ភ្នំពេញ៖ គណៈកម្មការជំនាញរដ្ឋសភា នឹងផ្ញើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ទៅជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យ និងសម្រេចដាក់បញ្ចូលក្នុង របៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ សម្រាប់ឲ្យរាជរដ្ឋាភិបាល យកទៅអនុវត្តបម្រើផលប្រយោជន៍ ប្រទេសជាតិ។
គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា សហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានជួបប្រជុំជាមួយ តំណាងរាជរដ្ឋាភិបាលមកពីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីពិនិត្យ និងសិក្សារួមគ្នាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។
សមាសភាពចូលរួមកិច្ចប្រជុំនេះ ភាគីរដ្ឋសភាដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ចំណែកតំណាងរាជរដ្ឋាភិបាលដឹកនាំដោយលោក កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
លោក កឹម ស៊ីថន បានជម្រាបកិច្ចប្រជុំអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ត្រូវបានផ្តល់សច្ចាប័នតាមព្រះរាជក្រមលេខ នស/រកម/០២១១/០០៤ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១១។ លោក បន្តថា រហូតមកដល់ពេលនេះ មានប្រទេស៩ បានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនេះ។ លោក រដ្ឋលេខាធិការបានលើកឡើងថា កិច្ចព្រមព្រៀងនេះ មានសារសំខាន់ណាស់ ក្នុងការជំរុញដល់ក្រសួងពាណិជ្ជកម្មបំពេញការងារក្នុងភាពជាដៃគូជាមួយក្រសួង និងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន គ្រឹះស្ថានឧត្តមសិក្សា អង្គការ និង គ្រប់អង្គភាពការងាររបស់កម្ពុជា ដើម្បីធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានភាពប្រកួតប្រជែងថែមទៀតនៅក្នុងទីផ្សារពិភពលោក។
នៅក្នុងឱកាសនេះ លោក កឹម ស៊ីថន បានលើកឡើងផងដែរអំពីសមិទ្ធផលសំខាន់ៗ ដែលក្រសួងពាណិជ្ជកម្មសម្រេចបាន នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភានេះ ដោយបានអនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន ការផ្តល់សេវាសាធារណៈឲ្យជិតប្រជាពលរដ្ឋ និងការបង្កើនល្បឿននៃការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម។ ជាពិសេសក្រសួងពាណិជ្ជកម្ម បានកំពុងបន្ត ជំរុញការកសាងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដែលជាតម្រូវការរបស់ធុរជន និងវិនិយោគិន។
“សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ គឺច្បាប់ថ្មីមួយទៀត ដែលកម្ពុជាត្រូវការដើម្បីធានា និងជំរុញ ដល់វិនិយោគរបស់បរទេសនៅកម្ពុជា។” នេះជាការគូសបញ្ជាក់របស់តំណាងរាជរដ្ឋាភិបាល។
បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់តាមនីតិវិធី គណៈកម្មការជំនាញនៃរដ្ឋសភា បានសម្រេចឯកភាពគ្នារក្សាខ្លឹមសារដើម នៃសេចក្តីព្រាងច្បាប់ ទាំងស្រុង។ លោកស្រី និន សាផុន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលជាសេនា ធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ដែលកំពុងលេចធ្លោ លើឆាកអន្តរជាតិ៕ ដោយ៖បញ្ញាស័ក្តិ