ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ប្រាប់សាស្ត្រាចារ្យ មកពីសហរដ្ឋអាមេរិកថា កម្ពុជាមានសក្តានុពល ក្នុងការដាំដុះដំណាំកសិកម្ម ក្នុងនោះដំឡូងមី មានសក្តានុពលក្នុងចំណោមផលិតផលសំខាន់ៗនៅកម្ពុជា ដែលបានដាំដុះដំណាំដំឡូងមីលើផ្ទៃដីប្រមាណ ៦៧០.០០០ ហិកតា អាចមានលទ្ធភាពផលិតបានប្រមាណ ១៤លានតោនក្នុងមួយឆ្នាំ។
នៅរសៀល ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួប លោកសាស្ត្រាចារ្យ W.Ronnie Coffman និង លោកសាស្ត្រាចារ្យ Max. J. Pfeffer មកពីមហាវិទ្យាល័យវិទ្យាសាស្ត្រជីវិតនិងកសិកម្មនៃសកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិច ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការស្រាវ ជ្រាវដំឡូងមី ដែលមានឈ្មោះគម្រោងពូជដំឡូងមីជំនាន់ក្រោយក្នុងគោលបំណងបង្កើនល្បឿននៃការកែលម្អហ្សែនក្នុងការបង្កាត់ពូជដំឡូងមី និងបង្ហាញពីសក្តានុពលដំឡូងមី។
ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ដល់លោកសាស្ត្រាចារ្យទាំងពីរដែលបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសមកកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាមានសក្តានុពលក្នុងការដាំដុះដំណាំកសិកម្ម ក្នុងនោះដំឡូងមី ជាផលិតផលកសិកម្មមួយដែលមានសក្តានុពលក្នុងចំណោមផលិតផលសំខាន់ៗនៅកម្ពុជា ហើយបច្ចុប្បន្នកម្ពុជាបានដាំដុះដំណាំដំឡូងមីលើផ្ទៃដីប្រមាណ ៦៧០ ០០០ ហិកតា អាចមានលទ្ធភាពផលិតបានប្រមាណ ១៤លានតោនក្នុងមួយឆ្នាំ។ លោករដ្ឋមន្ត្រី បានបន្តថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទស្សនៈវិស័យក្នុងការជំរុញការដាំដុះផលិតផលកសិកម្មដែលជាតម្រូវការទីផ្សារ ដែលមានលក្ខណៈអំណោយផលក្នុងការដាំដុះ មានភាពធន់ទៅនឹងជំងឺនិងការប្រែប្រួលអាកាសធាតុ មានទិន្នផលខ្ពស់ និងចំណូលខ្ពស់ដល់កសិករ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគាំទ្រទៅលើកិច្ចសហការក្នុងគម្រោងស្រាវជ្រាវពូជដំឡូងមីជំនាន់ក្រោយនេះ និងបានចាត់ឲ្យតំណាងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា តំណាងសកលវិទ្យាល័យភូមិន្ទកសិកម្ម និងអគ្គនាយកដ្ឋានកសិកម្មដើម្បីបន្តពិនិត្យនិងពិភាក្សាបន្ត។
លោកសាស្ត្រាចារ្យ Ronnie Coffman បានបញ្ជាក់ថា គម្រោងពូជដំឡូងមីជំនាន់ក្រោយនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១២ នៅក្នុងទ្វីបអាហ្វ្រិក និងត្រូវបានដឹកនាំដោយកម្មវិធីអន្តរជាតិនៅមហាវិទ្យាល័យវិទ្យាសាស្ត្រជីវិតនិងកសិកម្មនៃសកលវិទ្យាល័យ Cornell ដោយសហការជាមួយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកសិកម្មត្រូពិច និងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវជាតិនៃប្រទេសនីហ្សេរីយ៉ា។ នាឱកាសនេះដែរ លោកសាស្ត្រាចារ្យ Max. J. Pfeffer បានជម្រាបជូនថា លោកបានធ្វើការស្រាវជ្រាវនូវប្រភេទពូជដំឡូងមីជំនាន់ថ្មី ដែលមានការធន់ទៅនឹងជំងឺ និងមានផលិតភាពខ្ពស់ ហើយលោកបានធ្វើការដាំសាកល្បងនៅក្នុងទ្វីបអាហ្វ្រិក និងអាមេរិក ដូច្នេះដើម្បីឲ្យការស្រាវជ្រាវនេះកាន់តែមានប្រសិទ្ធភាព លោកមានបំណងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបណ្តាអ្នកស្រាវជ្រាវ ដើម្បីធ្វើការពិសោធន៍សាកល្បង និងដើម្បីស្វែងយល់ពីប្រភេទពូជផ្សេងៗ ព្រមទាំងសិក្សាពីបញ្ហាដែលបានជួបប្រទះលើការដាំដុះដំឡូងមីនៅកម្ពុជា៕ ដោយ៖បញ្ញាស័ក្តិ