Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាមរយៈ​ការបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​របស់​នាយក​រដ្ឋមន្ត្រី​ចិន លី​ខឺ​ឈាង អាច​នឹង​មាន​ការចុះហត្ថលេខា​លើ​គម្រោង​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី​៣​មួយទៀត​

​ភ្នំពេញ​៖ តាមរយៈ​ការបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​នាយក​រដ្ឋមន្ត្រី​ចិន លី​ខឺ​ឈាង តាម​គម្រោង​អាច​នឹង​មាន​ការចុះហត្ថលេខា​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា លើ​​គម្រោង​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី​៣​មួយទៀត​។ នេះ​តាម​ការបញ្ជាក់​អោយដឹង ក្នុង​កិច្ចប្រជុំ​ទាក់ទង​នឹង​គម្រោង​សៀង​ហៃ កាលពី​ព្រឹក​ថ្ងៃទី​៨​ខែ​មករា​ឆ្នាំ​២០១៨​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា គម្រោង​សៀង​ហៃ​ទាក់ទង​នឹង​ខ្សែ​ក្រវាត់​ក្រុង​ភ្នំពេញ​ទី​២ បើ​តាម​ដំណឹង​ដែល​យើង​ទទួលបាន គឺ​នាយក​រដ្ឋមន្ត្រី​ចិន លី​ខឺ​ឈាង ដែល​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១០​ដល់​ទី​១១
​ខែ​មករា​ខាងមុខ​នេះ ប្រហែលជា​នឹង​មាន​ការចុះហត្ថលេខា​លើ​គម្រោង​ទី​៣​មួយទៀត​។ ដូច្នេះ​យើង​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​លើ​តុល្យភាព​នៃ​គម្រោង​ខ្សែក្រវាត់​ក្រុង​ទី​២​នេះ​ឡើង​វិញ ហើយ​ក៏​ឈាន​ទៅដល់​ការប្រើប្រាស់​ភាសា​តែ​មួយ ដើម្បី​រាយការណ៍​ជូន​ទៅ​ថ្នាក់លើ​រៀងៗ​ខ្លួន​។​
​លោក​កើត ឆែ បាន​បញ្ជាក់បន្ថែម​ថា កិច្ចប្រជុំ​​នេះ ជា​ឱកាស​ដ៏​ល្អ​បំផុត ក្នុង​ការពិភាក្សា​និង​សហការ​ជាមួយ​គ្នា​ដើម្បី​ធ្វើ​យ៉ាងណា ឲ្គម្រោង​នេះ​បាន​ជោគជ័យ ពី​ព្រោះថា​កាលណា បើ​គេ​ផ្តល់​ជំនួយ​មក ផ្តល់​លុយ​មក​យើង​ធ្វើ​គម្រោង​មិន​បាន​ជោគជ័យ គេ​ក៏​មិន​ផ្តល់​ឲ្យ​គម្រោង​មួយ​ទៀត​ដែរ ។

​​លោក​បន្តថា កិច្ចប្រជុំ​នេះ​មាន​បី​បញ្ហា គឺ​បញ្ហា​ទី​១ ​ក្រុមហ៊ុន​សៀង​ហៃ ត្រូវ​ធ្វើ​ការជួសជុល​ម​ហា​វិថី​សហព័ន្ធរុស្ស៊ី​នៅក្នុង​ដែន​គម្រោង​របស់​ខ្លួន​ឲ្យបាន​ឆាប់រហ័ស​និង​មានគុ​ណ​ភាព​រឹងមាំ ។ កិច្ចការ​នេះ​បាន​ធ្វើ​ការប្រជុំ​ជាមួយ​គ្នា​ម្តង់​រួច​ហើយ ពោល​គឺ​នៅ​មុន​ពេល​បទបញ្ជា​សម្តេច​តេជោ ក្នុងពេលដែល​សម្តេច​តេជោ ទៅ​ជួប​ជាមួយ​កម្មករ​នៅ​ចោមចៅ ។ កន្លងមក​នេះ​ក្រុមហ៊ុន​សៀង​ហៃ​បាន​ធ្វើ​ការជួសជុល​ផ្លូវ​ម្តង​រួចមកហើយ ហើយ​ឥឡូវនេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​ចិន គឺ​សុំ​ឲ្យ​ក្រុម​ហ៊ុនសៀង​ហៃធ្វើការ​ពិនិត្យ​ត្រង់​ចំណុច​នេះ​ឡើង​វិញ លើ​ការ​អ៊ុត​កៅស៊ូ​លើ​មហាវិថី​សហព័ន្ធរុស្ស៊ី ចំណែក​ផ្លូវ​លើ​អាកាស​មិនទាន់​បាន​ប្រើប្រាស់​ទេ ព្រោះ​មិន​ទាន់​ស្ថាបនា​រួចរាល់ ដូច្នេះ​សុំ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​អ៊ុត​កៅស៊ូ​នៅ​ចំណុច​ស្ពាន​អាកាស​នេះ​ឲ្យបាន​ស្អាត​ល្អ​ដើម្បី​ទទួល​គណៈប្រតិភូ​នាយករដ្ឋមន្ត្រី​ចិន ហើយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ មាន​ភារកិច្ច​ជា​អ្នកត្រួតពិនិត្យ​គុណភាព​។ ចំណែក​បញ្ហា​ទី​២ លើ​ការងារ​រុះរើ​បណ្តាញ​អគ្គិសនី គឺ​បណ្តាញ​អាកាស​កម្លាំង​តង់ស្យុង​១១០​គីឡូ​វ៉ុល ដែល​ត្រូវ​ប្តូរ​មក​ដាក់​ខ្សែកាប កប់​ក្រោយ​ដី​ក្នុង​ជំហាន​ទី​១ ចាប់ពី​គីឡូម៉ែត្រ​លេខ​៩+៦៣៣ ផ្លូវ​១០១៩ ដល់​គីឡូម៉ែត្រ​១០+៨៨០ គឺ​អគ្គិសនី​កម្ពុជា ជា​អ្នកអនុវត្ត​ការងារ​ដែល​ត្រូវ​បញ្ចប់​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ ។​

បញ្ហា​ទី​៣ គឺ​ការងារ​រុះរើ​បង្គោល​ខ្សែបណ្តាញ​អាកាស​តង់ស្យុង​១១៥​គីឡូ​វ៉ុល ក្នុង​ជំហាន​ទី​២ ចាប់​ពី​ផ្លូវ​២០០៤ គីឡូម៉ែត្រ​លេខ​១០+៨៨០ រហូត​ដល់​ផ្លូវវេង​ស្រេង គីឡូម៉ែត្រ​១៥ +១៨០ ។​

​លោក​កើត ឆែ បានបញ្ជាក់​ថា បញ្ហា​ទី​៣​នេះ មាន​បញ្ហា​លើ​កញ្ចប់​ថវិកា ប៉ុន្តែ​ត្រូវបាន​លោក​អភិបាល​រាជធានី​ភ្នំពេញ ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រួច​ហើយ​​ដែរ ហើយ​ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ទទួលស្គាល់ថា រាជធានី​ភ្នំពេញ​អត់​មាន​ថវិកា ដូច្នេះ​ក្រសួង​សេដ្ឋកិច្ច​មាន​កញ្ចប់​ថវិកា​ផ្សេង​សម្រាប់​យកមក​ប្រើប្រាស់ ៕ ដោយ​៖​កូឡាប​

 

×