ភ្នំពេញ៖ លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស មានសារសំខាន់ណាស់ ព្រោះវាអាចឲ្យពលករ កម្ពុជាធ្វើការ ដោយស្របច្បាប់ នៅប្រទេសថៃ ដូច្នេះហើយក្រសួងមហាផ្ទៃ រួមជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឯកភាពគ្នាបង្កើតឲ្យមានទីស្នាក់ការផ្ដល់ លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស ចំនួន៣កន្លែងផ្សេងគ្នា ដើម្បីសម្រួល និងពន្លឿនការផ្ដល់សេវាជូនពលករកម្ពុជា ដែលទៅធ្វើការនៅ ប្រទេសថៃ។
ទីស្នាក់ការផ្ដល់ លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ លោក សេង សក្តា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ នៅផ្សារស្ទឹងមានជ័យថ្មី។
លោក សេង សក្តាអគ្គនាយកនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ បានឲ្យដឹងថា គោលបំណងនៃការបង្កើតទីស្នាក់ការផ្ដល់លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេសនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលករ ដែលចង់ទៅបំពេញបែបបទឯកសារទៅធ្វើការនៅប្រទេសថៃ ហើយជាកន្លែងមួយច្បាស់លាស់ ក្នុងការបំពេញបែបបទនីតិវិធី សម្រាប់ឲ្យបានឯកសារស្របច្បាប់ទៅធ្វើការនៅបរទេស។
លោកអគ្គនាយកបានបន្តថា បើគិតទាំង៣កន្លែងនេះ មន្ត្រីអាចធ្វើលិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេសជូនពលករ បានប្រមាណ៣ពាន់នាក់ ក្នុងមួយខែ ហើយប័ណ្ណទាំងនេះមានសុពលភាព ៥ឆ្នាំ និងគ្មានការពន្យារពេលនោះទេ។
លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការងារនេះក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការទប់ស្កាត់បញ្ហាពលករចាញ់ បោកមេខ្យល់ ចំណាកស្រុកខុសច្បាប់ ការចំណាយថវិកាច្រើន ខ្ជះខ្ជាយពេលវេលា និងទប់ស្កាត់ការចេញទៅធ្វើការនៅក្រៅប្រទេស គ្មានឯកសារស្របច្បាប់ ពោលនឹងជួយដោះស្រាយបញ្ហាជូនប្រជាពលករបានច្រើន។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ដើម្បីធ្វើលិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេសនេះបាន ប្រជាពលរដ្ឋកម្ពុជា ត្រូវបំពេញតាម លក្ខខណ្ឌគតិយុត្តមួយចំនួន ដូចជា ត្រូវមានកិច្ចសន្យាការងារពីនិយោជកថៃ តាមរយៈទីភ្នាក់ងារដែលបញ្ជូនពួកគេទៅធ្វើការងារនៅទីនោះត្រូវមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បើគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ ត្រូវមានសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ឬសំបុត្របញ្ជាក់កំណើតច្បាប់ដើម ភ្ជាប់ជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលច្បាស់លាស់ត្រឹមត្រូវ។ លោកបញ្ជាក់ទៀតថា បើពលករមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅឡើយទេ ពួកគាត់អាចទំនាក់ទំនងជាមួយមន្ត្រីជំនាញនៅក្នុង ទីស្នាក់ការផ្ដល់លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេសនេះ ដើម្បីឲ្យមន្ត្រីទាំងនោះ ទំនាក់ទំនងនាំទៅធ្វើអត្តសញ្ញាណប័ណ្ណ ជូនថែមទៀតផង។ ទីស្នាក់ការផ្ដល់លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស ទាំង៣កន្លែងនោះ គឺមាននៅរាជធានីភ្នំពេញ ក្នុងផ្សារស្ទឹងមានជ័យថ្មី ជាន់ទី២ នៅខេត្តបាត់ដំបង និងនៅខេត្តបន្ទាយមានជ័យ៕ ដោយ៖បញ្ញាស័ក្តិ