ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ ឲ្យកម្លាំងនគរបាលបង្កើន ការបង្ក្រាបបទល្មើសថែមទៀត ហើយបង្កើនការរៀបចំសំណុំរឿង ដាក់បន្ទុកឲ្យធ្ងន់ គឺយើងរៀបចំសំណុំទៅជាបទឧក្រិដ្ឋ ដើម្បីកុំឲ្យធ្វើសកម្មភាពល្មើសតទៅទៀត ។
នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នេះ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ទៅលើបញ្ហាមួយចំនួន ៖ ទី១.គឺបានវាយតម្លៃអំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសភាពការណ៍បទល្មើស ដែលក្នុងរយៈពេល១ខែធ្នូ កន្លងមកនេះ ជារួមគឺ ទាំងសភាពការណ៍សន្តិសុខ បទល្មើស សណ្តាប់ធ្នាប់ ទាំងសភាពការណ៍សន្តិសុខតាមព្រំដែន គឺកងកម្លាំងនគរបាលជាតិបានរួមចំណែក និងបានដើរតួនាទីសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា “ សភាពការណ៍សន្តិសុខគឺវិវត្តន៍ល្អប្រសើរមិនមានអីកត់សម្គាល់នោះទេ ទោះបីថាក្នុង១ខែនេះ មានបាតុកម្ម កូដកម្ម ១៣០លើក មានពិធីតូចធំដែលត្រូវការពារ ៨៤៤លើក តែនគរបាលបានរៀបរយសម្របសម្រួលបានល្អ មិនមានអំពើហិង្សាកើតឡើង និងរាល់កម្មវិធីទាំងអស់នគរបាលបានរក្សាការពារសុវត្ថិភាពទាំងស្រុង ។ សភាពការណ៍បទល្មើសជារួម បទល្មើសព្រហ្មទណ្ឌមានការថយចុះ ១ភាគរយ ប៉ុន្តែអ្វីដែលយើងកត់សម្គាល់គឺ បទល្មើសឧក្រិដ្ឋថយ ១៩ភាគរយ ជាពិសេសគឺបទល្មើសប្លន់ ប៉ុន្តែយើងកត់សម្គាល់បទល្មើសមជ្ឈឹមមានការកើនឡើង ៤ភាគរយ ក្នុងនោះបទល្មើសឆក់ដែលនគរបាលមានការយកចិត្តទុកដាក់គឺមានការកើនឡើង ៣លើក ដែលខែមុនមាន ២៩លើក ខែនេះ៣២លើក ។ ប៉ុន្តែសរុបមកវិញទាក់ទងនិងសភាពការណ៍បទល្មើសព្រហ្មទណ្ឌនេះ គឺនគរបាលបានតស៊ូបង្ក្រាបទទួលបានលទ្ធផលខ្ពស់ណាស់ គឺ ៨៦ភាគរយ នៃរឿងហេតុដែលកើតឡើង ហើយក្នុងនោះបទល្មើសឆក់ដែលនគរបាលបានយកចិត្តទុកដាក់ ទោះបីក្នុង១ខែកន្លងមកនេះកើន៣លើក មានន័យថា កើត ៣២លើក ប៉ុន្តែនគរបាលតាមបង្ក្រាបបាន ៣០លើក អញ្ចឹងរួចខ្លួនតែ ២ ” ។
លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បន្តថា កិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់ទៅលើការងារចរាចរណ៍ផងដែរ ដោយពិនិត្យឃើញថាគ្រោះថ្នាក់ចរាចរណ៍នៅមានចំនួនច្រើននៅឡើយ អ្នកស្លាប់ក៏ច្រើន ដូច្នេះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា “ធ្វើម៉េច គឺទូទាំងប្រទេសអនុវត្តឲ្យបានព្រមៗគ្នារឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសផ្តោតទៅលើការជិះម៉ូតូមិនពាក់មួក និងបើកបរលើសល្បឿនកំណត់ ដែលជាមូលហេតុដែលបណ្តាលឲ្យស្លាប់ និងគ្រោះថ្នាក់ច្រើន “៕ ដោយ៖បញ្ញាស័ក្តិ