អតីតនិមិត្តរូបប្រជាធិបតេយ្យ គឺអ្នកស្រីអ៊ុង សានស៊ូជី ស្ថិតក្នុងចំណោមមន្រ្តីជាន់ខ្ពស់មីយ៉ានម៉ា ជាច្រើនរូបទៀត ដែលត្រូវបានក្រុមអង្គការសិទ្ធិមនុស្ស ប្តឹងទៅកាន់តុលាការ ក្នុងប្រទេសអាហ្សង់ទីន ពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។ នេះគឺជាលើកដំបូងហើយ ដែលអតីតម្ចាស់ពានរង្វាន់ណូប៊ែលសន្តិភាព ត្រូវបានគេប្តឹងជុំវិញករណីវិបត្តិរ៉ូហ៊ីងយ៉ា។
ក្រុមអង្គការសិទ្ធិមនុស្សអាមេរិចឡាទីន និងរ៉ូហ៊ីយ៉ា បានដាក់បណ្តឹងទៅកាន់ប្រទេសអាហ្សង់ទីន ក្រោមគោលការណ៍តុលាការសកល ដែលវាជានីតិវិធីច្បាប់ត្រូវបានតម្កល់នៅក្នុងច្បាប់ នៃប្រទេសមួយចំនួន។
លោកមេធាវី Tomas Ojea បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថា “បណ្តឹងនោះគឺដើម្បីស្វែងរកឲ្យមានការដាក់ទណ្ឌកម្មទៅលើអ្នកប្រព្រឹត្តិ អ្នកផ្សំគំនិត លើអំពើប្រល័យពូជសាសន៍។ ពួកយើងដាក់បណ្តឹងនោះតាមរយៈប្រទេសអាហ្សង់ទីន ពីព្រោះពួកគេមិនមានលទ្ធភាពផ្សេងទៀតឡើយ ក្នុងដាក់បណ្តឹងឧក្រិដ្ឋកម្មនៅកន្លែងផ្សេងទៀត”។
នៅក្នុងបណ្តឹង មានការទាមទារឲ្យមេដឹកនាំយោធា និងនយោបាយរបស់មីយ៉ានម៉ា ដូចជា លោក Min Aung Hlaing និងអ្នកស្រី អ៊ុង សានស៊ូជី ប្រឈមនឹងយុត្តិធម៌ជុំវិញ បញ្ហាគំរាមកំហែងដែលជនជាតិដើមភាគតិចរ៉ូហ៊ីយ៉ាបានប្រឈម។
“អស់ជាច្រើនទសវត្សរ៍មកហើយ អាជ្ញាធរមីយ៉ានម៉ា បានព្យាយាមបោសសម្អាតពួកយើង ដោយឃុំឃាំងពួកយើងថាជាជនជាតិភាគតិច បង្ខំពួកយើងឲ្យចាក់ចេញពីប្រទេសកំណើត និងសម្លាប់ពួកយើង”។ នេះជាការលើកឡើងរបស់លោក Tun Khin ប្រធានអង្គការរ៉ូហ៊ីងយ៉ាមីយ៉ានម៉ា ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
សូមបញ្ជាក់ថា ប្រទេសមីយ៉ានម៉ា កំពុងរងសម្ពាធផ្លូវច្បាប់យ៉ាងខ្លាំង នៅក្នុងតុលាការជុំវិញពិភពលោក ជុំវិញករណីធ្វើទុក្ខបុកម្នេញ ទៅលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីន ចាប់តាំងពីឆ្នាំ ២០១៧មក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia