Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB អនុម័ត​យុទ្ធសាស្ត្រ រយៈពេល​៥​ឆ្នាំ ដើម្បី​គាំទ្រ​ដល់​ពិពិធ​កម្ម​សេដ្ឋកិច្ច កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន ក្លាយខ្លួនជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ត្រឹម​ឆ្នាំ ​២០៣០

ភ្នំពេញ ៖ លោកស្រី Sunniya Durrani-Jamal បាន​ថ្លែងថា យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​កម្ពុជា​នេះ នឹង​ជួយ​បង្កើតឱ្យមាន​កាលានុវត្តភាព​ការងារ​កាន់តែ​ប្រសើរ សម្រាប់​ពលរដ្ឋ​កម្ពុជា តាមរយៈ​ការវិនិយោគ​ទៅលើ​ការអប់រំ ជំនាញ និង ការរៀនសូត្រ​ពេញ​មួយជីវិត​របស់​ពួកគេ​។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ទៅលើ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស (CPS) ថ្មី​មួយ​ដែលមាន​រយៈពេល ៥​ឆ្នាំ ដែលមាន​កំណត់​ចែង​អំពី​កិច្ច​គាំទ្រ​របស់​ស្ថាប័ន​នេះ ចំពោះ​គោលដៅ​របស់​កម្ពុ​ជា ក្នុងការ​ក្លាយខ្លួនជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ត្រឹម​ឆ្នាំ​២០៣០​។

​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ចេញផ្សាយ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា ស្ថិតក្រោម​យុទ្ធសាស្ត្រ ឆ្នាំ​២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី នឹង​ផ្តល់​ថវិកា​ចំនួន​១,៤៥ ពាន់​លាន​ដុល្លារ ក្នុង​ទម្រង់​ជា​ឥណទាន​សម្បទាន ហិរញ្ញប្បទាន​ឥត​សំណង និង​ជំនួយ​បច្ចេកទេស សម្រាប់​វិស័យ​កសិកម្ម និង​ការគ្រប់គ្រង​ធនធានធម្មជាតិ កែលម្អ​លក្ខខណ្ឌ​ជីវភាព​រស់នៅក្នុង​តំបន់​ទីក្រុង និង​តំបន់​ជនបទ ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​កកើត​ឡើងវិញ និង​ការអភិវឌ្ឍ​វិស័យ​អប់រំ និង​ជំនាញ​។ ជាមួយគ្នានេះ ការគាំទ្រ​ដល់​កំណែទម្រង់ វិស័យ​សាធារណៈ និង​ការកែលម្អ​សមត្ថភាព​ស្ថាប័ន នឹង​នៅតែ​បន្ត​ជាការ​ផ្តោត​យកចិត្តទុកដាក់​ចម្បង របស់​កម្មវិធី​ធនាគារអភិវឌ្ឍន៍អាស៊ី​។ ការផ្តួចផ្តើម​ទាំងនេះ មាន​គោលបំណង​កែលម្អ​លទ្ធភាព​ទទួលបាន​សេវាកម្ម និង​គុណភាព​សេវាកម្ម​សម្រាប់​ពលរដ្ឋ​កម្ពុជា ព្រមទាំង​បរិយាកាស​ធុរកិច្ច​ផងដែរ​។​

​លោកស្រី Sunniya Durrani-Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​ថ្មី​របស់​យើង នឹង​គាំទ្រ​ដល់​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្កើត​ភាព​ប្រកួតប្រជែង និង​ពិពិធ​កម្ម​ប្រភព​ដែល​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច ការជំរុញឱ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង បរិ​យា​ប័ន្ន ការកសាង​ឱ្យមាន​ភាព​ធន់​ទៅនឹង​អាកាសធាតុ និង​កា​រព​ន្លឿ​ន​កំណែទម្រង់​អភិបាលកិច្ច​”​។ លោកស្រី​បានលើកឡើង​ថា ជា​មធ្យម​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើនឡើង ៨,០​ភាគរយ ពី​ឆ្នាំ​១៩៩៩-២០១៨ ដែល​ធ្វើឱ្យ​កម្ពុជា​ក្លាយជា ប្រទេសមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​នានា ដែលមាន​ការរីកចម្រើន​រហ័ស​បំផុត​នៅក្នុង​ពិភពលោក​។ ប្រាក់ចំណូល​ដុល​ជាតិ​ក្នុង​មួយ​នាក់ បាន​កើនឡើង​ពី ២៩០ ដុល្លារ ក្នុង​ឆ្នាំ ១៩៩៨ រហូតដល់ ១.៣៨០ ដុល្លារ ក្នុង​ឆ្នាំ ២០១៨​។

