ក្មេងប្រុសរូបនេះត្រូវធ្វើដំណើរដោយថ្មើរជើងយ៉ាងឆ្ងាយមកកាន់សាលារៀន ដើម្បីប្រលងវិញ្ញាសារសំខាន់មួយ។
រូបភាពក្មេងប្រុសដែលសក់ឡើង “សស្គុះ” ធ្វើឲ្យប្រជា Internet ចិន មានការខ្លោចផ្សារយ៉ាងខ្លាំង។
ថ្មីៗនេះរូបភាពក្មេងប្រុសចិន ដែលត្រូវអកាសធាតុបង្កកឡើងសស្គុះ ធ្វើឲ្យអ្នកផងមានការអាណិតខ្លោចចិត្តយ៉ាងខ្លាំង។
តាម Daily Mail ក្មេងប្រុសនេះរស់នៅតំបន់ដាច់ស្រយាលមួយ នាខេត្តហ៊ូណាន ប្រទេសចិន។ នៅទីនោះអាកាសធាតុត្រជាក់យ៉ាងខ្លាំង ហើយក្មេងប្រុសម្នាក់នេះ បង្ខំចិត្តត្រូវដើរដោយប្រើពេលជាងមួយម៉ោង ទៅកាន់សាលារៀន។ ពេលចូលដល់ថ្នាក់ សក់របស់វាឡើងសស្គុះ ។
កាសែតនៅតំបន់ឲ្យដឹងថា ក្មេងប្រុសនេះឈ្មោះ វ៉ាងហ្វូម៉ាន អាយុ ៨ឆ្នាំ នៅពេលឆាណែល Pear Video ទៅជួបសម្ភាសន៍បាននិយាយថា ប្អូនមានអាវក្រាស់តែមួយគត់ហើយបានពាក់តាំងពីម្សិលមិញរហូតមកទល់ពេលនេះ ។
សារព័ត៌មានចិនដដែលលើកឡើងថា ម៉ាន កើតក្នុងគ្រួសារមួយដែលឪពុកត្រូវទៅរកស៊ីនៅស្រុកឆ្ងាយ ខណៈពេលដែលម្តាយបានបោះបង់ចោលប្អូនតាំងពីតូចម្លេះ។ បច្ចុប្បន្នក្មេងប្រុសនេះរស់នៅជាមួយបងស្រី និងជីដូន ក្នុងផ្ទះមួយដែលជញ្ជាំងធ្វើពីដី។
នាយកសាលាត្រកូល ហ្វូ ឲ្យដឹងថា ម៉ាន ត្រូវដើរមកកាន់សាលាដោយប្រើពេលជាង១ម៉ោង ទើបដល់ ហើយថ្នាក់រៀនទៀតសោតក៏គ្មានម៉ាស៊ីនកម្តៅដែរ។
ផ្ទះតោកយ៉ាករបស់ម៉ាន
នាយកសាលាត្រកូល ហ្វូ បានឲ្យដឹងបន្ថែមទៀត កាលពីថ្ងៃ៨/១ ៖ មានវិញ្ញាសារប្រឡងសំខាន់មួយដែលក្មេងៗត្រូវប្រឈមនឹងព្រិលខ្យល់ ដើម្បីមកប្រលង។ សីតុណ្ហភាពនៅព្រឹកនេះគឺ -9°C ។ ពេលចូលដល់ថ្នាក់មិត្តភក្តិរបស់ម៉ាន ផ្ទុះសំណើចដោយឃើញសក់របស់វាឡើងសស្គុះ។ រីឯម៉ាន នៅតែសើចរីករាយជាមួយមិត្តភក្តិ។ ចំណែកគ្រូបង្រៀនប្រាប់ថា ម៉ានជាសិស្សឧស្សាហ៍និងមានទេពកោសល្យខាងគណិតវិទ្យា៕ ចន្ទ្រា