ភ្នំពេញ៖ ខណ្ឌទួលគោក បានចាប់ផ្តើមអនុវត្តនៃការស្តាលូរហើយនៅថ្ងៃទី០៩មករានេះ តែខណ្ឌចំនួន៣ផ្សេងទៀតដែលជាខណ្ឌនៅចំកណ្តាលរាជធានីភ្នំពេញ មិនទាន់ចាប់ផ្តើមអនុវត្តការស្តាលូនៅឡើយទេ ក្នុងថ្ងៃយុទ្ធនាការស្តាលូជាលើកដំបូងនេះ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានអោយដឹងថា “ នៅថ្ងៃទី៩ ខែមករានេះ នៅទឹកដីខណ្ឌទួលគោក បានចាប់ផ្តើមស្តាលូនៅផ្លូវចំនួនពីរខ្សែ គឺតាមបណ្តោយ ផ្លូវកម្ពុជាក្រោម នឹងផ្លូវផ្សារមាន់អាំង ដោយអោយមន្ត្រីជំនាញខណ្ឌចុះសហការជាមួយមន្ត្រីជំនាញស្តាលូរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូន”។
លោកបានបញ្ជាក់អោយដឹងទៀតថា នៅទី១០ ខែមករា ឆ្នាំ២០១៨ មន្ត្រីរបស់ខណ្ឌទួលគោកទាំងអស់ នឹងចុះតាមគោលដៅដែលបានកំណត់ដើម្បីធ្វើការស្តាលូ អោយបានរួចរាល់មុន រដូវវស្សាមកដល់។ លោក ឯក ឃុនដឿន មានប្រសាសន៍ថា យុទ្ធនាការស្តាលូនិងប្រឡាយ គឺអនុវត្តទៅតាមគម្រោងផែនការរបស់ អភិបាលរាជធានីភ្នំពេញ ។ លោកឃួង ស្រេង បានដាក់ចេញកាលពីពេលថ្មីៗកន្លងទៅនេះធ្វើយ៉ាងម៉េចដើម្បីដោះស្រាយ បញ្ហាទឹកដែលកន្លងមក មានការជន់លិចដោយជំនន់ទឹកភ្លៀង”។
លោក កេ ប៊ុននាង ប្រធានក្រុមទី៤ ក្រុមការងារស្តាលូ នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អោយដឹងថា “ថ្ងៃនេះមន្ត្រីជំនាញធ្វើការស្តាលូផ្លូវចំនួន២ខ្សែ ក្នុងខណ្ឌទួលគោក ដោយមានផ្លូវកម្ពុជាក្រោម ចាប់ពីគល់ស្ពាន៧មករា ទៅដល់ផ្លូវព្រះមុន្នីវង្ស ចំណែកផ្លូវទី២ គឺផ្លូវផ្សារមាន់អាំង ពីផ្លូវលេខ៥៩៨ ទៅដល់ ផ្សារទីខេ”។ លោកបន្តថា ស្ថានភាពលូបច្ចុប្បន្ន ឃើញថា នៅចំណុចខ្លះមានដី និងកាកសំណល់ស្ទះពេញលូតែម្តង និងចំណុចខ្លះទៀត គឺមានដីនិងកាកសំណល់ ពាក់កណ្តាលលូ។ ទាក់ទិនទៅនឹងការស្តាលូនេះ លោកថា គឺមានរថយន្តសំរាប់ដឹកកាកសំណល់ចេញដែរ ដោយយកកាកសំណល់ក្នុងលូ ច្រកចូលបាវ រួចដឹកចេញ គឺមិនបានដាក់ដី ឬកាកសំណល់នៅក្បែរមាត់លូទេ។
យុទ្ធនាការស្តាលូនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីពេលកន្លងទៅថា រដ្ឋបាលសាលារាជធានីភ្នំពេញ គឺប្រគល់ភារៈកិច្ចជូនទៅរដ្ឋបាលខណ្ឌទាំង៤ខាងលើ ដោយអនុវត្តតាមវិមជ្ជកាថ្នាក់ក្រោមជាតិ គឺប្រគល់សិទ្ធិ និងប្រគល់ថវិកា អោយទៅខណ្ឌ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ក៏មិនប្រលែងដៃចោលនោះទេ គឺនៅតាមដាននិងផ្តល់បច្ចេកទេស ឬថវិកាបន្ថែមប្រសិនបើមានការខ្វះខាត។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនឹងដឹងជញ្ជូន រាជធានីភ្នំពេញ បានអោយដឹងថា ចំពោះការស្តាលូជាង៤៦០គីឡូម៉ែត្រនេះសំរាប់ខណ្ឌទាំង៤នេះ គឺសរុបមានចំនួន៦៤ខ្សែ គឺខណ្ឌដូនពេញមានប្រវែង២៤,៣៩០ម៉ែត្រ, ខណ្ឌចំការមនមានប្រវែង២៨,០៦៨ម៉ែត្រ, ខណ្ឌទួលគោកមានប្រវែង២៨,៨១៩ម៉ែត្រ និងខណ្ឌ៧មករា មានប្រវែង២០,៨១៤ ម៉ែត្រ។
លោកបានបញ្ជាក់អោយដឹងថា ចំពោះការស្តាលូទាំង៦៤ខ្សែនេះ គឺប្រើប្រាស់មធ្យោបាយស្តាលូ គឺមានរថយន្តសំរាប់បូមទឹកចំនួន៤គ្រឿ រថយន្តបាញ់ទឹកបំបែកដីភក់ចំនួន៤គ្រឿង រថយន្តដឹកដីចំនួន៤គ្រឿង និងកម្មករចំនួន៥០នាក់។ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ខាងមុខ ដោយប្រើរយៈពេល៧ខែអោយរួចរាល់ទូទាំង៤ខណ្ឌ៕ ដោយ៖កូឡាប