ភ្នំពេញ៖ ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មានអំពីដំណើរទស្សនកិច្ចផ្លូវការនាយករដ្ឋមន្ដ្រីចិននៅលើទឹកដីកម្ពុជា។
បើតាមសេចក្តីជូនព័ត៌មាននៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ដ្រីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក លី ខឺឈាង នឹងចូលគាល់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។
លោក លី ខឺឈាង នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ហើយនិងពិធីប្រកាសជាផ្លូវការអំពីគម្រោង “ដំណើរនៃក្ដីស្រលាញ់ពីបេះដូង” នៅកម្ពុជា ជំនួយឥតសំណងសម្រាប់គម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោក លី ខឺឈាង នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះបរមរតនកោដ្ឋ។
ទស្សនកិច្ចផ្លូវការរបស់លោក លី ខឺឈាង ដែលនឹងប្រព្រឹត្តទៅក្នុងពេលចាប់ផ្តើមខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នឹងពង្រឹងបន្ថែមទៀត នូវភាពជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ៕ ដោយ៖កូឡាប