Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យ ៣ នាក់​ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង ​ករណី​ឃាតកម្ម​កាប់សម្លាប់​មនុស្ស​ម្នាក់​

spot_img

ស្វាយរៀង​៖ នា​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ សមត្ថកិច្ច​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​បញ្ជូន​សំណុំរឿង​ករណី​ឃាតកម្ម​នៅ​ក្រុង​ស្វាយរៀង ព្រមទាំង​ជនសង្ស័យ​ទាំងបី​នាក់​ ទាំង​ជនដៃដល់​ ទាំង​អ្នកផ្តើមគំនិត និង​អ្នកសមគំនិត ទៅ​សាលាដំបូង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំងបី​ត្រូវបាន​បាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​រួចហើយ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨ និង​៤០​នាទី នៅ​ចំណុច​មុខ​សាលប្រជុំ​ឆ្នេរទន្លេ ស្ថិត​ក្នុងភូមិ​រោងបន្លែ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង មាន​បទល្មើស​ព្រហ្មទណ្ឌ​មួយ​កើតឡើង បង្កដោយ​ជនសង្ស័យ ០២​នាក់​គឺ ៖

១.​ឈ្មោះ ប្រាក់ សុធា​រាជ ( ហៅ​ពៅ ) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ( ជា​ជនដៃដល់ )។

២.​ឈ្មោះ អេង វិចា​អក្ខ​រ៉ា ( ហៅ​ស្នា ) ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​ជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​កៀន​សាំង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ( ជា​ជន​សមគំនិត​) បាន​ជិះ​ម៉ូតូ​ម៉ាក​ឌូ​កពាក់​ស្លាក​លេខ​ភ្នំពេញ 1CV-1852 ពណ៌​សលាយ​ខ្មៅ​ឌុប​គ្នា​ប្រដាប់​ដោយ​កាំបិត​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ឈ្មោះ វ៉ា វិសាល ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ​ជាតិខ្មែរ មុខរបរ និស្សិត មាន​ទីលំនៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។ មូលហេតុៈ​ទាស់​ពាក្យសំដី​ក្នុងពេល​ដើ​​រ​លេង​ជាមួយគ្នា​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត បាន​ចង្អុល​ដឹកនាំ និង​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ អោយកម្លាំង​ជំនាញ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ កុយ សុភាព ស្នងការរង​នគរបាល​ខេត្ត កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង និង​មានការ​សម្របសម្រួល ពី​ព្រះរាជអាជ្ញា ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ឈ្មោះ អេង វិចា​អក្ខ​រ៉ា ហៅ​ស្នា ដែលជា​អ្នកបើក​ម៉ូតូ នាំខ្លួន​យកទៅ​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​ស្វាយរៀង ធ្វើការ​សាកសួរ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ អេង វិចា​អក្ខ​រ៉ា បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូឌុប​ឈ្មោះ ប្រាក់ សុធា​រាជ ហៅ​ពៅ ទៅធ្វើ​សកម្មភាព​កាប់​ទៅលើ​ឈ្មោះ វ៉ា វិសាល ប្រាកដ​មែន ។ ក្រោយពី​ធ្វើ​សកម្មភាព​ហើយ ខ្លួន និង​ឈ្មោះ ប្រាក់ សុធា​រាជ ( ហៅ​ពៅ ) ក៏​បែកផ្លូវ​គ្នា​រៀងៗ​ខ្លួន​។ ក្រោយពី​ទទួលបាន​ចម្លើយសារភាព សមត្ថកិច្ច​ខេត្តស្វាយរៀង សហការ​ជាមួយ​សមត្ថកិច្ច​រាជធានី ក៏បាន​បន្ត​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ឈ្មោះ ប្រាក់ សុធា​រាជ ហៅ​ពៅ បាន​នៅ​រាជធានី​ភ្នំពេញ វេលា​ម៉ោង ២ រសៀល​។ បន្ទាប់ពី​សាកសួរ​ឈ្មោះ ប្រាក់​សុធា​រាជ ហៅ​ពៅ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ឈ្មោះ វ៉ា វិសាល ប្រាកដ​មែន​។ រីឯ​វត្ថុតាង​កាំបិត ដែល​ខ្លួន​ធ្វើ​សកម្មភាព​នោះ គឺ​ខ្លួន​ខ្ចី​ពី​ឈ្មោះ សុខ ទិ​ត្យ​វាសនា តែ​ពេលធ្វើ​សកម្មភាព​ហើយ​ខ្លួន​និង​ឈ្មោះ អេង វិចា​អក្ខ​រ៉ា បាន​យកទៅ​ឲ្យ​ឈ្មោះ សុខ ទិ​ត្យ​វាសនា វិញ​ហើយ​។ ក្រោយពី​ទទួលបាន​ចម្លើយសារភាព​ដូច្នេះ សមត្ថកិច្ច​យើង ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ សុខ ទិ​ត្យ​វាសនា ព្រមទាំង​វត្ថុតាង​កាំបិត និង​គូរ​កន​ខាងលើ បញ្ជូនមក​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×