​តែបើ​ទោះជា​ដូច្នេះ​ក្តី ក៏​នៅតែមាន​បញ្ហា​ប្រឈម​មួយចំនួន ដោយ​រាប់បញ្ចូល​ទាំង​ភាពក្រីក្រ​ក្នុងចំណោម​ស្ត្រី​ជា​មេ​គ្រួសារ ដែល​ធ្វើឱ្យ​ពួកគេ​ងាយ​រងគ្រោះ​ជាពិសេស​ទៅនឹង​ការងារ​គ្មាន​សុវត្ថិភាព​។ កិច្ច​គាំពារ​សង្គម នៅមានកម្រិត ហើយ​ភាព​រីកចម្រើន​ខាង​ផ្នែក​សុខភាព អប់រំ និង​ទិដ្ឋភាព​ដទៃទៀត​នៃ​ការអភិវឌ្ឍ​មនុស្ស នៅតែ​បន្ត​មាន​ភាពផុយស្រួយ​នៅឡើយ​។ លទ្ធភាព​ទទួលបាន​ប​រិ​ក្ខា​អនាម័យ នៅ​ស្ថិតក្រោម​កម្រិត​មធ្យមភាគ​នៅឡើយ សម្រាប់​បណ្តា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​។ ទន្ទឹមនេះ កម្ពុជា​ក៏​ជួបប្រទះ​បរិយាកាស​ពាណិជ្ជកម្ម​សកល​ដែល​គ្មាន​ភាពប្រាកដប្រជា ព្រមទាំង​កំណើន​នៃ​ការប្រកួតប្រជែង​ក្នុង​តំបន់​ផងដែរ​។

ក្រៅពីនេះ កិច្ចខិតខំ​ក្នុងការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ទៅក្នុង​វិស័យ​សេវាកម្ម និង កម្មន្តសាល បាននិងកំពុង​រង​ការរាំងស្ទះ ដោយសារ​កង្វះ​កម្មករ​ជំនាញ ចន្លោះប្រហោង​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និង​ឡូ​ជី​ស្ទីក ព្រមទាំង​ដំណើរការ​ធុរកិច្ច​ខ្វះ​តម្លាភាព​។​

​លោកស្រី Sunniya Durrani-Jamal បាន​បន្ថែមទៀតថា យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​កម្ពុជា​នេះ នឹង​ជួយ​បង្កើតឱ្យមាន​កាលានុវត្តភាព​ការងារ​កាន់តែ​ប្រសើរ សម្រាប់​ពលរដ្ឋ​កម្ពុជា តាមរយៈ​ការវិនិយោគ​ទៅលើ​ការអប់រំ ជំនាញ និង ការរៀនសូត្រ​ពេញ​មួយជីវិត​របស់​ពួកគេ​។ ដោយសារ​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ប្រជាពលរដ្ឋ​វ័យក្មេង​ច្រើន ដូច្នេះ​ការពង្រីក​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និង​ការ​ទាញ​ប្រយោជន៍​ពី​នវានុវត្តន៍​នានា គឺជា​ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​របស់​យើង​។ លោកស្រី​បានបញ្ជាក់​បន្ថែមថា “​ការលើកកម្ពស់​សក្តានុពល និង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី ជាពិសេស​នៅក្នុង​វិស័យ​សាធារណៈ និង​ការការពារ​ធនធានធម្មជាតិ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​ក​ម្ពុ​ជា មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ដំណាក់កាល​បន្ទាប់​នៃ​ការអភិវឌ្ឍ​ប្រទេស​”​។

​លោកស្រី​បាន​អះអាងថា ធនាគារអភិវឌ្ឍន៍អាស៊ី​ប្តេជ្ញា​នាំមក​នូវ​វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់ និង​និរន្តរភាព សម្រាប់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ហើយ​ស្របពេល​ជាមួយគ្នានេះ ក៏​នឹង​បន្ត​រក្សា​ចីរភាព​នៃ​កិច្ចខិតខំ​របស់ខ្លួន ក្នុងការ​លុបបំបាត់​ភាព ទីទ័លក្រ​ផងដែរ​។

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​សន្យា​ផ្តល់​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​
​សំណង​ថ្មី ដែលមាន​ចំនួន​ទឹកប្រាក់ ២១,៦​ពាន់​លាន​ដុល្លារ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​