Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក យន្ត មីន ៖ ស្ពានដែក​ទ្រុឌទ្រោម​ឆ្លងកាត់​ដៃសមុទ្រ នៃ​ឆ្នេរសមុទ្រ​រាម នឹង​ជំនួស​ដោយ​ស្ពានថ្ម​ថ្មី ក្នុង​ពេល​ដ៏​ឆាប់​

​ខេត្ត​ព្រះសីហនុ​៖ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ស្ពានដែក​ឆ្លង​ដៃ សមុទ្រ​ឬ​ឆ្នេរសមុទ្រ​រាម មាន​ទីតាំង​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ដែល​ពេល​បច្ចុប្បន្ន​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង នឹង​ត្រូវ​ស្ថាបនា​ជាថ្មី ជំនួស​ដោយ​ស្ពានថ្ម​វិញ​។​
​ផ្តល់​សម្ភាស​ឲ្យ​អ្នកយក​ព័ត៌មាន cen.com.kh ប្រចាំ​ខេត្ត​ព្រះសីហនុ​ដឹង នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែ​មករា ឆ្នាំ​២០១៨ លោក យន្ត មីន អះអាងថា ស្ពានដែក​ឆ្លង​ដៃ​សមុទ្រ មាន​ទីតាំង​នៅ​ភូមិ​អុង ឃុំ​រាម និង​ត្រូវ​ស្ថាបនា​ថ្មី​ជំនួស​វិញ​ដោយ​ស្ពានថ្ម​។ លោក​បន្តថា ស្ពាន​ថ្មី​នេះ នឹង​ចាប់ផ្តើម​ស្ថាបនា ដាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិសេស​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ប្រើប្រាស់​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​។
​លោក យន្ត មីន បាន​អះអាង​ដូច្នេះ គឺ​បាន​កើតឡើង​បន្ទាប់​ពី ប្រជាពលរដ្ឋ​រស់នៅ ភូមិ​អុង ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ភ្ញៀវទេសចរ​មួយចំនួន បាន​រអ៊ូរទាំ និង​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ពេល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពានដែក​ឆ្លងកាត់​ដៃសមុទ្រ នៃ​ឆ្នេរសមុទ្រ​រាម ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង មិន​អាច​អោយ​យានជំនិះ​គ្រប់​ប្រភេទ ពិសេស​យន្ត​តូចធំ បើក​ឆ្លងកាត់​បាន​ទៀត​ទេ​។

​លោក យន្ត មីន សង្កត់ធ្ងន់​ថា «​មិនមែន​តែ​ស្ពាន​នៅ​ភូមិ​អុង ឆ្នេរសមុទ្រ​រាម​មួយ​ទេ ដែល​នឹង​ត្រូវ​បើក​ការ​រដ្ឋា​ន​ស្ថាបនា​ក្នុង​ពេលខាងមុខ ប៉ុន្តែ ផ្លូវភ្លោះ បំពាក់​ភ្លើង​បំភ្លឺ និង​មាន​សួនច្បារ​ចម្រុះ​ពណ៌​ជាច្រើន​ខ្សែ ឬ​ជា​ច្រើន​ទីតាំង​ទៀត ក៏​នឹង​ត្រូវ​បើក​ការ​រដ្ឋា​ន​ស្ថាបនា​អភិវឌ្ឍ​មូលដ្ឋាន ខេត្ត​ព្រះសីហនុ​ឲ្យបាន​កាន់តែ​ប្រសើរ​នា​ថ្ងៃ​អនាគត​។​

លោក​មាន​មោទនៈភាព​ថា ក្រោម​ការដឹកនាំ របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការផ្តល់​ទំនុកចិត្ត​ពី​សំណាក់​ប្រមុខ​ដឹកនាំ​ព្រមទាំង​ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ​គ្រប់​ស្ថាប័ន ដែល​ផ្តល់​ឱកាស​ដល់​រូបលោក បាន​មក​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ លោក​នឹង​ខិតខំ​នាំ​យក​ចំណេះដឹង និង​ចំណេះធ្វើ ដែល​មាន​ទាំង​ប៉ុន្មាន ពិសេស​នឹង​កែ​នគរ​ផ្នែក​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​វិស័យ​ឯកជន ឲ្យ​រួម​គ្នា​ជាមួយ​រដ្ឋបាល ខេត្ត​ព្រះសីហនុ ដើម្បី​ជម្រុញ​ឲ្យ​មូលដ្ឋាន​នេះ មាន​ការអភិវឌ្ឍ បាន​ប្រសើរ​ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ ដើម្បី​បំរើ​ស​សេចក្តីត្រូវការ របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ ឲ្យមាន​ភាព​កក់ក្តៅ និង​មាន​សុវត្ថិភាព​។​

