ខេត្តរតនគិរី៖ អ្នកស្រាវជ្រាវបុរាណវិទ្យា នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ បានធ្វើកំណាយ រកឃើញផូស៊ីលដើមឈើ បានប្រវែង១៤ម៉ែត្ររួចហើយនៅលើទីតាំងគម្រោងស្រាវជ្រាវក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងស្រុកលំផាត់ ខេត្តរតនគីរី។ នេះបើតាមការផ្សព្វផ្សាយព័ត៌មាន របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី៣០ខែតុលា។
លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមការងារជំនាញក្រសួងបរិស្ថាន អ្នកបច្ចេកទេសមកពីរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រាវជ្រាវអំពីសត្វ អ្នកធរណីវិទ្យា និងក្រុមការងារស្ម័គ្រចិត្ត នឹងបន្តធ្វើកំណាយសិក្សាស្រាវជ្រាវ លើផូស៊ីលដើមឈើ រយ:ពេល ១សប្តាហ៍កន្លងមកហើយ។ នៅពេលនេះ ក្រុមការងារបន្តកំណាយ លើទីតាំងបន្ថែមទៀត ព្រោះអ្នកស្រាវជ្រាវ បានរកឃើញសំណាកមានមែកឈើ និងសង្ស័យមានដើមឈើថ្មនេះហាក់ជាដួលសង្កត់លើដើមឈើ។ លោក លឹម វណ្ណច័ន្ទ បានបន្តថា នេះជាគម្រោងស្រាវជ្រាវជាប្រវត្តិសាស្ត្រលើកទី១ លើផូស៊ីលឈើនៅព្រះរាជាណាចក្រកម្ពុជា ដោយអ្នកជំនាញពាក់ព័ន្ធបុរាណវិទ្យា ហើយគម្រោងនេះ បានទទួលការគាំទ្រផ្តួចផ្តើមដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានសហការពីអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់នៃខេត្តរតនគិរី មន្ទីរបរិស្ថានខេត្ត មន្ត្រីឧទ្យានុរក្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាសហគមន៍ តំបន់ការពារធម្មជាតិវាលកំបោរ។
លោក លឹម វណ្ណច័ន្ទ បានបញ្ជាក់ដែរថា គោលបំណងនៃការធ្វើកំណាយ សិក្សាស្រាវជ្រាវនេះ នឹងប្រមូលទិន្នន័យ និងសំណាកសម្រាប់ចងក្រងជាឯកសារ វប្បធម៌ប្រវត្តិសាស្ត្រមួយ នៅកម្ពុជា។
លោក សៀង សុថា អតីតប្រធាននាយកដ្ឋានភូគព្ភសាស្ត្រក្រសួងរ៉ែ និងថាមពល បានចូលរួមដោយស្ម័គ្រចិត្ត ជាមួយក្រុមការងារដោយយល់ថា ជាគម្រោងមានសារសំខាន់ សម្រាប់ការស្រាវជ្រាវរកឃើញផូស៊ីលឈើថ្ម ដែលអាចកើតឡើងមានអាយុរាប់លានឆ្នាំ។ លោកជំនាញផ្នែកដីនេះ បានបញ្ជាក់ ការរកឃើញថ្មីនេះ ជាប្រយោជន៍សំខាន់ នៃការសិក្សាស្រាវជ្រាវ របស់ជំនាន់ក្រោយ និងបង្ហាញពីការវិវត្តន៍ថ្មី នៃការស្រាវជ្រាវរបស់កម្ពុជាលើកំណាយសិក្សាលើផូស៊ីលឈើ។
សូមបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវលើផូស៊ីលដើមឈើ បានចាប់ផ្តើមគម្រោងរបស់ខ្លួន ពីថ្ងៃ២២ ខែតុលា ហើយបន្តដល់ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រុមការងារ កំពុងបន្តពិនិត្យទីតាំងផូស៊ីលឈើ ចំនួន១៨កន្លែងផ្សេងទៀត ក្បែរនោះ សង្ស័យមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានបង្ហាញសេចក្តីសង្ឃឹមថា តំបន់នេះ នឹងអាចប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ជាទីតាំងទាក់ទាញការសិក្សាស្រាវជ្រាវបន្ថែម ដល់សិស្ស និស្សិត ដែលអាចជាប្រយោជន៍ នៃលើកកម្ពស់ការថែរក្សាធនធានធម្មជាតិ និងបង្កើនជីវភាពប្រជាពលរដ្ឋ នៅក្នុងសហគមន៍។ លោកនឹងរៀបចំបង្កើតជាស្នាក់ការនៃតំបន់ការពារធម្មជាតិ ដើម្បីការពារតំបន់កំណាយផងដែរ៕ដោយ៖កូឡាប