លោក​ដែល​គ្មាន “​ស្លាប​” បាន​ហោះហើរ​ទៅ​បាត់​។​

​ក្រោយពេល​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​ជិត​នោះ​ក៏​ឃើញ​នារី​ម្នាក់​បាន​យក​កង់​របស់ Xiaoping ចេញ​ទៅ​បាន់​។ គេ​ពុំ​ដឹងថា ជនល្មើស​មាន​ត្រូវ​ចាប់ខ្លួន​បាន​ដែរឬទេ​។

​រឿងរ៉ាវ​កាន់តែ​យ៉ាប់ ព្រោះ​Xiao Ping បាន​ជួល​កង់​នេះ​ជិះ​ពី​ក្រុមហ៊ុន​មួយ​។ សំណាងល្អ ដែល​ម្ចាស់​ក្រុមហ៊ុន​បាន​ឲ្យ​សង​ត្រឹម ១៥​យាន់ (​ប្រហែល ២,៣​ដុល្លារ​) ប៉ុណ្ណោះ​៕ ចន្ទ្រា​