ប្រមុខការទូតថៃ Don Pramudwinai នៅថ្ងៃទី ៩/១ បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី យីង ឡាក់ ស៊ីណាវ៉ាត្រា ស្ថិតនៅទីក្រុងឡុង ប្រទេសអង់គ្លេស ហើយក្រុងបាងកក នឹងស្វែងរកវិធីនាំខ្លួនគាត់វិលមកប្រទេសវិញ។
លោក Pramudwinai បានលើកឡើងព័ត៌មាននេះ ក្រោយពេលប្រព័ន្ធផ្សព្វផ្សាយបានដាក់បង្ហាញរូបថត ៣សន្លឹក ដែលបែកធ្លាយលើបណ្តាញសង្គម ហាក់ដូចជាប្រាប់ថា អ្នកស្រីយីងឡាក់ កំពុងស្ថិតនៅក្រុងឡុង។ លោកប្រាប់អ្នកាសែតថា លោកបានដឹងរឿងនេះ តាំងពីខែ ៩ ឆ្នាំទៅមិញម្លេះ ក្រោយពេលរដ្ឋលេខាធិការក្រសួងការបរទេសម្នាក់បានរាយការណ៍ប្រាប់។
ក្រសួងការបរទេសថៃ ពុំទម្លាយចេញឈ្មោះរដ្ឋលេខាធិការរូបនេះទេ ប៉ុន្តែខណៈពេលនោះ វាជួនគ្នានឹងជំនួបរវាងរដ្ឋការថៃ ជាមួយលោក Mark Field រដ្ឋលេខាធិការអង់គ្លេសទទួលបន្ទុកទ្វីបអាស៊ី។
បច្ចុប្បន្នគេនៅពុំទាន់ដឹងច្បាស់ថា អ្នកស្រីយីងឡាក់បានចូលទៅកាន់អង់គ្លេសដោយវិធីណាទេ ប៉ុន្តែតាមលោក Pramudwinai នោះអ្នកស្រីអាចប្រើប្រាស់ប៉ាស្ព័រប្រទេសដទៃ ដោយហេតុថា ប៉ាស្ព័រថៃរបស់អ្នកស្រីបានត្រូវលុបចោលមុននោះ។
ប្រមុខការទូតរូបនេះ និយាយបន្តថា រដ្ឋាភិបាលថៃ នឹងកំពុងរកវិធី ដើម្បីនាំខ្លួនអ្នកស្រីយីងឡាក់ ប៉ុន្តែក៏អះអាងថា វត្តមានរបស់អ្នកស្រីនៅក្រុងឡុង ពុំធ្វើឲ្យឥទ្ធិពលដល់ចំណងទាក់ទងរវាងថៃនិងអង់គ្លេសទេ។
មុននេះអ្នកស្រីយីងឡាក់ បានត្រូវតុលាការចេញសាលក្រមកំបាំងមុខដោយកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទព្រងើយកន្តើយក្នុងគោលនយោបាយគាំទ្រថ្លៃអង្ករ ជាហេតុនាំឲ្យខាតបង់រាប់ពាន់លានដុល្លារ៕ សូយន