ភ្លើងយ៉ាងខ្លាំងបានឆាបឆេះប្រាសាទប្រវត្តិសាស្រ្តរបស់ជប៉ុនដែលមានអាយុកាលជាង ៥០០ឆ្នាំ នៅភាគខាងត្បូងកោះ Okinawa កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ភ្លើងក៏បានរីករាលដាលឆេះនៅជុំវិញបរិវេណប្រាសាទនេះ ដែលជាបេតិកភណ្ឌពិភពលោកផងដែរ។
ប្រាសាទ Shuri Castle គឺជាផ្នែកមួយនៃបរិវេណរបស់អាណាចក្រ Ryukyu ដែលវាត្រូវបានគេជឿជាក់ថាបានកើតឡើងកាលពីទសវត្សរ៍ឆ្នាំ ១៤០០មកម្លេះ។ រចនាសម្ព័ន្ធបច្ចុប្បន្នរបស់ប្រាសាទនោះកំពុងត្រូវបានសាងសង់ឡើងវិញ ដោយយកតាមគម្រោងដើម និងរូបថតនៃប្រសាទចាស់។
ភ្លើងបានចាប់ផ្តើមឆេះនៅម៉ោង ៣ព្រឹក ថ្ងៃព្រហស្បតិ៍ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់បានដឹងពីបញ្ហាដែលបណ្តាលឲ្យកើតអគ្គិភ័យនៅឡើយទេ។
“មូលហេតុនៃភ្លើងឆេះគេមិនទាន់កំណត់បាននៅឡើយទេ ប៉ុន្តែនាឡិការរោទ៍របស់ក្រុមហ៊ុនសន្តិសុខ បានបន្លឺឡើងនៅម៉ោងប្រហែល ២កន្លះព្រឹក”។ នេះបើតាមការបញ្ជាក់របស់លោក Ryo Kochi អ្នកនាំពាក្យរបស់ប៉ូលីសនៅកោះ Okinawa។
លោកបញ្ជាក់បន្ថែមថា “ភ្លើងចាប់ផ្តើមឆេះនៅប្រាសាធធំ ហើយភ្លើងរីករាលដាលយ៉ាងលឿនទៅកាន់រចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។ ក្រុមពន្លត់អគ្គិភ័យកំពុងតែដុតដៃដុតជើងជាមួយនឹងភ្លើង”។
សូមបញ្ជាក់ថា ប្រាសាទ Shuri Castle គឺជាបេតិកភណ្ឌរបស់ពិភពលោកដែលតំណាងឲ្យកោះ Okinawa។ ប្រាសាទនោះត្រូវបានបំផ្លាញយ៉ាងដំណមក្នុងអំឡុងសង្រ្គាមលោកលើកទី ២ ប៉ុន្តែវាត្រូវបានជុះជុលស្តារឡើងវិញ និងបើកឲ្យដំណើរការជាឧទ្យាជាតិឡើងវិញ ក្នុងឆ្នាំ ១៩៩២៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia