ភ្នំពេញ៖ ការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយ លើសន្លឹកឆ្នោតយោងតាមប្រការ ៥.១២ នៃ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំពិធីចាប់ឆ្នោត ជាសាធារណៈ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅក្រសួងមហាផ្ទៃ ដែលមានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
សេចក្តីប្រកាសព័ត៌មានលេខ៖ ០២ គ.ជ.ប ស្តីពីការលទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ជាលទ្ធផល ដែលសម្តេចសង្ឃរាជ ទាំង២គណៈ បានយាងចាប់ឆ្នោត បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១ គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២ គណបក្សខ្មែររួបរួមជាតិ ទទួលបានលេខរៀងទី៣ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានលេខរៀងទី៤។
សុន្ទរកថាបើកពិធីថ្លែងដោយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ការកំណត់លេខរៀងគណបក្សនយោបាយនីមួយៗ នៅលើសន្លឹកឆ្នោតនឹងជួយបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោតនិងជួយឲ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយស្រួលនូវគណបក្សនយោបាយដែលគាត់ស្រឡាញ់ពេញចិត្ត។ លោកបន្តថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតតាមបែបអសកល ដែលមានអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែងក្នុងក្របខ័ណ្ឌនៃភូមិភាគនីមួយៗតែប៉ុណ្ណោះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ មានការិយាល័យបោះឆ្នោតចំនួន៣៣ការិយាល័យ និងមានអង្គបោះឆ្នោត សរុបចំនួន១១.៦៩៥នាក់ ក្នុងនោះអង្គបោះឆ្នោតដែលជាតំណាងរាស្ត្រមានចំនួន១២៣នាក់។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ មានសមាជិកចំនួន៦២រូប។ សមាជិក២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ សមាជិកព្រឹទ្ធសភាឯទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
អាសនៈនៅក្នុងព្រឹទ្ធសភាដែលត្រូវបោះឆ្នោតជ្រើសតាំង ត្រូវបែងចែកតាមភូមិភាគ ដូចជា ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦អាសនៈ ភូមិភាគទី២ ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ មាន៨អាសនៈ ភូមិភាគ ខេត្តកណ្តាល មាន៥អាសនៈ ភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០អាសនៈ ភូមិភាគទី៥ ខេត្តតាកែវ កំពត និងខេត្តកែប មាន៧អាសនៈ ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧អាសនៈ ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ មាន៩អាសនៈ និងភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មាន៦អាសនៈ។
ក្នុងពេលឆាប់ៗខាងមុខនេះ គ.ជ.ប នឹងត្រូវផលិតសន្លឹកឆ្នោតតាមមណ្ឌលភូមិភាគនីមួយៗ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលក្នុងសន្លឹកឆ្នោតទាំងនោះ ត្រូវការជាចាំបាច់នូវលំដាប់លេខរៀងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដែលនឹងត្រូវកំណត់ជាលេខរៀងនៅលើសន្លឹកឆ្នោតសម្រាប់មណ្ឌលភូមិភាគទាំង៨ ទូទាំងប្រទេស៕ ដោយ៖បញ្ញាស័ក្តិ