ភ្នំពេញ៖យុវជនម្នាក់ត្រូវបានឃាតកចាក់សម្លាប់ដោយមិនដឹងពីមូលហេតុ កាលពីម៉ោង២រំលងអធ្រាត្រ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ុនធឿន ធារ៉ា ធាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះនេះ កន្លងមកគេធ្លាប់ត្រូវបានគេចាក់សម្លាប់ម្ដងរួចមកហើយ តែមិនស្លាប់ ហើយនៅលើកទី២នេះក៏ត្រូវបានជនបង្កមួយក្រុម បានប្រើដែកឆាប និងកាំបិត កាប់ចាក់ និងអារក ដែលបណ្តាលធ្លាយបេះដូង ស្លាប់ក្នុងថ្លុកឈាម។
មន្ត្រីនគរបាលមូលដ្ឋានដដែល បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយផឹកស្រា មានពីកន្លែងកើតហេតុចំងាយប្រហែលជា៥០ម៉ែត្រ ដោយមានគ្នាចំនួន៥នាក់ ខណៈអង្គុយផឹកស្រាបានមួយសន្ទុះ ក៏មានមិត្តភក្តិជនរងគ្រោះម្នាក់ទៀត មកហៅជនរងគ្រោះចេញទៅបាត់ មិនដឹងចេញណាទេ លុះមកដល់ម៉ោងប្រហែលជាង១យប់ ជនរងគ្រោះត្រឡប់មកវិញ ដោយមានស្នាមរបួសពេញខ្លួន ហើយបានស្រែកហៅឲ្យពូជួយ ពេលនោះពូជនរងគ្រោះក៏ចុះពីលើផ្ទះ ហើយក៏បានឃើញជនរងគ្រោះប្រកាច់ស្លាប់បាត់ទៅហើយ៕ ដោយ៖បញ្ញាស័ក្តិ