ខេត្តព្រះសីហនុ៖ ស្ពានដែកឆ្នេរសមុទ្ររាម ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះ មានសភាពទ្រុឌទ្រោមខ្លាំង និងប្រឈមគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ ពិសេសភ្ញៀវទេសចរមកពីចម្ងាយ ហើយពួកគេមិនបានដឹងពីស្ថានភាពស្ពាន។
ប្រជាពលរដ្ឋរស់នៅ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអោយអ្នកយកព័ត៌មាន CEN.COM.KH ដឹងនៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០១៨ថា ស្ពានដែក ឆ្លងកាត់ដៃសមុទ្រ ចូលទៅបឹងកង្កែប បានខូចខាត ឬមានសភាពទ្រុឌទ្រោមធ្ងន់ធ្ងរ មិនអាចអោយរថយន្តតូចធំគ្រប់ប្រភេទបើកឆ្លងកាត់បានទៀតទេ។
ពលរដ្ឋភូមិអុង បន្តថា រាល់ថ្ងៃ ស្ពានដែកឆ្នេរសមុទ្ររាម អាចឆ្លងកាត់ត្រឹមម៉ូតូ និងកង់តែប៉ុណ្ណោះ ព្រោះកំរាលស្ពានបានពុកផុយស្ទើទាំងស្រុងអស់ទៅហើយ។ ពលរដ្ឋ ឲ្យដឹងថា ស្ពាននេះក៏ធ្លាប់បង្កគ្រោះថ្នាក់ដល់អ្នកបើកបរម៉ូតូ ឆ្លងកាត់ស្ពានទ្រុឌទ្រោមនេះជាច្រើនករណីរួចមកហើយដែរ ដោយកង់ម៉ូតូ បានបើកផុងកំរាលស្ពាន ឬធ្លាក់កង់ម៉ូតូ ដោយសារសភាពទ្រុឌទ្រោម របស់ស្ពាន ដែលមិនមានអាជ្ញាធរពីស្ថាប័នពាក់ព័ន្ធស្ថាប័នណាមួយ ចេញមុខជួយជួសជុលនោះទេ។ ពិសេសជាងនេះ ស្ពានដែក សមុទ្ររាមនេះ ក៏ធ្លាប់បង្កគ្រោះថ្នាក់ដល់ភ្ញៀងទេសចរ ដែលបើកបរឆ្លងកាត់ស្ពាន ដោយមិនបានដឹងថា ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ជាពិសេសការបើកបរនៅពេលយប់ ដែលមិនមានភ្លើងបំភ្លឺ ហើយរថយន្តមិនអាចបើកឆ្លងកាត់បានដូចពេលមុនទៀតទេ..។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋមួយចំនួនរស់នៅឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជួយជួសជុល ឬស្ថាបនាស្ពានដែកឆ្លងដៃសមុទ្រ ឆ្នេរសមុទ្ររាម អោយបានទាន់ពេល ដើម្បីបញ្ជៀសគ្រោះថ្នាក់ពីការធ្វើដំណើរឆ្លងកាត់ស្ពានដែក ដែលមានសភាពទ្រុឌទ្រោមនេះ។
បន្ថែមលើនេះ ភ្ញៀវទេសចរមួយក្រុម ដែលបាននាំក្រុមគ្រួសារប្រពន្ធកូន និងសង្សា មកកម្សាន្តតាមឆ្នេរសមុទ្ររាម នៅរសៀលថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០១៨។ ពួកគេ អះអាងថា បិះនឹងត្រូវគ្រោះថ្នាក់ ផុងកំរាលស្ពាន ដោយសារមិនដឹងថាស្ពានដែកឆ្លងដៃសមុទ្រ នៅឆ្នេររាម មិនអាចអោយរថយន្តបើកឆ្លងកាត់បានទៀតទេនៅពេលនេះ។
ភ្ញៀវទេសចរទាំងនោះ បានស្នើដល់អាជ្ញាធរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ អោយជួយដាក់ស្លាកសញ្ញាគ្រោះថ្នាក់ បញ្ជាក់ពីសភាពទ្រុឌទ្រោម របស់ស្ពានដែកឆ្នេរសមុទ្ររាម ដើម្បីជាសញ្ញាសម្គាល់ដល់អ្នកធ្វើដំណើរឆ្លងកាត់ ព្រោះរាល់ថ្ងៃនេះមិនមានដាក់សញ្ញាបង្ហាញពីគ្រោះថ្នាក់នោះទេ។
ជាងនេះទៀត ក៏ស្នើដល់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ជួយស្ថាបនា ឬជួយជួសជុលស្ពានដែកសមុទ្ររាម ដើម្បីដាក់អោយមធ្យោសបាយធ្វើដំណើរបើកឆ្លងកាត់ដូចដើមឡើងវិញ៕ ដែន សីមា