ភ្នំពេញ ៖ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការវិវត្តថ្មីៗនៃការវិនិយោគក្នុងសកម្មភាពផ្គុំដំឡើងនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំពិភាក្សានេះមានគោលបំណងប្រមូលធាតុចូលសម្រាប់ជាមូលដ្ឋានក្នុងការគិតគូរស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមមួយចំនួនដែលវិនិយោគិនក្នុងវិស័យផ្គុំ និងដំឡើងសម្ភារៈបរិក្ខារផ្សេងៗសម្រាប់នាំចេញ ជាពិសេស ការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក កំពុងជួបប្រទះ សំដៅលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា និងដើម្បីធានាភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគថ្មី និងថែទាំវិនិយោគដែលស្រាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី








