សហរដ្ឋអាមេរិចបាននិយាយថា ខ្លួននឹងធ្វើការរឹតបណ្តឹងការចេញទិដ្ឋាការ ឲ្យមន្រ្តីចិនទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិ របស់ជនជាតិដើមភាគតិចវីហ្គ័រ នៅខេត្ត Xinjiang ប្រទេសចិន។

វិធានការរបស់អាមេរិចនេះ កើតឡើងបន្ទាប់ពីមហាអំណាចពិភពលោកនេះ បានដាក់បញ្ជូលអង្គការរបស់ចិនចំនួន ២៨ក្នុងបញ្ជីខ្មៅ ទាក់ទងនឹងការរំលោភសិទ្ធិជនជាតិវីហ្គ័រ។ អង្គការដែលស្ថិតក្នុងបញ្ជីខ្មៅ ត្រូវបានហាមប្រាម មិនឲ្យទិញផលិផលពីក្រុមហ៊ុនអាមេរិច ដោយគ្មានការអនុញ្ញាតពីទីក្រុងវាស៊ីនតោនឡើយ។
រដ្ឋមន្រ្តីការបរទេសអាមេរិច លោក Mike Pompeo បានថ្លែងថា រដ្ឋាភិបាលចិនបានចាប់ផ្តើម អនុវត្តន៍ធ្វើជំរុំគាបសង្កត់ជនជាតិដើមភាគតិចទាំងនោះ។
ប៉ុន្តែភាគីខាងចិនបានបដិសេធការចោទប្រកាន់នោះថា គ្មានមូលដ្ឋាន។
នៅក្នុងសេចក្តីប្រកាស រដ្ឋមន្រ្តីការបរទេសខាងលើ បានចោទរដ្ឋាភិបាលចិនថា បានប្រព្រឹត្តរំលោភបំពានជាច្រើនប្រឆាំង ទៅនឹងក្រុមជនជាតិដើមភាគតិច ដែលកាន់សាសនាអ៊ីស្លាម។
ការរំលោភបំពានទាំងនោះរួមមាន ការឃុំឃាំងនៅជំរុំ ការស៊ើបការណ៍ ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើសេរីភាពនៃវប្បធម៌ និងអត្តសញ្ញាណ ព្រមទាំងការបង្ខិតបង្ខំបុគ្គល ឲ្យធ្វើការត្រឡប់ចូល ទទួលយកវាសនាប្រកបដោយគ្រោះថ្នាក់នៅចិនវិញ។
ជុំវិញការចោទប្រកាន់ ត្រូវបានភាគខាងចិនទាត់ចោល។
“មិនមានអ្វីដែលហៅថាបញ្ហារំលោភសិទ្ធិមនុស្ស ដែលអះអាងដោយសហរដ្ឋអាមេរិចឡើយ”។ នេះបើតាមការបញ្ជាក់ត្រឡប់មកវិញ ពីអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang កាលពីថ្ងៃចន្ទកន្លងទៅនេះ។
លោកបញ្ជាក់ថែមថា “ការចោទប្រកាន់ទាំងនោះ មិនមានអ្វីជាជាងលេស របស់អាមេរិច ក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនឡើយ”៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC


