Wednesday, March 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ម៉ែន សំអន ៖ អាណាព្យាបាល និងគ្រូបង្រៀន ត្រូវលើកទឹកចិត្តកូនៗ សិស្ស ដោយជំរុញការអាន និងការសរសេរ ដើម្បីលើកកម្ពស់ចំណេះដឹង ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» ដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

យោងតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា ៖ តាមរយៈ លទ្ធផលវាយតម្លៃលទ្ធផលសិក្សារបស់សិស្សទាំងកម្រិតតំបន់ SEA-PLM ឆ្នាំ២០២៤ បានបង្ហាញថា៖ សិស្សកម្ពុជាទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ ដោយមានពិន្ទុជាមធ្យមផ្នែកអំណានកើនឡើង ៦ពិន្ទុ (កើនឡើងពី ២៩០ ក្នុងឆ្នាំ២០១៩)។ អត្រាសិស្សដែលមានសមត្ថភាពអំណានខ្ពស់ (ពីកម្រិត៥ ឡើងទៅ) បានកើនឡើងពី ២៧% ក្នុងឆ្នាំ២០១៩ ដល់ ៣៩% ក្នុងឆ្នាំ២០២៤។ ក្នុងចំណោមប្រទេសដែលបានចូលរួមក្នុងការវាយតម្លៃ SEA-PLM ទាំង២លើក ពិន្ទុផ្នែកអំណាន របស់សិស្សកម្ពុជានៅតែស្ថិតនៅកណ្តាល ក្នុងលំដាប់ទី៤ (បន្ទាប់ពី វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា)។

ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវកោតសសើរចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានខិតខំបំពេញបេសសកម្មតាមតួនាទីភារកិច្ច និងជម្រុញអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡា ជាពិសេស ចូលរួមអភិវឌ្ឍន៍មូលធនមនុស្ស ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ទិវាជាតិអំណានលើកទី១១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» ពិតជាមានសារៈសំខាន់ណាស់ ព្រោះថា ការអាន និងការសរសេរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតភាពជាពលរដ្ឋល្អ ដោយសិស្ស និងយុវជនរបស់យើងអាចយល់ដឹងអំពីបញ្ហាសង្គម គោរពទស្សនៈចម្រុះ និងចូលរួមប្រកបដោយស្ថាបនាក្នុងការអភិវឌ្ឍជាតិ។ ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងបន្តធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងសហគមន៍ អន្តរជាតិ សិស្ស និងយុវជនរបស់យើងត្រូវតែត្រៀមខ្លួន ដើម្បីចូលរួមជាមួយពិភពលោកប្រកបដោយទំនុកចិត្ត ប៉ុន្តែយើងនៅតែរក្សាបាននូវមូលដ្ឋាននៃតម្លៃជាតិ និងបេតិកភណ្ឌវប្បធម៌របស់យើង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបំផុសឱ្យអាណាព្យាបាលត្រូវលើកទឹកចិត្តកូនៗរបស់ពួកគេឱ្យអាននៅផ្ទះ គ្រូបង្រៀនដែលជំរុញការអាន និងការសរសេរក្នុងថ្នាក់រៀន និងសហគមន៍ដែលឱ្យតម្លៃដល់ចំណេះដឹង សុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមបីបាច់អ្នកអាន និងអ្នកនិពន្ធជំនាន់ក្រោយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×