អាមេរិចកំពុងបង្កើតសម្ពាធលើប្រទេសតួកគី ដើម្បីបញ្ឍប់ប្រទេសនេះពីការវាយប្រហារទៅលើតំបន់ដែលកាន់កាប់ដោយកងកម្លាំង Kurd ក្នុងប្រទេសស៊ីរី។
Kurd គឺជាកងកម្លាំងសម្ព័ន្ធមិត្តរបស់អាមេរិចដែលក្រុមនេះបានជួយអាមេរិចក្នុងប្រយុទ្ធប្រឆាំងទៅនឹងក្រុមរដ្ឋអ៊ីរស្លាម ក្នុងប្រទេសស៊ីរ។
រដ្ឋមន្រ្តីការពារជាតិអាមេរិច លោក Mark Esper បានព្រមានពីផលវិបាកដែលតួកគីនឹងជួប ខណៈដែលរដ្ឋមន្រ្តីរតនាគារ Stven Mnuchin បង្ហាញពីក្តីសង្ឃឹមក្នុងការដាក់ទណ្ឌកម្មលើតួកគី។
ការផ្តើមវាយប្រហាររបស់តួកគីទៅលើតំបន់ដែលគ្រប់គ្រងដោយកងកម្លាំង Kurd កើតឡើងក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តដកទ័ពចេញពីតំបន់ទាំងនោះ។
លោកថ្លែងថា លោកចង់សម្របសម្រួល និងចរចារឲ្យមានបទឈប់បាញ់គ្នារវាងតួកគី និង កងកម្លាំង Kurd។
ទោះយ៉ាងណា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និយាយថាកិច្ចប្រតិបត្តិការយោធារបស់តួកគីនៅតែបន្តដដែល។
បើតាមសេចក្តីរាយការណ៍របស់អង្គការសហប្រជាជាតិ មនុស្សច្រើនជាង ១០០.០០០នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ចាប់តាំងពីមានការវាយប្រហារកើតឡើងថ្ងៃពុធមក។
អ្នករិះគន់និយាយថាការដកទ័ពអាមេរិចចេញបានផ្តល់ភ្លើងបៃតងដល់តួកគីក្នុងការចាប់ផ្តើមការវាយប្រហាររបស់ខ្លួននៅតាមតំបន់ព្រំដែន ដែលប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និយាយថាការវាយប្រហារគឺដើម្បីបង្កើតតំបន់សុវត្ថិភាពតាមបណ្តោយព្រំដែនប្រវែង ៤៨០គីឡូម៉ែត្រជាមួយនឹងស៊ីរី។
កងកម្លាំងរបស់ Kurd នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី បានគ្រប់គ្រងតំបន់ឆ្លងព្រំដែន ប៉ុន្តែក្រុមនេះត្រូវបានតួកគីហៅថាជាក្រុមភេរវជន ដែលបានគាំទ្រក្រុមប៉ះបោរប្រឆាំងតួកគី៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC