Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រួមគ្នា​លុបបំបាត់​ការផ្សព្វផ្សាយ​និង​ចែកចាយ​រូបភាព​ផ្ទុយ​ពី​បច្ចុប្បន្នភាព​ក្នុង​តំបន់​អង្គរ ដើម្បី​រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​

​សៀមរាប​ ៖ អាជ្ញាធរ​ជាតិ​អប្សរា ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ជាតិ​-​អន្តរជាតិ ក្នុង​គោលដៅ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រមណីយដ្ឋាន​អង្គរ បានរៀបចំ​អភិវឌ្ឍន៍ គ្រប់គ្រង ជួសជុល អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ​ឱ្យ​រួច​ផុតពី​បេតិកភណ្ឌ​ប្រឈម​នឹង​គ្រោះថ្នាក់ រហូត​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​មួយ​ក្នុង​សកលលោក និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ​ជា​គោលដៅ​ទេសចរណ៍​ផ្ទួនៗ​គ្នា​នា​ឆ្នាំកន្លងមក​។​

​តាមរយៈ​វិស័យ​អភិរក្ស​បេតិកភណ្ឌ​និង​វិស័យ​ទេសចរណ៍វប្បធម៌ រមណីយដ្ឋាន​អង្គរ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​បានផ្តល់​នូវ​ប្រយោជន៍​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ទាំង​ផ្ទាល់​និង​ប្រយោល​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ ជាពិសេស​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទៅកាន់​ពិភពលោក​។​

​ផ្ទុយទៅវិញ កន្លងមកនេះ​មានការ​ផ្សព្វផ្សាយ និង​ចែករំលែក​រូបភាព​ពុំ​ស្តែងចេញ​អំពី​បច្ចុប្បន្នភាព​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ដែល​សកម្មភាព​ទាំងនោះ​ខុសពី​ការពិត​ទៅនឹង​អ្វីដែល​អាជ្ញាធរ​ជាតិ​អប្សរា​បច្ចុប្បន្នកំពុង​បំពេញ​យ៉ាង​សស្រាក់សស្រាំ​។ លើសពីនេះ ការផ្សព្វផ្សាយ និង​ចែកចាយ​រូបភាព​ផ្ទុយ​ពី​បច្ចុប្បន្នភាព​បែបនេះ​អាច​បង្ក​ឱ្យ​ភ្ញៀវទេសចរ​មានការ​យល់ច្រឡំ និង​គិត​មិនល្អ​ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​មក​ទស្សនា​នៅ​កម្ពុជា​និង​រមណីយដ្ឋាន​អង្គរ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា ក្រៅពី​កិច្ចការ​ជួសជុល​អភិរ​ក្ស​ប្រាសាទ បាន​យកចិត្តទុកដាក់​ធ្វើជា​ប្រចាំថ្ងៃ​លើ​កិច្ចការ​លើកកម្ពស់​បរិ​ស្ថាន​ឱ្យមាន​ភាព​បៃតង​នៅក្នុង​តំបន់​អង្គរ​តាមរយៈ​ការរៀបចំ​សួន​ស្មៅ ការដាំ​ដើមឈើ​ប្រណីត ការទប់ស្កាត់​អ្នកលក់ដូរ​នៅលើ​វាលស្មៅ​តា​មក​សិន្ធុ​អង្គរវត្ត ការរៀបចំ​ចំណត​យានយន្ត ការធ្វើ​ផ្លូវ​កង់ ការស្ថាបនា​និង​ថែទាំ​ផ្លូវថ្នល់​ក្នុង​ឧទ្យាន​អង្គរ​។​ល​។ កិច្ចការ​ទាំងនេះ គឺ​ក្នុង​បំណង​បម្រើ​ដល់​សេវាកម្ម​ទេសចរណ៍​និង​លើកកម្ពស់​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​កាន់​តែមាន​ភាពស្រស់ស្អាត និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​កាន់តែច្រើន​។​

​លោក ឡុង កុសល ក៏បាន​បញ្ជាក់ទៀតថា ការប្រើប្រាស់​រូបភាព​ដែល​ពុំ​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង​បច្ចុប្បន្ន ពុំមែន​ជា​រឿង​ល្អប្រសើរ​ទេ​។ ដូច្នេះ សូម​សាធារណជន​ប្រើប្រាស់​រូបភាព​និង​ខ្លឹមសារ​ដែល​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​ជាក់ស្តែង​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ ជាពិសេស​សកម្មភាព​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​នាបច្ចុប្បន្ន​នេះ ដូចជា​ការរៀបចំ​ចំណត ការដាំ​ស្មៅ ដាំ​ផ្កា ដាំ​ដើមឈើ​។​ល​។ ដើម្បី​រឹតតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​កាន់តែ​កើនឡើង​មិន​ខាន​។​

​សូម​រួមគ្នា​លុបបំបាត់​ការផ្សព្វផ្សាយ​និង​ចែកចាយ​រូបភាព​មិនមែន​បច្ចុប្បន្ន​ភាព​អំពី​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​បំផុស​និង​ផ្សព្វផ្សាយ​រូបភាព​ល្អៗ និង​ភាពស្រស់ស្អាត​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជាតិ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×