ប្រទេសចិនបានសម្តែងការគាំទ្រពេញទំហឹងចំពោះប៉ូលីសហុងកុង កាលពីថ្ងៃអង្គារម្សិលមិញនេះ មួយថ្ងៃក្រោយពេលមន្រ្តីប៉ូលីសម្នាក់បានធ្វើការបាញ់ទៅលើបាតុករមួយរូបពីចំងាយជិត និងមានបុរសម្នាក់ទៀតបានចាក់សាំងដុតខ្លួនឯង ខណៈដែលភាពចលាចល និងអំពើហឹង្សាកំពុងតែរាលដាលខ្លាំងនៅហុងកុង។
ក្រុមបាតុករសម្តែងការខឹងក្រោធចំពោះអ្វីដែលពួកគេបានមើលឃើញ ខណៈដែលប៉ូលីសបានធ្វើសកម្មភាពយ៉ាងឃោរឃៅ និងមានការជ្រៀតជ្រែកពីទីក្រុងប៉េកាំងទៅលើសេរីភាព ដែលមានការធានាក្រោមរូបមន្ត ប្រទេសមួយ ប្រព័ន្ធពីរ ដែលប្រព័ន្ធនេះបានអនុវត្តនៅពេលអង់គ្លេសបានប្រគល់ហុងកុងមកអោយចិនវិញនៅឆ្នាំ ១៩៩៧។
ថ្លែងនៅក្នុងសន្និសិទក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនឈ្មោះ Geng Shuang បានសម្តែងការគាំទ្រចំពោះសកម្មភាពមន្រ្តីប៉ូលីសហុងកុង ដែលបានធ្វើការបាញ់ប្រហារលើបាតុករម្នាក់ និងបានជំរុញមន្រ្តីអាមេរិច និងអង់គ្លេសកុំឲ្យលូកលាន់ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។
លោកថ្លែងដូច្នេះថា “ទោះបីជាអ្នករស់នៅក្នុងប្រទេសណាក៏ដោយ ការឆក់យកកាំភ្លើងពីប៉ូលីស ការវាយប្រហារលើប៉ូលីសដែលកំពុងអនុវត្តតួនាទី ការគំរាមកំហែងអាយុជីវិត និងសុវត្ថិភាពរបស់ប៉ូលីស គឺមិនត្រូវបានអនុញ្ញាតិឲ្យធ្វើឡើយ ហើយសកម្មភាពនោះនឹងត្រូវរងការវាយបកវិញឲ្យប៉ូលីសផ្សេងៗ”។
“ខ្ញុំចង់សួរមន្រ្តីនៅអាមេរិច ឬអង់គ្លេសថា ប្រសិនជាករណីដូចនៅហុងកុងកើតឡើងនៅប្រទេសរបស់អ្នក តើប៉ូលីសរបស់អ្នកនឹងដោះស្រាយវាដោយវិធីណា?”
សូមបញ្ជាក់ថា កាលពីថ្ងៃច័ន្ទ សហរដ្ឋអាមេរិចបានធ្វើការថ្កោលទោសចំពោះការប្រើប្រាស់កងកម្លាំងនៅហុងកុង និងបានជំរុញឲ្យប៉ូលីស និងជនស៊ីវិលទាំងអស់បន្ធូរបន្ថយស្ថានការណ៍នៅទីក្រុង៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia