ភ្នំពេញ៖ បញ្ហាព្រំដែនកម្ពុជាវៀតណាម លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ បានបញ្ជាក់ឲ្យដឹងថា ពាក់ព័ន្ធនឹងរឿងវៀតណាម កាត់ផ្តាច់ច្រកព្រំដែនទាំង៤ខ្សែ នៅព្រំដែនខេត្តរតនគិរី នៅអំឡុងខែធ្នូនោះ បញ្ហានេះមិនទាន់មានអីធំដុំទេ ហើយគណៈបញ្ជាការឯកភាពខេត្តរតនគិរី កំពុងតែដោះស្រាយបញ្ហានេះហើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា កាលពីខែធ្នូ ឆ្នាំ២០១៧ថ្មីៗនេះ ភាគីវៀតណាម បានជីកផ្លូវកាត់ផ្ដាច់ការធ្វើដំណើរនៅច្រកចំនួន៤កន្លែង ស្ថិតនៅក្នុងភូមិសាស្ដ្រស្រុកអណ្ដូងមាស ខេត្តរតនគីរី ដោយសារខឹងភាគីកម្ពុជា មិនយល់ព្រមតាមសំណើសុំបើកជាច្រកផ្លូវការ។ លោកបញ្ជាក់ថា “ក្នុងខែធ្នូឆ្នាំ២០១៧ សភាពការណ៍សន្ដិសុខនៅតាមតំបន់ព្រំដែនជាទូទៅមានលក្ខណៈស្ងប់ស្ងាត់ ប៉ុន្ដែកត់សម្គាល់ភាគីវៀតណាម បានជីកផ្លូវកាត់ផ្ដាច់ការធ្វើដំណើរនៅច្រកចំនួន៤កន្លែង ស្ថិតនៅក្នុងភូមិសាស្ដ្រស្រុកអណ្ដូងមាស ខេត្តរតនគីរី ដោយមូលហេតុខឹងភាគីកម្ពុជា មិនយល់ព្រមតាមសំណើសុំបើកជាច្រកផ្លូវការ”។
កាលពីថ្ងៃទីទី១៥ ខែមីនា ឆ្នាំ២០១៧ ក្រោយបញ្ចប់កិច្ចប្រជុំលើការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែន និងកិច្ចប្រជុំគណៈកម្មការចម្រុះ រវាងកម្ពុជា-វៀតណាម ភាគីទាំងពីរ បានសន្យារួមគ្នាថា នឹងបន្តបង្ក្រាបរាល់បទល្មើសនានានៅតាមបន្ទាត់ព្រំដែន ដើម្បីរក្សាស្ថិរភាព និងពន្លឿនការបោះបង្គោលព្រំដែនផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ កងទ័ពការពារព្រំដែនវៀតណាម ប៉ុស្តិ៍លេខ៧០៣ របស់ខេត្តកន្ទូម វៀតណាម បានធ្វើការរបងបិទផ្លូវ៤កន្លែង ដែលជាផ្លូវតភ្ជាប់ទំនាក់ទំនងចេញចូលរវាងប៉ុស្តិ៍ការពារព្រំដែន ដែលនៅទល់មុខគ្នាត្រង់ចំណុចបង្គោលព្រំដែនលេខ១៧ លេខ១៨ លេខ១៩ និងលេខ១៩/៥។ ការបិទ៤ចំណុចខាងលើ បានធ្វើឲ្យប៉ះពាល់ដល់ការចេញចូលទំនាក់ទំនងរវាងប៉ុស្តិ៍ការពារព្រំដែនលេខ៥០៥ នៃវរៈការពារព្រំដែនលេខ២០៣ កម្ពុជា ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនលេខ៧០៣ នៃកងទ័ពការពារព្រំដែនខេត្តកន្ទូម វៀតណាម។ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តរតនគិរីប្រទេសកម្ពុជា និងខេត្តកន្ទូមប្រទេសវៀតណាម បានប្រជុំពិភាក្សាបើកច្រកទ្វេភាគីចំនួន៤កន្លែង ស្ថិតនៅម្តុំបង្គោលលេខ៤/២ លេខ១០ លេខ១៣ និងលេខ១៩ ក្នុងនោះ ភាគីទាំងពីរ បានឯកភាពព្រមព្រៀងគ្នាតែ១ចំណុច គឺត្រង់បង្គោលលេខ១៩ប៉ុណ្ណោះ នៅសល់៣ចំណុចទៀត ភាគីខេត្តរតនគិរី មិនឯកភាព ដោយសារតែចំណុចទាំង៣នោះ ស្ថិតនៅក្នុងព្រៃជ្រៅ ពុំមានពលរដ្ឋខ្មែរ រស់នៅ និងឆ្លងកាត់ចេញចូលឡើយ៕ ដោយ៖បញ្ញាស័ក្តិ