ភ្នំពេញ៖ នៅម៉ោង៩ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី អញ្ជើញជាអធិបតីក្នុងហូបអំបុកនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ។ ពិធីមានបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ ប្រមាណជាង២០០០នាក់។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាស៍ថា ពិធីអកអំបុកនៅរាជធានីភ្នំពេញ នាឱកាសដ៏សប្បាយរីករាយនេះ គឺស្របពេលដែលថ្ងៃនេះគឺជាថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងទ័ពជាតិ។ ពិធីនេះរៀបចំឡើង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធធ្វើថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ខាងមុខនេះ ដែលជាបុណ្យប្រពៃណីជាតិរបស់ប្រជាជនខ្មែរ ដែលមានតាំងពីយូរលង់មកហើយ។
ពិធីបុណ្យប្រពៃណីជាតិខាងលើ មានតាំងពីបុរាណកាល ដ៏យូរលង់ណាស់មកហើយ ដូចមានចែងក្នុងឯកសាររបស់ប្រវត្ដិវិទូជាច្រើន ក៏ដូចជាតាមសិលាចារឹក នៃប្រាង្គប្រាសាទអង្គរ។
លោកស្រី បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានទទួលសុខសន្ដិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ ហើយប្រជាជនទូទាំងប្រទេសកាន់តែមានជីវភាពល្អប្រសើរឡើង មានសុភមង្គល និងមានសិទ្ធិសេរីភាពពេញលេញ ក្នុងជំនឿសាសនា និងការប្រារព្ធពិធីបុណ្យជាតិ ប្រពៃណី និងបុណ្យសាសនាផ្សេងៗយ៉ាងសប្បាយរីករាយ។
ជាក់ស្តែង រាជធានីភ្នំពេញយើងថ្ងៃនេះ កំពុងរៀបចំពិធីអកអំបុក ដើម្បីអបអរសាទរថ្ងៃឯករាជ្យជាតិផង និងដើម្បីរួបរួមគ្នាការពារជាតិ សាសនា ព្រះមហាក្សត្រផង។ ទិវានេះ មានអត្ថន័យ ធំធេងណាស់ ព្រោះឱកាសនេះយើងធ្វើឡើង ដើម្បីទប់ស្កាត់ជនក្បត់ជាតិមួយចំនួន ដែលមានបំណងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កចលាចល អសន្តិសុខ និងវិនាសកម្មដល់ប្រទេសជាតិយើង។ ម៉្យាងទៀត ក៏ចង់ក្រឿនរំលឹកដល់យុវជនជំនាន់ក្រោយៗទៀតឲ្យបានយល់កាន់តែច្បាស់ និងស្គាល់អត្តសញ្ញាណជាតិផងដែរ ព្រោះថា យុវជនយើងស្ថិតក្នុងបរិបថសម័យថ្មី យុវជនខ្លះគាត់ទំនើបពេកទៅ គាត់ស្គាល់របៀបអឺរ៉ុបច្រើនជាង ក៏ភ្លេចអត្តសញ្ញាណជាតិ។ ពេលនេះគឺពួកគាត់អាចស្វែងយល់បន្ថែមទៀតអំពីប្រវត្តិ និងប្រពៃណីពីបុរណរបស់ខ្មែរយើង និងបានស្គាល់អំពីរបៀបដាល់អំបុក ឬក៏ការធ្វើអំបុក កាន់តែច្បាស់ ។ យើងទាំងអស់អស់គ្នា ត្រូវ រួមគ្នាថែរក្សា និងអភិរក្សនូវអ្វីដែលជាមរតករបស់ដូនតាខ្មែរឲ្យនៅស្ថិតស្ថេរគង់វង្ស ផងដែរ ។
លើសពីនេះទៀត ព្រឹត្តិការណ៍នេះក៏ពិតជាការបង្ហាញពីស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជននៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាយើង ដែលកំពុងតែសប្បាយរីករាយនឹង សុខសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន។
ក្នុងឱកាសនេះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពិធីជួបជុំទទួលទានអំបុក ក្នុងថ្ងៃនេះ ធ្វើឡើងចំពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បាននឹងកំពុងរីករាយអបអរសាទរ
ខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង
ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និងកំពុងត្រៀមចូលរួម
សប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលព្រឹត្តិការណ៍ទាំងអស់នេះ ពិតជាបានបង្កប់នូវអត្ថន័យ ដ៏ត្រចះត្រចង់ និងបានបង្ហាញពីភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា
ទាំងក្នុង និងក្រៅប្រទេស ពិសេសស្មារតីឯកភាពជាតិ អធិបតេយ្យភាពជាតិបូរណភាពទឹកដី ក្រោមម្លប់សុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍ
លើគ្រប់វិស័យ ផ្ទុយស្រឡះពីក្រុមឧទ្ទាមក្រៅច្បាប់ ដែលបែរជាយកថ្ងៃបុណ្យជាតិ ដើម្បីកេណ្ឌបក្សពួកតិចតួចរបស់ខ្លួន ក្នុងគោលដៅដ៏ខ្មៅងងឹតគឺបង្កវិទ្ធង្សនា បង្កភាពភ័យខ្លាច បង្កើតវិនាសកម្ម ប៉ុនប៉ងបំផ្លិចបំផ្លាញ
