សៀមរាប៖ កូនក្រពើដែលព្រលែងថ្ងៃមុន ត្រូវបានប្រជាពលរដ្ឋចាប់បានវិញហើយនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកានេះ។ បច្ចុប្បន្នក្រពើនោះ ត្រូវបានមន្ត្រីជំនាញផ្នែករដ្ឋបាលជលផលខេត្តសៀមរាបយកទៅរក្សាទុកនៅកន្លែងដទៃរួចហើយដែរ។
ករណីរកឃើញនេះ ត្រូវបានបុរសម្នាក់ដែលរស់នៅក្នុងខេត្តសៀមរាប ប្រទះឃើញកូនក្រពើអណ្ដែតក្នុងទឹកអំឡុងពេលលោកកំពុងដើរហាត់ប្រាណនៅតំបន់នោះ។ ភ្លាមៗ បុរសដែលមិនទាន់ស្គាល់អត្ដសញ្ញាណនោះបានចុះចាប់ ដែលមានប្រជាពលរដ្ឋនិងនគលបានបេតិកភណ្ឌមានវត្តមានទីនោះដែរ និងបានអញ្ជើញមន្ត្រីជំនាញផ្នែកជលផលខេត្តមកទទួលសត្វក្រពើនោះ។
កាលពីថ្ងៃសុក្រ ១២កេីត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរដ្ឋបាលខេត្ត អាជ្ញាធរអប្សរា មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានចុះពិនិត្យកន្លែងដែលបានលែងកូនក្រពេី និងរកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច បណ្ដោយប្រហែល ៤០សង់ទីម៉ែត្រ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្តនៅប៉ែកខាងកេីត។
ក្រោយពីបានចុះដល់ទីតាំង និងបានពិនិត្យជាក់ស្ដែងរួចមក ក្រុមការងារចម្រុះសម្រេចផ្តល់ភារកិច្ចជូនក្រុមការងារជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរជាតិអប្សរាធ្វើការតាមចាប់កូនក្រពេីនេះ ដោយប្រេីប្រាស់កម្លាំងមន្ត្រីជំនាញតាមប្រមាញ់ ២៤ម៉ោង លេី ២៤ម៉ោង ពិសេសពេលកូនក្រពេីតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត។
តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយ ការដាក់សន្ទូច ឬការអូសមង ឬ ការឆ្លុះនឹងកែវឆ្លុះចាប់នៅពេលយប់៕ ដោយ ៖ កូឡាប