ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ឥទ្ធិពលព្យុះណាគ្រី នៅសមុទ្រចិនខាងត្បូង ក្បែរប្រទេសវៀតណាម នឹងឆ្លងចូលមកដល់កម្ពុជា នាម៉ោង១រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលបង្កឲ្យមានភ្លៀងធ្លាក់។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុជាប្រចាំ ទាំងក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា គឺព្យុះទី ២៤ ឈ្មោះថា ណាគ្រី បច្ចុប្បន្នបាននិងកំពុង ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ក្បែរប្រទេសវៀតណាម ។ ព្យុះនេះ នឹងធ្វើដំណើរចូលវៀតណាម នៅវេលាម៉ោងប្រមាណ១០យប់ ឆ្លងចូលថ្ងៃទី ១១ ខែវិច្ឆិកា នៅចំណុចក្បែរខេត្តញ៉ាត្រាង។
តាមការព្យាករណ៍នេះ នឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ (TD) រួចទៅជាសម្ពាធទាប(Low) នៅពេលធ្វើដំណើរចូលមកដល់កម្ពុជា វេលាម៉ោងប្រមាណ១រសៀល នាថ្ងៃទី១១ ខែវិច្ឆិកា នៅតំបន់កន្ទុយនាគ ខ្ពង់រាបភាគឦសានកម្ពុជា ដែលធ្វើឲ្យមានភ្លៀង ក្នុងកម្រិតពីមធ្យមទៅច្រើនបង្គួរ។ ជាទូទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស កម្រិតទឹកភ្លៀង នឹងចុះខ្សោយ លើកលែងបណ្តាខេត្ត នៅតំបន់ខ្ពង់រាបតែប៉ុណ្ណោះ។
ដោយឡែក តាមការព្យាករណ៍ចាប់ពីថ្ងៃ៩-១២ វិច្ឆិកា ដែលជាឱកាស នៃពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅរាជធានីភ្នំពេញ អាកាសធាតុមានស្ថានភាព ដូចខាងក្រោម៖
– ថ្ងៃ៩ វិច្ឆិកា ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២៤ អង្សាសេ, សីតុណ្ហភាពអតិបរមា ៣០ អង្សាសេ ខ្យល់បក់ពីទិសឦសានមានល្បឿនពី ២-៤ m/s។
– ថ្ងៃ១០ វិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២៣ អង្សាសេ តុណ្ហភាពអតិបរមា ៣១ អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ២-៤ m/s។
– ថ្ងៃ១១ វិច្ឆិកា ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២២ អង្សាសេ, សីតុណ្ហភាពអតិបរមា ៣០ អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣ m/s និងថ្ងៃ ១២ វិច្ឆិកា ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២១ អង្សាសេ , សីតុណ្ហភាពអតិបរមា ២៧ អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣ m/s៕ដោយ៖កូឡាប