ខេត្តព្រះសីហនុ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្តល់ជំនួយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ជាគម្រោង របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ យកទៅផ្តល់ជូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ជួបការលំបាក និងងាយរងគ្រោះ នាមូលដ្ឋានស្រុកព្រៃនប់។ ក្នុងនោះ រួមមាន៖ គ្រួសារនិវត្តជន គ្រួសារអតីតយុទ្ធជន ជនពិការ និងជនចាស់ជរាសរុបមានចំនួន ៣០០គ្រួសារ និងមកពី ១៣ឃុំក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់។
លោកអភិបាលបន្តថា ជំនួយផ្តល់ជូនពលរដ្ឋពេលនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ចំពោះជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននីមួយៗ។
បន្ថែមលើនេះ ក៏ដើម្បីអបអរសាទេ ទិវាមនុស្សវ័យចាស់អន្តរជាតិថ្ងៃទី១ ខែតុលា និងការចូលរួមអបអរ ក្នុងពិធីបុណ្យជាតិនានា របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ពិធីនេះធ្វើឡើង នៅវត្តព្រែកក្រាញ់ ក្នុងឃុំសាមគ្គីស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩៕ដោយ៖ដែនសីម៉ា