Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​កសិកម្ម​កម្ពុជា បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​

​ភ្នំពេញ ​៖ ឯកអគ្គរាជទូត​ជប៉ុន បានបញ្ជាក់​រដ្ឋមន្ត្រី​កសិកម្ម​ថា វិស័យ​កសិកម្ម​កម្ពុជា បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​ជា​វិស័យ​ដែលមាន​សក្តានុពល​ខ្ពស់ សម្រាប់​អនាគត ។

លោក វេ​ង សាខុន រដ្ឋមន្ដ្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជួប​លោក MIKAMI Masahiro ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ដើម្បី​សម្តែង​ការគួរសម នៅ​ទីស្តីការ​ក្រសួងកសិកម្ម​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​នេះ​។​

​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​ប្រជាជន និង​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ឲ្យ​មានការ​រីកចម្រើន តាមរយៈ​គម្រោង​អភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ការជួយ​កសាង ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍​សំខាន់ៗ​ដូចជា​ស្ពាន ផ្លូវថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ដែល​រចនាសម្ព័ន្ធ​ទាំងអស់នោះ គឺជា​សរសៃឈាម រុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា នាពេល​បច្ចុប្បន្ន និង​បន្ត​រក្សា​កំណើន​នេះ ឲ្យ​មាន​និរន្តរភាព​នាពេល​អនាគត​។​

​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការបន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ JICA លើ​ការងារ​បណ្តុះបណ្តាល បច្ចេកទេស ការពង្រឹង​សមត្ថភាព​សហគមន៍​កសិកម្ម ទីផ្សារ​កសិកម្ម និង​ថ្មីៗ​នេះ បាន​ជួយ​បង្កើត​មជ្ឈមណ្ឌល​ពិសោធន៍​គីមី និង​វេច​ខ្ចប់​បន្លែ​សុវត្ថិភាព ហើយ​លោក​រដ្ឋមន្ត្រី សង្ឃឹម​និង​ជឿជាក់ថា រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​លោក​ឯកអគ្គរាជទូត​ថ្មី នឹង​បន្ត​គាំទ្រ និង​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​កសិកម្ម ដោយ​ផ្តោតជាសំខាន់​លើ​ការគាំទ្រ ដល់​ការបង្កើន សមត្ថភាព​សហគមន៍ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ បច្ចេកវិទ្យា និង​បច្ចេកទេស​ក្នុង​ការធ្វើ​កសិកម្ម​តាមបែប​ទំនើប លើកកម្ពស់​ការកែច្នៃ វេច​ខ្ចប់​ប្រកបដោយ​គុណភាព និង​ស្តង់ដារ និង​កៀរគរ​វិនិយោគិន ពី​ប្រទេស​ជប៉ុន​មក​វិនិយោគ ដើម្បី​អភិវឌ្ឍន៍​វិស័យនេះ ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។​

​លោក​ឯកអគ្គរាជទូត បាន​ថ្លែងថា លោក​ពិតជា​រីករាយ ដែលមាន​ឱកាស​មក​បំ​ពេញ​បេសកកម្ម ក្នុង​កម្ពុជា ហើយ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​វិវឌ្ឍន៍​រីកចម្រើន ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ផងដែរ​។​

​លោក​ឯកអគ្គរាជទូត បានបញ្ជាក់​បន្ថែមថា វិស័យ​កសិកម្ម​កម្ពុជា បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​ជា​វិស័យ​ដែលមាន​សក្តានុពល​ខ្ពស់ សម្រាប់​អនាគត តែ​ក្នុងពេល​បច្ចុប្បន្ននេះ គឺ​កំពុងមាន​ប្រឈម​ជាមួយ នឹង​បញ្ហា​កង្វះខាត ខាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ គឺ​នៅមានកម្រិត ហេតុដូច្នេះ ក្នុង​អាណត្តិ​ថ្មី​នេះ លោក​នឹង​ខិតខំ​បន្ត​សហការ និង​គាំទ្រ​ឲ្យ​អស់​លទ្ធភាព ជាពិសេស នឹង​ពិនិត្យ​ពិចារណា​លើ​គម្រោង​ថ្មីៗ ដែល​អាចជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ព្រមទាំង​ខិតខំ​កៀរគរ វិនិយោគិន​ជប៉ុន​មក​សិក្សា ពី​ឱកាស​វិនិយោគ​លើ​វិស័យនេះ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​ទីផ្សារ លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាកសិករ និង​ជារួម​អភិវឌ្ឍន៍​វិស័យនេះ ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕​​ ដោយ​៖​កូ​ឡាប​