សុខសន្តិភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងស្ថាប័នព្រះមហាក្សត្រទៅវិញ។
លោកបានថ្លែងថា ដូនតាខ្មែរយើងកាលពីសម័យបុព្វកាល បានបន្សល់ទុកនូវកេរ្តិ៍
ដំណែលដ៏មានតម្លៃមិនអាចកាត់ថ្លៃបានជាច្រើនសន្ធឹកសន្ធាប់ ដើម្បីឱ្យ
កូនចៅជំនាន់ក្រោយថែរក្សាការពារទុកជាសម្បត្តិវប្បធម៌ជាតិ ក្នុងនោះ៖ អំបុក គឺជាអាហារប្រពៃណីមួយប្រភេទ ដែលត្រូវបានបុព្វបុរសខ្មែរកែច្នៃផលិតឡើង ទុកជាដង្វាយដែលមិនអាចខ្វះបានសម្រាប់ថ្វាយដល់ដួងព្រះចន្ទ្រា
នារាត្រីថ្ងៃពេញបូរណ៌មី ១៥ កើត ខែកត្តិក ជារៀងរាល់ឆ្នាំ និងដើម្បីទុកជា
អាហារសម្រាប់ទទួលទានកម្សាន្តសប្បាយនារដូវទឹកសម្រក ក្នុងឱកាសដែលបងប្អូនប្រជាកសិករខ្មែរ ត្រៀមប្រមូលភោគផលកសិកម្មដំបូងរបស់ខ្លួនយ៉ាងណាមិញ ដើម្បីផលិតអំបុក បងប្អូនប្រជាកសិករយើង
ត្រូវសម្រិតសម្រាំងប្រភេទស្រូវ ចំណាយពេលវេលា កម្លាំងពលកម្ម និងប្រើប្រាស់នូវសម្ភារៈប្រពៃណីមួយចំនួន ទម្រាំទទួលបានអំបុកយកមកទទួលទាន ពោលគឺវាមិនមែនការងារសាមញ្ញពេកនោះទេ។ ជាទូទៅស្រូវដែលយកមកធ្វើជាអំបុក ត្រូវហាលឱ្យបានស្ងួតល្អ ជាគ្រាប់ស្រូវស្រឡូនល្អ ហើយភាគច្រើនគេនិយមយកស្រូវផ្ការំដួល ស្រូវផ្កាម្លិះ ស្រូវសែនក្រអូប ឬ ស្រូវដំណើបក៏បាន ពីព្រោះស្រូវទាំងនេះ ជាប្រភេទស្រូវស្រាល ងាយដាំ ងាយប្រមូលផលទាន់រដូវបុណ្យអុំទូក ជាពិសេស
ស្រូវប្រភេទនេះ មានភាពទន់ ស្អិត និងមានក្លិនក្រអូបលុយប្រហើរធ្វើឱ្យអំបុកកាន់តែមានរសជាតិឆ្ងាញ់ពិសា។ ចំពោះការទទួលទានអំបុកគឺអាស្រ័យលើចំណង់ចំណូលចិត្តរបស់បងប្អូនប្រជាពលរដ្ឋម្នាក់ៗ ដោយអ្នកខ្លះនិយមពិសាអំបុកទទេ រីឯអ្នកខ្លះទៀតនិយមពិសាអំបុកដោយលាយជាមួយគ្រឿងផ្សំផ្សេងទៀត ដើម្បីបង្កើនរសជាតិ ក្នុងនោះ៖ ជាទម្លាប់
បងប្អូនយើងភាគច្រើននិយមពិសាអំបុក ដោយលាយជាមួយ ស្ករស, ទឹកដូង , សាច់ដូង, ចេកណាំវ៉ា, ចេកអំបូង, ទឹកដោះគោស្រស់, សាច់ជ្រូកចិញ្ច្រាំ ជាដើម ឬ គេអាចកែច្នៃអំបុកទៅជាន់ផ្សេងៗ ថែមទៀតផង។
សម្រាប់វត្តមានរបស់ គណៈអធិបតី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងពិធីទទួលទានអំបុកក្នុងថ្ងៃនេះ គឺ
មិនត្រឹមតែជាសក្ខីភាពនៃការចូលរួមថែរក្សាកេរ្តិ៍ដំណែល ប្រពៃណីដ៏ល្អផូរផង់របស់បុព្វបុរសយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារមួយប្រកាសប្រាប់ដល់ក្រុមឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច ជាពិសេសក្បត់ជាតិសម រង្ស៊ី ថាពួកយើងមិនគាំទ្រ និងប្រឆាំងដាច់ខាតចំពោះនយោបាយប្រជាភិថុតិនិងចេតនាធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
ដឹកនាំដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ពួកយើងរឹតតែមិនអាចទទួលយកបានឡើយ នូវការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះ ចំពោះ អង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា ព្រោះថាការប្រមាថ អង្គព្រះមហាក្សត្រ
គឺស្មើនឹងការប្រមាថចំពោះនជាតិខ្មែរទាំងមូល ចាំបាច់យើងត្រូវរួមគ្នាដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ដូច អ្វី ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង បានអំពាវនាវនាពេលកន្លងមក។
ក្រៅអំពីការរៀបចំកម្មវិធី “ទទួលទានអំបុកដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ
” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាពេលនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងរាជធានីភ្នំពេញក៏កំពុងរីករាយទទួលទានអំបុកតាមមូលដ្ឋានរបស់ខ្លួនផងដែរក្នុងនោះ៖ យើងបានរៀបចំទីតាំងសម្រាប់ទទួលទានអំបុកសាមគ្គី តាមមូលដ្ឋានខណ្ឌ សង្កាត់ ភូមិ និងតាមទីវត្តអារាម សរុបចំនួន ៨៨៩ ទីតាំងដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់បុព្វជិត និងប្រជាពលរដ្ឋប្រមាណជិត ១០ម៉ឺន អង្គ/នាក់ ក្រោមដំបូលសុខសន្តិភាពជាតិខ្មែរតែមួយ និងដោយក្តីសប្បាយរីករាយជាទីបំផុត៕ដោយ៖កូឡាប