ភ្នំពេញ-ដោយមានកិច្ចសហការ រវាង អង្គការខ្ញុំខ្មែរ និងក្រោមការសហការជាមួយនឹងគ្រួសារតារាកម្ពុជា តំណាងពលករនៅក្នុងចក្រប្រទេសថៃ បានរៀបចំឲ្យមានការប្រគុំតន្ត្រី ដើម្បីបង្កើនភាពសប្បាយរីករាយដល់ពលករខ្មែរនៅក្នុងនគររាជសី ក្រុមគ្រួសារតារាកម្ពុជា ដែលមានតារាសម្តែងប្រុស-ស្រី ជាច្រើននាក់បានរាំច្រៀង ញ៉ាំងឲ្យកម្មវិធីទាំងមូលមានភាពសប្បាយរីករាយក្រៃលេង។
លោក ស៊ុមឆៃ តំណាងពលករខ្មែរនៅខេត្តនគររាជសីម៉ា បានអះអាងថា ក្នុងចំណោមពលករខ្មែរ ដែលបានបម្រើការនៅក្នុងរោងចក្រនៅក្នុងប្រទេសថៃ មិនសុទ្ធតែមានឱកាសមកលេងស្រុកកំណើតជារៀងរាល់ឆ្នាំ និងមានឱកាសបានជួបជុំគ្នា ជាលក្ខណៈមហាគ្រួសារខ្មែរនោះទេ ទើបវត្តមានរបស់តារាៗពីប្រទេសកម្ពុជា ដែលបានទៅស្ម័គ្រចិត្តទៅច្រៀងនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំ ដែលបានធ្វើឡើងក្រោមការសហការរបស់អង្គការពីប្រទេសកម្ពុជា និងក្រុមពលករនៅក្នុងប្រទេសថៃនោះ គឺជារឿងកម្រមួយដែលមិនធ្លាប់កើតឡើង។
នេះគឺជាលើកទី១ ដែលលោកស្នើ មកកាន់អង្គការខ្ញុំខ្មែរ ដែលតែងតែមានសកម្មភាពផ្នែកសប្បុរសធម៌ នៅក្នុងប្រទេសថៃ តាមរយៈការអញ្ជើញតារាខ្មែរ មកច្រៀងក្នុងកម្មវិធីសប្បុរសធម៌កន្លងមក ហើយក៏បានទទួលចាត់ចែងជួយខាងតារាចម្រៀងពីកម្ពុជា តាមសំណូមពរពីក្រុមពលករខ្មែរ ដោយមានតារាៗមួយចំនួនពីគ្រួសារតារាកម្ពុជាចូលរួមផង។
លោក Aten ជានិច្ច ម្ចាស់អង្គការខ្ញុំខ្មែរ និងជាអ្នកចំណាយការអញ្ជើញតារាៗពីប្រទេសកម្ពុជា ក្រោមការចាប់ដៃជាមួយគ្រួសារតារាកម្ពុជា បានអះអាង ដោយសារតែមានសំណូមពរ ហើយក៏ចង់អោយបងប្អូនពលករនៅក្នុងប្រទេសថៃ ក្រោមការគ្រប់គ្រងរបស់តំណាងពលករ លោក ស៊ុមឆៃ ទទួលបានភាពរីករាយ ជាមួយតារាចម្រៀងខ្មែរ ទើបលោកសម្រេចចិត្តរៀបចំការចាត់ចែងនោះ ដោយការរ៉ាប់រងលើតារាពីកម្ពុជា ដែលស្ម័គ្រចិត្តទៅជួយគឺជាបន្ទុកផ្ទាល់ខ្លួនរបស់លោក។ លោកមានបំណងតែមួយគត់ គឺចង់អោយពលករខ្មែរបានញញឹម បានសប្បាយ ក្នុងឱកាសឃ្លាតស្រុក ហើយអ្វីដែលលោកចង់បាន ក៍ចង់ដឹកនាំតារាមួយចំនួនពីប្រទេសកម្ពុជា អោយមានឱកាសបានឃើញដោយផ្ទាល់ពីការរស់នៅ និងសភាពរបស់ពលករខ្មែរ នៅក្នុងប្រទេសថៃ។
គួរបញ្ជាក់ថា តារាកម្ពុជាដែលបានទៅច្រៀងនៅទីនោះ សុទ្ធតែបានអ្នកចូលរួមឱបថើប និងស្វាគមន៍យ៉ាងមានកិត្តិយសលើសពីការបង្ហាញខ្លួនរបស់តារាទាំងនោះនៅក្នុងកម្មវិធីខ្លះនៅក្នុងស្រុកឆ្ងាយណាស់។ ជាក់ស្ដែងក្រុមពលករខ្មែរ ក៍បានឡើងរាំយ៉ាងណែនវេទិកា ធ្វើអោយតារាដែលបានបង្ហាញខ្លួនកាន់តែមានកម្លាំងចិត្តនោះផង៕ ដោយ-គីម ស្រីរ័ត្ន