ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា សម្រាប់ថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក អកអំបុក លយប្រទីប សំពះព្រះខែ រយៈពេល ៣ថ្ងៃ (១០-១២ វិច្ឆិកា ឆ្នាំ២០១៩)នេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាតាមបណ្តារាជធានី-ខេត្ត មានចំនួនសរុបប្រមាណ ៥.៨១៦.៧១១ នាក់ ក្នុងអត្រាកំណើនប្រមាណ ៧,២៦ % ។
ប្រភពដដែលបញ្ជាក់ថា ក្នុងនោះ៖ ភ្ញៀវជាតិប្រមាណ ៥.៧២៧.១៦៣ នាក់ ក្នុងអត្រាកំណើន ៧,២១ % ភ្ញៀវអន្តរជាតិប្រមាណ ៨៩.៥៤៨ នាក់ ក្នុងអត្រាកំណើន ១០,៦១ %។
ដោយឡែកក្នុងតួលេខ រាជធានីភ្នំពេញ ដែលជាទីតាំងប្រារព្ធពិធី ទទួលបានភ្ញៀវមកកម្សាន្តប្រមាណ ៤.៧៨១.៤៤៦ នាក់ កើនឡើង ៥,១៦% ក្នុងនោះ៖ ភ្ញៀវជាតិមានចំនួនប្រមាណ ៤.៧៥០.០០០ នាក់ កើនឡើងប្រមាណ ៥,១១ % ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៣១.៤៤៦ នាក់ កើនឡើងប្រមាណ ១៣,៩៤ %៕ ដោយ៖កូឡាប