ភ្នំពេញ៖ ប្រពន្ធស្លាប់នៅនឹងកន្លែង ប្តីរបួសធ្ងន់ ដោយសាររថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកក្នុងល្បឿនលឿនបុកម៉ូតូ កាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ ចំណុចមុខមណ្ឌលសុខភាព ក្បាលកោះ តាមបណ្ដោយផ្លូវជាតិលេខ១ សង្កាតក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស ស្ត្រី២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សង់ឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HY-7234 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាក បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីត្បូងទៅជើង បញ្ច្រាសទិសដៅគ្នា ក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូពីចំហៀងខាងឆ្វេង បណ្ដាលឲ្យផ្លោងនារីម្នាក់ជិត២០ម៉ែត្រ បោកនឹងថ្នល់ស្លាប់ភ្លាមៗ និង រងរបួសធ្ងន់ បុរសម្នាក់ បាក់ជើងឆ្វេង បញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានមកដល់ទីតាំងកើតហេតុ និងបានធ្វើការវាស់វែង យកម៉ូតូរងគ្រោះទៅរក្សាទុក នៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីស្រាវជ្រាវរករថយន្តបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសពស្ត្រីរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ យកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្វែករកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖បញ្ញាស័ក្តិ