​កាលពី​សប្តាហ៍​មុន​នេះ ប្រជាពលរដ្ឋ​ភូមិ​អុង ឃុំ​រាម ពិសេស​ភ្ញៀវទេសចរ បាន​រអ៊ូរទាំ​ថា ស្ពានដែក​ឆ្នេរសមុទ្រ​រាម អាច​ឆ្លងកាត់​ត្រឹម​អ្នកដំណើរ​ថ្មើជើង ម៉ូតូ និង​កង់​តែប៉ុណ្ណោះ ព្រោះ​កំរាល​ស្ពានដែក បាន​ពុកផុយ ឬ​ធ្លុះធ្លាយ​ស្ទើ​ទាំងស្រុ​ងអស់​ទៅហើយៗ​គ្មាន​ការជួសជុល​ទេ​។
​ប្រជាពលរដ្ឋ បាន​អះអាង​ថា ស្ពាន​ទ្រុឌទ្រោម​នេះ ក៏​ធ្លាប់​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ម៉ូតូ ឆ្លងកាត់​ជា​ច្រើន​ករណី​រួចមកហើយ​ដែរ ដោយ​កង់ ឬ​ម៉ូតូ បាន​បើក​ផុង​កំរាល​ស្ពាន ឬ​ធ្លាក់​កង់​ម៉ូតូ ស្ទើ​ធ្លាក់​ចូលទៅក្នុង​ទឹកសមុទ្រ ដោយសារ​សភាព​ទ្រុឌទ្រោម របស់​ស្ពានដែក ដែល​មិន​មាន​អាជ្ញាធរ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ស្ថាប័ន​ណាមួយ​ចេញមុខ​ជួសជុល​កន្លងមក​។ ពិសេស​ជាង​នេះ ស្ពានដែក សមុទ្រ​រាម​នេះ ក៏​ធ្លាប់​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀង​ទេសចរ ដែល​បើកបរ​ឆ្លងកាត់​ស្ពាន ដោយ​មិន​បានដឹងថា ស្ពាន​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ជាពិសេស​ការបើកបរ​នៅពេល​យប់ ដែល​មិន​មាន​ភ្លើង​បំភ្លឺ ហើយ​រថយន្ត​មិន​អាច​បើក​ឆ្លងកាត់​បាន​ដូច​ពេល​មុន​ទៀត​ទេ​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ជួយ​ជួសជុល ឬ​ស្ថាបនា​ស្ពានដែក​ឆ្លង​ដៃ​សមុទ្រ ឆ្នេរសមុទ្រ​រាម អោយបាន​ទាន់​ពេល ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ពី​ការធ្វើដំណើរ​ឆ្លងកាត់​ស្ពានដែក ដែល​មាន​សភាព​ទ្រុឌទ្រោម​នេះ​។​

​បន្ថែម​លើ​នេះ ភ្ញៀវ​ទេសចរ​មួយ​ក្រុម ដែល​បាន​នាំ​ក្រុម​គ្រួសារ​ប្រពន្ធ​កូន និង​សង្សា មក​កម្សាន្ត​តាម​ឆ្នេរសមុទ្រ​រាម នៅ​ថ្ងៃ​ឈប់សំរាក​ថ្ងៃបុណ្យ ៧​មករា ឆ្នាំ​២០១៨ ថ្លែងថា ពួកគេ​បិះ​នឹងត្រូវ​គ្រោះថ្នាក់​ផុង​កំរាល​ស្ពាន ដោយសារ​មិន​ដឹង​ថា​ស្ពានដែក​ឆ្លង​ដៃសមុទ្រ​ឆ្នេរ​រាម មិន​អាច​អោយ​រថយន្ត​បើក​ឆ្លងកាត់​បាន​នៅពេលនេះ​។​

​ត្រង់​ចំណុច​នេះ ទាំង​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ បាន​សំណូមពរ​ថា មុន​នឹង​ស្ពានដែក​ឆ្នេរសមុទ្រ​រាម​ទ្រុឌទ្រោម​នេះ ត្រូវ​ស្ថាបនា​ថ្មី​ឡើងវិញ​នាពេលខាងមុខ ពួកគេ​បាន​ស្នើ​ដល់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អោយ​ជួយ​ដាក់​ស្លាក​សញ្ញា​គ្រោះថ្នាក់ បញ្ជាក់​ពី​សភាព​ទ្រុឌទ្រោម របស់​ស្ពានដែក​ឆ្នេរសមុទ្រ​រាម ដើម្បី​ជា​សញ្ញា​សម្គាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ ព្រោះ​រាល់​ថ្ងៃនេះ មិន​មាន​ដាក់​សញ្ញា​បង្ហាញ​ពី​គ្រោះថ្នាក់​នេះ​ទេ​។

​ព័ត៌មាន​ជុំវិញ​ការត្រៀម​ស្ថាបនា​ស្ពាន​ឆ្នេរសមុទ្រ​រាម​ជាថ្មី​ឡើងវិញ​នេះ ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ និង​ភ្ញៀវទេសចរ បង្ហាញ​ការគាំទ្រ​ទៅលើ​សកម្មភាព​ដឹកនាំ របស់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​យកចិត្តទុកដាក់​ដល់​សុខទុក្ខ និង​ការលំបាក របស់​ប្រជាពលរដ្ឋ និង​ជម្រុញ​ការដឹកនាំ​ប្រទេស ឲ្យមាន​ការរីកចំរើន និង​មាន​សុខ​សន្តិភាព​រហូតមក​ដល់​សព្វថ្ងៃនេះ​។

​បន្ថែម​លើ​នេះ ភ្ញៀវទេសចរ និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ក៏​នឹង​ទន្ទឹង​រង់ចាំ​ស្ពាន​ថ្មី​ឆ្លង​ដៃ​សមុទ្រ នៃ​ឆ្នេរសមុទ្រ​រាម ឲ្យមាន​សុវត្ថិភាព​ឡើង​វិញ​នា​ថ្ងៃ​ខាងមុខ និង​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជួយ​ជម្រុញ​សកម្មភាព​ស្ថាបនា​ស្ពានដែក​សមុទ្រ​រាម ដែល​ចាស់​ទ្រុឌទ្រោម​នេះ ឲ្យបាន​ឆាប់ ដើម្បី​អាច​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ អាច​ធ្វើ​ដំណើ​របើក​ឆ្លងកាត់ ឲ្យមាន​សុវត្ថិភាព​ដូចដើម​ឡើងវិញ​៕ ដែន សីមា​

×