ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៤ខែវិច្ឆិកានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំការមកត្រួតពិនិត្យការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ជុំទី២ នៅកម្ពុជា ពីសំណាក់ អ.ស.ប. និងអ្នកជំនាញមកពីប្រទេសថៃ និងអេស្វាទីនីនៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ ថ្ងៃទី៣០-៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ACU បានប្រកាសថា នៅថ្ងៃទី៣០-៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំទទួលការមកត្រួតពិនិត្យដល់ប្រទេស (Country Visit) នូវការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ជុំទី២ នៅកម្ពុជា ពីសំណាក់តំណាងអង្គការសហប្រជាជាតិ និងអ្នកជំនាញមកពីប្រទេសថៃ និងអេស្វាទីនី ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួងស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិលផងដែរ ។
កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិកាដល់ភាគីត្រួតពិនិត្យ (តំណាងអ.ស.ប. និងអ្នកជំនាញមកពីប្រទេសថៃ និងស្វាទិនី) ជួប សាកសួរ ជជែកដេញដោលលម្អិតផ្ទាល់ជាមួយភាគីពាក់ព័ន្ធអំពីការអនុវត្តជាក់ស្តែងទាក់ទងនឹងបទដ្ឋានគតិយុត្តដែល UNCAC បានកំណត់ និងដែលកម្ពុជាត្រូវគោរពតាម ដោយផ្តោតលើ ជំពូកទី២ វិធានការបង្ការអំពើពុករលួយ និង ជំពូកទី ៥ ការបញ្ជូនមកវិញនូវផលនៃបទល្មើសពុករលួយ នៃ UNCAC បន្ថែមលើព័ត៌មានដែលបានផ្តល់ជូនក្នុងរបាយការណ៍ស្វ័យវាយតម្លៃ ដែលបានអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដែលកម្ពុជាបានដាក់ជូនពិនិត្យ ។
កិច្ចប្រជុំនេះ ក៏បានឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលទស្សនៈកិច្ចត្រួតពិនិត្យដល់ប្រទេសពីភាគីត្រួតពិនិត្យ ដែលជាយន្តការជាជម្រើសក្នុងដំណើរការត្រួតពិនិត្យ ។
ក្រោយកិច្ចប្រជុំ ផ្អែកលើព័ត៌មានទទួលបាន ភាគីត្រួតពិនិត្យ និងរៀបចំនូវរបាយការណ៍ប្រចាំប្រទេស (Country Report) ស្តីពីការអនុវត្ត UNCAC នៅកម្ពុជា ដែលជាការគូសបញ្ជាក់ពីការបិទបញ្ចប់ការត្រួតពិនិត្យការអនុវត្ត UNCACជុំទី២ នៅកម្ពុជា ។
សូមគូសបញ្ជាក់ថា ការត្រួតពិនិត្យការអនុវត្ត UNCAC ត្រូវបានធ្វើឡើងជា២ដុំ ដោយជុំទី១ ផ្តោតការត្រួតពិនិត្យលើ ជំពូកទី៣ ការកំណត់ជាបទល្មើស និង ជំពូកទី ៤ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងជុំទី២ ផ្តោតការត្រួតពិនិត្យលើជំពូកទី ២ វិធានការបង្ការអំពើពុករលួយ និង ជំពូកទី ៥ ការបញ្ជូនមកវិញនូវផលនៃបទល្មើសពុករលួយ ហើយ ភាគីមកត្រួតពិនិត្យគឺជ្រើសរើសតាមការចាប់ឆ្នោត។ កម្ពុជាបានទទួលការត្រួតពិនិត្យជុំទី១ បានបញ្ចប់នៅឆ្នាំ២០១៥ ដោយតំណាងអង្គការសហប្រជាជាតិ និងអ្នកជំនាញមកពីប្រទេសមីយ៉ាន់ម៉ា និងតូហ្គូ ។
ដំណើរការនៃការរៀបចំការត្រួតពិនិត្យការអនុវត្ត UNCAC នៅកម្ពុជា ត្រូវបានមជ្ឈដ្ឋានអន្តរជាតិកោតសសើរ និងទទួលស្គាល់ថា មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបើកចំហប្រកបដោយតម្លាភាព ដោយកម្ពុជាបានរួមបញ្ចូលគ្រប់ភាគីពាក់ព័ន្ធក្នុងយន្តការនៃការត្រួតពិនិត្យ រួមមានភាគីមកពីក្រសួងស្ថាប័នសាធារណៈ អង្គការសង្គមស៊ីវិល ផ្នែកសារព័ត៌មានផ្នែកសិក្សាធិការ និងវិស័យឯកជន។ សូមបញ្ជាក់ថា សម្រាប់ការត្រួតពិនិត្យការអនុវត្ត UNCAC ជុំទី១ កម្ពុជា ក៏បានបញ្ជូនអ្នកជំនាញការរាជរដ្ឋាភិបាលរបស់ខ្លួនទៅត្រួតពិនិត្យប្រទេសចំនួន ៣ រួមមានម៉ាល់តា (២០១៣) ប៉ាឡេ(២០១៤) និងអារ៉ាប៊ីសាអូឌីត (២០១៥) ហើយក៏បានទៅចែករំលែកបទពិសោធន៍របស់ខ្លួន តាមការអញ្ជើញរបស់អ.ស.ប. អំពីការរៀបចំយន្តការត្រួតពិនិត្យការអនុវត្ត UNCAC នៅកម្ពុជា ដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាភាគីត្រួតពិនិត្យខ្លួនផងដែរកាលពីដើមឆ្នាំ២០១៥ ។ សម្រាប់ការត្រួតពិនិត្យការអនុវត្ត UNCAC ជុំទី២ កម្ពុជា ក៏នឹងបញ្ជូនអ្នកជំនាញការរាជរដ្ឋាភិបាលទៅត្រួតពិនិត្យប្រទេសគិរីបាសផងដែរ ៕ ដោយ៖កូឡាប