ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ និងសមាគមទូកដឹកភ្ញៀវទេសចរ ជួបប្រជុំរិះរកវិធីបង្កើនគុណភាពសេវាដឹកជញ្ជូនប្រកបដោយគុណភាព និងមានសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ អោយកាន់តែប្រសើរឡើងថែមទៀត។
ពិធីនេះរៀបចំនៅព្រឹកថ្ងៃអង្គារ៍ ទី៩ ខែមករា ឆ្នាំ២០១៨ នាចំណតផែទូកឬកប៉ាល់ឆ្នេរអូរឈើទាល។
កិច្ចប្រជុំនេះ ដឹកនាំដោយ សមាគមទូកទេសចរណ៍ ខេត្តព្រះសីហនុ ក្រោមកិច្ចគាំទ្រពី រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំការងារជាមួយប្រតិបត្តិករទូកដឹកទេសចរណ៍ទាំងអស់នាខេត្តព្រះសីហនុ។
នាឱកាសនោះ លោកស្រី គួច ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និង លោកឧកញ៉ាទៀ វិចិត្រ ប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ មានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពង្រឹងគុណភាព ប្រសិទ្ធិភាព នៃការធ្វើអាជីវកម្មសេវាដឹកភ្ញៀវ របស់ទូកដឹកភ្ញៀវទេសចរណ៍ទាំងអស់ អោយប្រព្រឹត្តិទៅស្របតាមនីតិវិធីច្បាប់ និងមានសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជិះទូក ឬអូរបរ័ល្បឿនលឿន ចេញចូលពីដីគោកក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ដីកោះ ឬពីដីកោះ មកកាន់ដីគោកក្រុងព្រះសីហនុវិញ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា រាល់ថ្ងៃនេះ មានភ្ញៀវទេសចរជាតិ និងទេសចរបរទេស បានចេញទៅកម្សាន្តតាមកោះគឺបានកើនឡើងគួរអោយកត់សម្គាល់ ជាពិសេសចាប់ចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨នេះ កំណើនភ្ញៀវទេសចរ បានកើនចំនួនជារៀងរាល់ថ្ងៃ។
លោកឧកញ៉ា ទៀ វិចិត្រ បន្តថា ការពង្រឹងគុណភាពសេវាជូនភ្ញៀវ ពិសេសការផ្តល់ជូន នូវសុវត្ថិភាពជូនភ្ញៀវ គឺជាកត្តាចម្បង និងសំខាន់បំផុត សម្រាប់ប្រតិបត្តិករទេសចរបំរើសេវាដឹកជញ្ជូននៅតាមក្រុមហ៊ុននីមួយៗ ដែលត្រូវពង្រឹង និងបង្កើនសេវាបំរើអោយបានទូលំទូលាយនាថ្ងៃអនាគត៕ ដែន សីមា