Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​វិនិយោគិន​ខេត្ត​ហ៊ូ​ណាន មើលឃើញ​ពី​សក្ដានុពល នៅ​ប្រទេស​កម្ពុជា​ច្រើនណាស់

​ភ្នំពេញ​៖ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​មានប្រសាសន៍ប្រាប់​ក្រុមអ្នកកាសែត​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន ឆ្នាំ​២០១៧ មាន​ទំហំ​ទឹកប្រាក់​ចំនួន ៥៥៧៧​លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ​២០១៨ មាន​កើនឡើង​រហូតដល់ ៦៦០០​លាន​ដុល្លារ ។ ចំពោះ​ទំហំ​ទឹកប្រាក់​វិនិយោគ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ១៦០០​លាន​ដុល្លារ ហើយ​ឆ្នាំ​២០១៨ មានការ​កើនឡើង​ទ្វេដង​រហូតដល់ ៣៥៩៤​លាន​ដុល្លារ​។

​នៅ​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានទទួល​ជួប​លោក ទូ ជា​ហោ សមាជិក​គណៈកម្មាធិកា​រម​ជ្ឈឹ​ម​បក្ស និង​ជា​លេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន ខេត្ត​ហ៊ូ​ណាន​។​

ក្រោយ​បញ្ចប់​ជំនួប​រវាង​លោក ប្រាក់ សុខុន និង​លោក ទូ ជិន​ហោ​មក​នោះ លោក កុយ គួ​ង បាន​ថ្លែងថា លោក ទូ ជិន​ហោ បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ​កម្ពុជា គ្រប់លំដាប់​ថ្នាក់ ដែល​បានទទួល​ស្វាគមន៍ ដោយ​ភាពកក់ក្ដៅ ក្នុង​ដំណើរ​ទស្សនកិច្ច របស់លោក មកកាន់​កម្ពុជា​នាពេល​នេះ ។ លោក​មក​កម្ពុជា​ពេលនេះ គឺ​នាំ​គណៈប្រតិភូ​ជាច្រើន ក្នុងនោះ​មាន​ក្រុមហ៊ុន​ធំៗ បានមក​សិក្សា និង​ពិនិត្យ​ពី​សក្ដានុពល​ផ្នែក​សេដ្ឋកិច្ច ដោយ​ផ្ដោត​សំខាន់​វិស័យ​ឧស្សាហកម្ម កសិកម្ម គ្រឿងយន្ត​ឧស្សាហកម្ម និង​កសិកម្ម ព្រមទាំង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ហើយ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នឹងមាន​ការរៀបចំ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង វិនិយោគ​រវាង វិនិយោគិន​មកពី​ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន និង​វិនិយោគិន​កម្ពុជា ក្នុង​ទំហំ​ទឹក ប្រាក់​វិនិយោគ​ប្រមាណ ១.៣០០​លាន​ដុល្លារ ។​

​បើតាម​លោក កុយ គួ​ង ៖ ខេត្ត​ហ៊ូ​ណាន ជា​ខេត្ត​ភាគ​កណ្ដាល ប្រទេស​ចិន ដែលមាន​ប្រជាជន​ប្រមាណ ៧៣​លាន​នាក់ និង​ផលទុន​សរុប​ក្នុង​ខេត្ត​នេះ​មាន​ប្រមាណ ៥៥.០០០​លាន​ដុល្លារ ។ វិនិយោគិន​ខេត្ត​ហ៊ូ​ណាន បាន​មើលឃើញ​ពី​សក្ដានុពល នៅ​ប្រទេស​កម្ពុជា​ច្រើនណាស់ ហើយ​អ្វីដែល​វិនិយោគិន​ទុកចិត្ត​ខ្លាំង​នោះ គឺ​កម្ពុ​ជាមាន​ស្ថេរភាព​នយោបាយ ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×